ជាតិ
សមាគមដឹកជញ្ជូនទេសចរ ថាតម្លៃតាក់ស៊ីព្រលានយន្តហោះសៀមរាបថ្មីមិនថ្លៃ​ទេ​​បើ​ប្រៀ​ប​​នឹង​ចម្ងាយ
19, Oct 2023 , 5:59 pm        
រូបភាព
 លោក គីម ផល្លី ប្រធានសមាគមអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(TTA)
លោក គីម ផល្លី ប្រធានសមាគមអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(TTA)
សៀមរាប៖ សមាគមដឹក ជញ្ជូនទេសចរ(TTA) បានចេញមុខមកការពារចំពោះ​ការ​កំណត់​តម្លៃ​សេវា​​ដឹកជញ្ជូនភ្ញៀវទេសចររបស់ខ្លួន ពីព្រលានយន្តហោះសៀមរាមអង្គរ ទៅ​មក​ទី​ក្រុងសៀមរាប ថាមិនមានតម្លៃខ្ពស់នោះទេ បើធៀបនឹងចម្ងាយរត់ពី​នោះ។ ​ ការឆ្លើយតបនេះ ​គឺបន្ទាប់ពីតម្លៃសេវាតាក់ស៊ី និងរថយន្តដែលសមាគមបានកំណត់នោះ ហាក់មានតម្លៃថ្លៃក្រោមក្រសែភ្នែក​របស់សាធារណជនខ្មែរ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងតិកតុក។

ជុំវិញករណីនេះ លោក គីម ផល្លី ប្រធានសមាគម TTA ពន្យល់ប្រាប់សារព័តមានថ្មីៗ តាមតេឡេក្រាមដូច្នេះថា ​៖ «យើង​អត់​មាន​អីចំណូលច្រើនទេ! បើគិតមើលទៅតម្លៃ៣៥ដុល្លារ វាថោកជាង ទៅបន្ទាយស្រីទៀត។ បន្ទាយស្រីតែ(ចម្ងាយពីក្រុង) ៣៧គីឡូទេ គេឱ្យរហូតដល់៤០ដុល្លារ។ ចំណែកឯ​ Airport (ព្រលានយន្តហោះ)ទៅមកជាង១០០គីឡូ អ៊ីចឹងតម្លៃ ៣៥ ដុល្លារហ្នឹង វាសមរម្យតែម្ដង»។
 
ដ្បិតតែប្រកាន់ខ្ជាប់faតម្លៃដែលសមាគមបានកំណត់ថាសមរម្យ​ក៏ពិតមែន ប៉ុន្តែ ​លោក ផល្លី អះអាងថាសមាគម ក៏មិនព្រងើយកន្តើយរពិចារណាលើការ​បញ្ចុះតម្លៃ​សេវា​នេះ​​​ដែរ ប្រសិនបើ​ទួល​បានការត្អូញត្អែរ​ចំពោះតម្លៃ​ពីទេសចរអន្តរជាតិនោះ។ ប៉ុន្តែជាក់ស្ដែង លោកថាតម្លៃនេះ ទេសចរបរទេសថា ជាតម្លៃសមរម្យទទួលយកបាន។ 
 
ក្រៅពីការពារចំពោះតម្លៃសេវាហើយនោះ ប្រធានសមាគនដឹកជញ្ជូនទេសចរដដែល ក៏បានលើកឡើងពីការគិតគូរលើសុវត្ថិភាពរបស់ទេសចរ ដែល​ធ្វើដំណើរចេញពីព្រលាននេះ អាកាសយានដ្ឋាននេះ តាមរយៈរថយន្តរបស់ខ្លួនដែរ ដោយមិនមានប្រើប្រាស់រ៉ឺម៉កកង់បីនោះទេ។ ​
 
​ទោះបីព្រលានយន្តហោះថ្មីនេះ កំណត់ឱ្យសមាគមដឹកជញ្ជូនដឹកបានតែរថយន្តក៏ដោយ ក៏អ្នកដឹកជញ្ជូនដទៃ ក៏អាចធ្វើដំណើរដឹកជញ្ជូនទៅកាន់ព្រលាននេះបានធម្មតា។ លោក គីម ផល្លី បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា ៖ «​អ្នកដឹកជញ្ជូនពីមជ្ឈដ្ឋានដទៃទៀត សណ្ឋាគារ ផ្ទះសំណាក់ Tour គាត់ប្រើតុកតុក នោះជាការទទួលខុសត្រូវរបស់ពួកគេទេ គឺគ្រាន់មកបង់ចូលតែថ្លៃព្រលានគេទៅ...»។ 
 
សូមរំឭកថា បន្ទាប់ពីបើកដំណើរការជាផ្លូវការ ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្ដល់សិទ្ធិដឹកជញ្ជូនភ្ញៀវពីព្រលានយន្តហោះ ចូលក្រុងសៀមរាប ទៅឱ្យសមាគមដឹក ជញ្ជូនទេសចរ។ តម្លៃសេវាតាក់ស៊ីរថយន្តធុនតូចតិចជាង៧កៅអី មានតម្លៃ៣៥ដុល្លារ និងតម្លៃ៤០ដុល្លារសម្រាប់ឡានក្រុងតូចពី៨កៅអីដល់១៥កៅអី ក្នុងមួយជើងៗ។  ចំណែកតម្លៃឡានក្រុងវិញ មានតម្លៃ៨ដុល្លារក្នុងមួយជើង និងតម្លៃ១៥ដុល្លារ សម្រាប់ការធ្វើដំណើរទៅនិងមក។
 
ចំពោះសេវាតាក់ស៊ីនេះ ស្ថិតក្រោមការគ្រប់គ្រង សមាគមអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(TTA) ដែលមានសមាជិក៣៣០នាក់។ សមាគមនេះ ជាសមាគមដែលទទួលបានសិទ្ធិដឹកជញ្ជូនទេសចរពីព្រលានយន្តហោះចាស់ ពោលគឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ចំណែកសេវាឡានក្រុងវិញ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន នៃអាកាសយានដ្ឋាននេះ។ 
 
​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (AIAI)។ ព្រលាននេះ មានចម្ងាយ៥១គីឡួម៉ែត្រពីក្រុងសៀមរាប ស្ថិតក្នុងភូមិតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រលានយន្តហោះ វិនិយោគដោយវិនិយោគគិនចិននេះ ក្រោមទំហំទឹកប្រាក់មួយពាន់លានដុល្លារ ស្ថិតលើផ្ទៃដី៧០០ហិកតា៕ 
 

Tag:
 ThmeyThmey
  អាកាសយានដ្ឋានសៀមរាបអង្គរ
  តម្លៃតាក់ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com