កីឡាជាតិ
ជាតិ
ក្រុមបាល់បោះជិះរទេះនារីកម្ពុជា ត្រូវការឈ្នះថៃ ដើម្បីឱកាសដណ្តើមមេដាយសំរឹទ្ធ អាស៊ីប៉ារ៉ាហ្គេម
25, Oct 2023 , 2:32 pm        
រូបភាព
ការប្រកួតរវាងអត្ដពលិកបាល់បោះជិះរទេះកម្ពុជា និងថៃ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២
ការប្រកួតរវាងអត្ដពលិកបាល់បោះជិះរទេះកម្ពុជា និងថៃ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២
អត្ដពលិកបាល់បោះជិះរទេះប៉ារ៉ាឡាំពិកនារីកម្ពុជា ត្រូវប្រកួតជាមួយក្រុមថៃ វិញ្ញាសា ៥ទល់៥ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ (4th Asian Para Games) នៅទីក្រុង Hangzhou ប្រទេសចិន នារសៀលម៉ោង ៤:១៥ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្រុមកម្ពុជា ត្រូវការឈ្នះថៃដាច់ខាតនៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុនេះ ដើម្បីអាចមានឱកាសឆ្លងទៅដណ្តើមមេដាយសំរឹទ្ធ។



លើវិញ្ញាសាបាល់បោះជិះរទេះ ៥ទល់៥ នារី អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា មិនធ្លាប់ឈ្នះថៃ ទេ ប៉ុន្ដែ សម្រាប់វិញ្ញាសា ៣ទល់៣ កម្ពុជា បានយកឈ្នះថៃ នៅវគ្គដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។
 
ដោយឡែក ក្រុមទាំង២ ត្រូវជួបគ្នាម្ដងទៀត លើវិញ្ញាសា ៥ទល់៥ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤។ បើទោះជាកម្ពុជា បាត់បង់ឱកាសក្នុងការដណ្ដើមមេដាយមាស និងប្រាក់ ប៉ុន្ដែ នៅសល់ឱកាសតិចតួចបំផុត ក្នុងការឡើងទៅប្រកួតយកមេដាយសំរឹទ្ធ។ អ្វី ដែលសំខាន់ គឺត្រូវយកឈ្នះក្រុមថៃ ជាមុនសិន ទើបអាចមានឱកាសគិតពីគ្រាប់បាល់ និងកត្ដាផ្សេងទៀត ក្នុងការឡើងទៅដណ្ដើមមេដាយសំរិទ្ធ។ 
 
គួរបញ្ជាក់ផងដែរថា វិញ្ញាសាកីឡាបាល់បោះជិះរទេះ ផ្នែកនារី ៥ទល់៥ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ក្នុងហាងចូវ ឆ្នាំ២០២៣ មាន៦ប្រទេសចូលរួមប្រជែងមេដាយ ក្នុងនោះមាន ម្ចាស់ផ្ទះចិន កម្ពុជា ឡាវ ថៃ ជប៉ុន និងអ៊ីរ៉ង់។ កម្ពុជា ឆ្លងកាត់ ៤ប្រកួត ដោយឈ្នះ១ និងចាញ់៣។ កម្ពុជា ឈ្នះឡាវ លទ្ធផល ៦៥-៣៥, ចាញ់ជប៉ុន ៨៨-១៨, ចាញ់ចិន ៨៨-២៨ និងចាញ់ អ៊ីរ៉ង់ ទាំងលទ្ធផលប្រកៀកប្រកិត ៤៧-៤២។ 
 
កម្ពុជា នៅចំណាត់ថ្នាក់ទី៥ មាន៥ពិន្ទុ តាមពីក្រោយអ៉ីរ៉ង់ និងថៃ ដែលមាន៦ពិន្ទុ ឈរលេខ៤ និងលេខ៣។ ម្ចាស់ផ្ទះចិន នៅកំពូលតារាងមាន៨ពិន្ទុ ឯជប៉ុននៅលេខ២ មាន៧ពិន្ទុ ខណៈក្រុមទាំងពីរនេះ ត្រូវបានគេជឿជាក់ថា នឹងឈានទៅដណ្តើមមេដាយមាស។ ឡាវនៅបាតតារាងមាន៤ពិន្ទុ នៅសល់ឱកាសប្រជែងយកលេខ៥ប៉ុណ្ណោះ។
 
ប្រកួតចុងក្រោយវគ្គសន្សំពិន្ទុ កម្ពុជា ជួបថៃ ជប៉ុន ប៉ះឡាវ ស្របពេល ចិន តទល់អ៊ីរ៉ង់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 បាល់បោះជិះរទេះ
  Asian Para Games
© រក្សាសិទ្ធិដោយ thmeythmey.com