ជាតិ
សង្គមជាតិ
ជប៉ុន ផ្តល់ជំនួយជិត១០លានដុល្លារ ឱ្យកម្ពុជាសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប លោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក MIKAMI Masahiro អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពេលទស្សនកិច្ចស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប(CORS) ដែលសាងសង់នៅបរិវេណទីស្តីការក្រសួងដែនដី កាលពីខែតុលា ឆ្នាំ២០២២។
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ១ ៣៣៨លានយ៉េន ឬប្រមាណ ៩.៧លានដុល្លារអាម៉េរិក ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសម្រាប់ការសាងសង់បណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៤តុលានេះ។
ពិធីចុះហត្ថលេខាលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា រវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
បើតាមក្រសួងការបរទេស គម្រោងដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប នេះ មានគោលដៅជូយពន្លឿនការអនុវត្តវាស់វែងសុរិយោដី ពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធ និងការចុះបញ្ជីដីធ្លី ក៏ដូចជាចូលរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។
សម្រាប់ក្រសួងការបរទេសកម្ពុជា ការផ្តល់ហិរញ្ញប្បទាននេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់រជប៉ុន ក្នុងការជួយដល់កចិ្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំង២ ដែលកំពុងប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ ក្រសួងការបរទេសកម្ពុជាបន្ថែមដូច្នេះ៕
Tag:
ស្ថានីយវាស់វែង
ដីធ្លី
សុរិយោដី
ការចុះបញ្ជីដីធ្លី
ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com