កីឡាជាតិ
ជាតិ
ជនមានពិការភាព មានមុខមាត់ក្នុងសង្គម តាមរយៈអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា
20, Oct 2023 , 6:59 pm        
រូបភាព
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) មានសុទិដ្ឋិនិយមថា ការចូលរួមប្រកួតកីឡា និងជ័យជម្នះរបស់អត្ដពលិកកម្ពុជា លើឆាកអន្ដរជាតិ បានធ្វើឲ្យកម្ពុជា ស្មើមុខមាត់ និងមានឈ្មោះល្បីល្បាយ លើពិភពលោក។ អគ្គលេខាធិការរូបនេះ យល់ឃើញថា តាមរយៈអត្តពលិកប៉ារ៉ាឡាំពិក ជនមានពិការភាពកម្ពុជាចាប់ផ្តើមមានមុខមាត់ និងទទួលបានការគោរពក្នុងសង្គម។



មុនពេលចេញដំណើរចូលរួមជាប្រតិភូដឹកនាំអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក យី វាសនា បានលើកសរសើរពីសមិទ្ធផលរបស់អត្តពលិកជនពិការកម្ពុជា ដែលតែងតែដណ្តើមបានមេដាយ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា តាមរយៈជ័យលាភី និងការប្រកួតរបស់អ្នកទាំងនោះ បានធ្វើឲ្យអន្ដរជាតិស្គាល់កម្ពុជា ជាពិសេសវត្តមានរបស់អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ធ្វើឲ្យបរទេស ដឹងថាកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ ដល់ជនពិការ ឲ្យមានសិទ្ធិស្មើគ្នា ក្នុងសកម្មភាពសង្គម សកម្មភាពកីឡា និងកិច្ចការនានា។
 
មិនត្រឹម ជួយផ្សព្វផ្សាយពីកម្ពុជាឡើយ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាឆ្នើមៗ ក៏បានធ្វើឱ្យសង្គមកាន់តែទទួលស្គាល់ជនមានពិការភាព និងមានការគោរពដល់ពួកគេខ្លាំងឡើង ហើយជនមានពិការភាពខ្លួនឯងចាប់ផ្តើមស្គាល់ពិភពខាងក្រៅ និងកើនការយល់ដឹង។
 
«កម្ពុជា បានចូលរួមក្នុងការប្រកួត ហើយជាប្រទេសមួយ ស្មើមុខ ស្មើមាត់ជាមួយបណ្ដាលប្រទេសដទៃទៀត ធ្វើឲ្យកិត្តិស័ព្ទ កិត្តិនាមរបស់ប្រទេសយើង បានល្បីល្បាញ។ ប្រទេសកម្ពុជា យកចិត្តទុកដាក់ខ្ពស់ លើបងប្អូនមានពិការភាព។ បច្ចុប្បន្ន បងប្អូន មានពិការភាព មានមុខមានមាត់នៅគ្រប់ទីកន្លែង នៅក្នុងសង្គមក្ដី ការចូលរួមប្រកួត ការចូលរួមសន្និសីទ ហើយនិងការចូលរួមកិច្ចប្រជុំផ្សេងៗទៀត ជាខ្នាតអន្ដរជាតិ។ តាមរយៈកីឡាប៉ារ៉ាឡាំពិក នាំបងប្អូនជនពិការយើង ទៅកាន់ពិភពខាងក្រៅ កាន់តែយល់ដឹង គេក៏យល់ដឹង បានបទពិសោធន៍រៀងៗខ្លួន ហើយស្គាល់កម្ពុជា កាន់តែច្បាស់ថាកម្ពុជា នៅទីណា ហើយកម្ពុជា មានកិត្តិស័ព្ទ កិត្តនាមយ៉ាងមិច។ តាមរយៈកីឡានេះ កម្ពុជា មានឈ្មោះល្បីល្បាញ ដែរ ព្រោះតែងឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ជាប្រចាំមិនដែរខាន។ »។ លោក យី វាសនា បាននិយាយដូច្នេះ។
 
កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នឹងធ្វើពិធីបើកនៅថ្ងៃទី២២ ខែតុលា ហើយបិទនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ កម្ពុជា បានបញ្ជូនអត្ដពលិក ២៤នាក់ ប្រកួតលើ៦ ប្រភេទកីឡា មានដូចជា អត្តពលកម្ម, ហែលទឹក, វាយកូនឃ្លីលើតុ, វាយសី, បាល់ទះអង្គុយ និងបាល់បោះជិះរទេះ។
 
ដោយឡែក មុនថ្ងៃ នៃពិធីបើព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ គឺថ្ងៃទី២១ ខែតុលា ព្រឹក ម៉ោង ៨:០០ នៅទីក្រុង Hangzhou គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នឹងធ្វើពិធីស្វាគមន៍ ប្រតិភូកីឡាកម្ពុជា ដោយការគោរពភ្លេងជាតិ និងទង់ជាតិរបស់កម្ពុជា៕
 

Tag:
 យី វាសនា
  អាស៊ីប៉ារ៉ាហ្គេម
  Asian Para Games
© រក្សាសិទ្ធិដោយ thmeythmey.com