ជាតិ
វីដេអូ
ទស្សនាទិដ្ឋភាពពិតៗ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅប្រាសាទបាយ័ន
22, Oct 2023 , 11:59 am        
រូបភាព
ភ្នំពេញ៖ កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបាយ័ន ជាបេះដូងនៃរាជធានីអង្គរធំ។ សំណង់ស្ថាបត្យកម្មដ៏ស្គឹមស្គៃដែលមានទម្រង់ជាប្រាសាទភ្នំនេះមានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗមានរូបចម្លាក់ព្រះពោធិសត្វលោកេសូរ។ រីឯនៅច្រកចូលទាំងបួនទិស នៃប្រាសាទដ៏មហិមានេះ មានចម្លាក់អំពីការធ្វើសឹកសង្គ្រាម ជីវភាពប្រជាជន ការព្យាបាលអ្នកជំងឺ និងរឿងរ៉ាវជាច្រើនទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី៧។ 

 
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
 
 
ប្រាសាទបាយ័ន ត្រូវបានសាងសង់ឡើងនៅក្នុងរាជ្យនៃ ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទបាយ័ន ជាបេះដូងនៃរាជធានីអង្គរធំ។ ប្រាសាទបាយ័ន មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា និងមានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រះពោធិសត្វលោកេសូរ។ សម្រាប់ ច្រកចូលទាំងបួនទិសនៃប្រាសាទបាយ័ន មានចម្លាក់អំពីចម្បាំងខ្មែរ-ចាម, ចម្បាំងក្នុងស្រុក, សង្រ្គាមជើងទឹក, ជីវភាពប្រជាជន, ការព្យាបាលអ្នកជំងឺ, និងរឿងរ៉ាវទាក់ទងព្រះបាទជ័យវរ្ម័នទី៧ ជាច្រើន។
 
ចំពោះចម្លាក់នៅស្លាបទិសខាងត្បូងមួយភាគធំ មិនទាន់បានឆ្លាក់ចប់សព្វគ្រប់នៅឡើយ។ ចម្លាក់នៅរោងទងនេះ យើងអាចយល់បានថាជាការពិព័ណ៌នា អំពីក្បូនដង្ហែកងទ័ពខ្មែរ។ ការទស្សនាពីឆ្វេងទៅស្តាំ អំពីដំណើររបស់កងទ័ពខ្មែរមានកងថ្មើរជើង កងទ័ពជិះសេះ ជិះដំរី ប្រដាប់អាវុធរបស់ខ្មែរពីស្នាធម្មតា ទៅជាស្នាយន្ត។ ស្នាយន្តត្រូវបញ្ជា ដោយទាហានពីរនាក់ ហើយបំពាក់លើដំរី ឬលើរទេះអូស។ 
 
ប្រិយមិត្តអាចមកទស្សនាបាននូវចម្លាក់ នៅតាមជញ្ចាំងដែលបានរៀបរាប់ ពីជីវភាពរបស់ប្រជាជននាសម័យកាលនោះផងដែរ៕
 







Tag:
 ThmeyThmey
 ប្រាសាទបាយ័ន
  ចម្លាក់
© រក្សាសិទ្ធិដោយ thmeythmey.com