កីឡាអន្តរជាតិ
អន្តរជាតិ
អាស៊ីប៉ារ៉ាហ្គេម៖ ក្រុមបាល់ទះអង្គុយកម្ពុជា ចាញ់ កាហ្សាក់ស្ថាន នៅជំនួបបើកឆាក
24, Oct 2023 , 10:51 am        
រូបភាព
អត្ដពលិកប៉ារ៉ាឡាំពិកបាល់ទះអង្គុយកម្ពុជា ពាក់អាវក្រហម ប្រកួតជាមួយ កាហ្សាក់ស្ថាន រូបពីក្រសួងព័ត៌មាន
អត្ដពលិកប៉ារ៉ាឡាំពិកបាល់ទះអង្គុយកម្ពុជា ពាក់អាវក្រហម ប្រកួតជាមួយ កាហ្សាក់ស្ថាន រូបពីក្រសួងព័ត៌មាន
អត្ដពលិកបាល់ទះអង្គុយបុរសកម្ពុជា ចាញ់កាហ្សាក់ស្ថាន ៣-០ សិត (២៥-១២, ២៥-២២ ២៥-១៦) ក្នុងជំនួបបើកឆាកពូល B ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ (4th Asian Para Games) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន។ កម្ពុជា បន្តជួប ថៃ នៅថ្ងៃទី២៤ ខែតុលា វេលាម៉ោង ៧ យប់។



វិញ្ញាសាបាល់ទះអង្គុយ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ មាន ៨ប្រទេសចូលរួម និងចែកចេញជា ២ពូល។ ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើវិញ្ញាសាកីឡាបាល់ទះអង្គុយ ស្ថិតក្នុងពូល B ជាមួយ អ៊ីរ៉ង, កាហ្សាក់ស្ថាន និង ថៃ។ រីឯម្ចាស់ផ្ទះ ចិន នៅពូល A ជាមួយកូរ៉េខាងត្បូង, ជប៉ុន និងមីយ៉ាន់ម៉ា។ 
 
សម្រាប់ការប្រកួតដំបូងលើវិញ្ញាសានេះ អត្ដពលិក កម្ពុជា បានចាញ់ កាហ្សាក់ស្ថាន ទាំង ៣ សិត។ ក្នុងការជួបជាមួយ កាហ្សាក់ស្ថាន ជាម្ចាស់មេដាយសំរិទ្ធ ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៣ ឆ្នាំ២០១៨ អត្ដពលិកកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អ បើទោះជាបរាជ័យក៏ដោយ។ សិតទី១ កម្ពុជា ចាញ់ ២៥-១២ ប៉ុន្ដែ សិតទី២ កម្ពុជា មានពិន្ទុប្រដេញប្រកៀកប្រកិត ដោយចាញ់ត្រឹមតែលទ្ធផល ២៥-២២ និងសិតទី៣ ចាញ់ ២៥-១៦។
 
កម្ពុជា នឹងត្រូវជួបជាមួយ ក្រុមថៃ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅម៉ោង ៧:០០ យប់។ នេះ ជាឱកាសសម្រាប់កម្ពុជា ក្នុងការប្រកួតសងសឹកជាមួយ ក្រុមថៃ ដែលបានយកឈ្នះ អំឡុងពេលអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយលទ្ធផល ៣សិត ទល់ ១សិត។ លទ្ធផល ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺសិតទីមួយ កម្ពុជា ឈ្នះ ២៥-២២, សិតទីពីរ កម្ពុជា ចាញ់ ២៥-២១, សិតទីបី ចាញ់ ២៥-២០ និងសិតទីបួន កម្ពុជា ចាញ់ ២៥-១៣។ 
 
នៅថ្ងៃទី២៥ ខែតុលា ម៉ោង៧យប់ កម្ពុជា ត្រូវប្រកួតជាមួយ អ៊ីរ៉ង ដែលជាម្ចាស់មេដាយមាស អាស៊ីប៉ារ៉ាហ្គេម លើកទី៣ ឆ្នាំ២០១៨៕
 

Tag:
 អាស៊ីប៉ារ៉ាហ្គេម
  Asian Para Game
© រក្សាសិទ្ធិដោយ thmeythmey.com