ជាតិ
ពន្យល់ពាក្យ លាក់, លក្ខ, ល័ក្ខ, លក្ខណ៍​, លក្ស​, លក្សណ៍, លក្ស្មណ៍, ល័ក្ត..
22, Oct 2023 , 7:29 am        
រូបភាព
លាក់, លក្ខ, ល័ក្ខ, លក្ខណ៍​, លក្ស​, លក្សណ៍, លក្ស្មណ៍ និងល័ក្ត ជាដើម សុទ្ធតែជាសទិសសព្ទ ដែលអាន​ថា «លាក់»។ សារព័ត៌មានឌីជីថល​​ថ្មីៗ សូម​លើកយកពាក្យទាំងនេះ មក​ពន្យល់ ដោយ​ដោយស្រង់​តាម​វចនានុក្រម​ខ្មែរ​២០២២ របស់​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យ​សភាកម្ពុជា។

 
-«លាក់» ជាកិរិយាសព្ទ ដែលមានន័យ​ពីរ​យ៉ាងគឺ ធ្វើឱ្យមានគន្លាក់ :  លាក់ឈើ។ បិទបាំង, បំបាំងឬទុកមិនឱ្យគេឃើញ មិនឱ្យគេដឹង :  លាក់របស់, លាក់ខ្លួន, លាក់ពុត។  
 
«លាក់» មានកូនពាក្យ​ដូចជា លាក់កំណួច, លាក់ពុត, លាក់កល​ល្បិច។ សំនួន​វោហារ «លាក់​បាំងអ្វី»ដែលជា​ពាក្យសម្រាប់និយាយផ្ដើមប្រាប់សេចក្ដីទៀងត្រង់មិនលាក់មិនបំបាំង :  លាក់បាំងអ្វី ខ្ញុំសព្វថ្ងៃនេះទ័លក្រណាស់បានជាមករកខ្ចីប្រាក់អ្នក។  «លាក់លៀប» ឬ «លាក់​លៀម» ដែលមានន័យថា លាក់ក្បិតក្បៀតទុកសំចៃ ឬលាក់ទុកនៅកៀនកោះ។  «លាក់សុំ» គឺ​លាក់ទុកត្រដក់ត្រសុំ។  
 
-«លក្ខ» [សូរអាន ល័ក-ខៈ] , «ល័ក្ខ» ឬ «លក្ស» ជានាមសព្ទ​ដែលមានន័យថា កំណត់; ទីសម្គាល់, គ្រឿងចំណាំ; ចន្លោង; គ្រឿងកំណត់រាប់, ខ្នាត, ទីវ; បុណ្យ, បុណ្យភ័ព្វ, សំណាង។  ន័យ​មួយទៀតគឺ​ចំនួនសែន, មួយសែន (១០០ ០០០)។ 
 
លក្ខមូល គឺ​តម្លៃមួយសែន (ហៅ អនេកត្ថសំខ្យា)។  លក្ខខណ្ឌ គឺកម្រិត; សង្កាត់, ប៉ែកដោយឡែក; កំណត់គោល; ព្រំ :  ទីមានល័ក្ខខ័ណ្ឌ, សម្ដីមានល័ក្ខខ័ណ្ឌ, ត្រូវធ្វើលក្ខខណ្ឌឱ្យទៀងទាត់។  
 
-លក្ខណ, លក្ខណៈ [សូរអាន ល័ក-ខៈ ឬ ល័ក-ខៈ-ណៈ], លក្ខណ៍, ល័ក្សណ៍ ឬ លក្សណ៍ ជា​គ្រឿងសម្គាល់, គ្រឿងចំណាំ; គ្រឿងសង្កេតនាខ្លួនប្រាណ ចង្អុលឱ្យឃើញច្បាស់ថាមានភ័ព្វឬឥតភ័ព្វ; គុណសម្បត្តិ :  លក្ខណៈមានបុណ្យ, លក្ខណៈឥតបុណ្យ; ហោរទាយលក្ខណៈ។  
 
លក្ខណការណ៍ ឬលក្ខណ​ហេតុ ជាហេតុឬការណ៍ ដែលប្រកបដោយលក្ខណៈ, ដែលត្រូវលក្ខណៈ។ លក្ខណញ្ញូ គឺ​អ្នកស្គាល់លក្ខណៈ; ហោរ។  លក្ខណប្បញ្ញត្តិ គឺបញ្ញត្តិតាមលក្ខណៈច្បាប់។ មនុស្សខាតលក្ខណ៍ គឺមនុស្សមានលក្ខណៈអភ័ព្វឬមានឫកពាថោក។  ស្ត្រីគ្រប់លក្ខណ៍ ជា​ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ។ល។  (សរសេរជា ល័ក្ខណ៍ លក្សណ៍ឬល័ក្សណ៍ ក៏បាន)។
 
-លក្ស្មណៈ [សូរអានល័ក-ស្មៈ ឬ ល័ក-ស្មៈ-ណៈ] ឬ លក្ស្មណ៍ ជានាមព្រះអនុជរបស់ព្រះរាមជាព្រះរាជបុត្រនៃព្រះបាទទសរថនិងនាងសុមិត្រាទេវី:  ព្រះរាម និងព្រះលក្ស្មណ៍។ (សរសេរឃ្លាតក្លាយជា លក្ខណ៍ឬលក្សណ៍ ក៏មាន, គួរកុំប្រើ) ។
 
-ល័ក្ដ ជាជ័រខះរឹងកើតអំពីសត្វល្អិតពួកមួយ មានសម្បុរក្រហម សម្រាប់ប្រើការជ្រលក់សូត្រ អម្បោះជាដើម :  ល័ក្ដស្រម៉។  ន័យមួយឬទៀតគឺ ផង់ល្អិតឬកករឹងជាដុំមានព័ណ៌ផ្សេងៗ សម្រាប់ប្រើជាគ្រឿងជ្រលក់ :  ល័ក្ដខៀវ, ល័ក្ដបៃតង, ល័ក្ដស្វាយ, ល័ក្ដលឿងទុំ ...។  
 
កាកល័ក្ដ គឺកាករបស់ល័ក្ដស្រម៉ ដែលស្ងោររំងាស់អស់ជាតិហើយ, សម្រាប់ប្រើការបិទឬភ្ជ័រភ្ជាប់អ្វីផ្សេងៗ។  ចងល័ក្ដ
មានន័យ​ថាយកស្រម៉ល័ក្ដដែលនៅមានសត្វល្អិតជាមេ ដាក់ក្នុងសំបកកាតំស្លឹកត្នោតជាដើមចងភ្ជាប់នឹងឈើរស់មានដើមសង្កែ, ត្រាង, ស្នួលជាដើម ដើម្បីឱ្យមេនោះចេញមកវាររោមមែកឈើ កកើតបានជាស្រម៉ល័ក្ខតទៅទៀត :  របរចងល័ក្ដ។  ល័ក្ដជុំកន្លង់ គឺ​ស្រម៉ល័ក្ដដែលដុះព័ទ្ធស្រោបរុំជុំវិញមែកឈើ។  
 
«ល័ក្ដ» ក៏ជាឈ្មោះឈើឬដំណាំដែលមានសម្បុរដូចល័ក្ដស្រម៉ :  ចេកល័ក្ដ ម្ទេសល័ក្ដ ...៕
 

© រក្សាសិទ្ធិដោយ thmeythmey.com