ជាតិ
សង្គមជាតិ
ក្រសួងអប់រំ ហាមសិស្សប្រើទូរសព្ទក្នុងម៉ោងរៀន បើមិនពាក់ព័ន្ធការសិក្សា ការសិក្សា និងស្រាវជ្រាវនៅបណ្ណាល័យ របស់សិស្សនៃអនុវិទ្យាល័យអន្លងត្នោត ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ credit
× ភ្នំពេញ៖ គ្រូបង្រៀន មានសិទ្ធិហាមសិស្សមិនឱ្យប្រើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក នៅក្នុងថ្នាក់រៀន ឬម៉ោងរៀន ពិសេសការប្រើប្រាស់បណ្តាញសង្គម និងការលេងហ្គេម ប្រសិនមិនពាក់ព័ន្ធនឹងការសិក្សា។ វិធានការនេះគឺដើម្បីពង្រឹងវិន័យ និង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ក្នុងបរិវេណគ្រឹះស្ថាន សិក្សាសាធារណៈ ក្នុងបរិបទដែលកម្ពុជាកំពុងជំរុញការអប់រំឌីជីថល។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៤ តុលា។
ក្នុងសេចក្តីណែនាំដដែល លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានប្រាប់ឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវណែនាំជាប្រចាំអំពីវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាដល់សិស្ស ពាក់ព័ន្ធនឹងការប្រើទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិក ចៀសវាងការប្រើប្រាស់ខុសគោលដៅ ហើយនាំឱ្យខាត ឬរំខានដល់ការសិក្សា។ ទន្ទឹមនឹងនេះ ក្រសួងលើកទឹកចិត្តឱ្យ ឱ្យមានការបង្កើត និងអនុវត្តន៍ការអប់រំ ក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមុខវិជ្ជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការសិក្សារបស់សិស្សផងដែរ។
ក្រសួងអប់រំ ក៏បានទទូចឱ្យមាតាបិតា និងអាណាព្យាបាល ត្រូវចូលរួម តាមដានការប្រើប្រាស់ទូរសព្ទរបស់កូនចៅផងដែរ ដើម្បីជំរុញប្រសិទ្ធភាពនៃការប្រើប្រាស់ទូរសព្ទដៃនោះឱ្យស្របតាមគោលបំណងនៃការអប់រំ ។ ជាមួយគ្នានេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ការិយាល័យអប់រំ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឱ្យមានកិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យមត់ចត់៕
Tag:
អប់រំ
ការប្រើទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com