ជាតិ
ប្រាសាទព្រះខ័ន ព័ទ្ធជុំវិញដោយដើមឈើធំៗ និងមានសំណង់អាគារប្លែក
29, Oct 2023 , 9:30 am        
រូបភាព
សៀមរាប៖ ប្រាសាទព្រះខ័ន មានដើមឈើធំៗជាច្រើន ដែលដុះក្នុងប្រាសាទ។ អតីតរាជធានីជ័យស្រីនេះ ព័ទ្ធជុំវិញដោយព្រៃព្រឹក្សា និងសំឡេងសត្វកងរំពង។ លើសពីនេះ ប្រាសាទព្រះខ័ន មានសំណង់អាគារកម្ពស់២ជាន់ ដែលត្រូវបានអ្នកស្រាវជ្រាវបកស្រាយផ្សេងៗគ្នា។



ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដោយព្រះបាទជ័យវម៌្មទី៧ (ជ័យវរ្ម័នទី៧)  ក្រោយព្រះអង្គបានវាយឈ្នះទ័ពចាម នៅចុងសតវត្សរ៍ទី១២ ក្នុងឆ្នាំ១១៩១។ ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរ បានកាន់លទ្ធិព្រះពុទ្ធសាសនាមហាយាន។ 
 
ប្រាសាទ​ព្រះខ័ន​ មានប្លង់​រាង​ចតុកោណកែង ​ ដែលមានបណ្ដោយ​៨០០​ម៉ែត្រ​ ​និង​ទទឹង​៧០០​ម៉ែត្រ។ ប្រាសាទនេះ មានកំពែង៤ជាន់ និងមានគោបុរៈ (ខ្លោងទ្វារ) ប្រាសាទតាមទិសទាំង៤។ នៅសងខាងគោបុរៈទាំង៤ មានរូបចម្លាក់ «គ្រុឌ» ជាន់នាគ ដែលត្រូវបានឆ្លាក់ជាប់កំពែងប្រាសាទ។ 
 

លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ បានបញ្ជាក់ថា ប្រាសាទព្រះខ័ន មានឈ្មោះដើមថា «ជ័យស្រី»។ ប្រាសាទព្រះខ័ន ជាអតីតរាជធានីជ័យស្រី ក្រោយព្រះបាទជ័យវរ្ម័នទី៧ បានយកឈ្នះទ័ពចាម។ ប្រាសាទនេះ ជាការរម្លឹកដល់ជ័យជម្នះរបស់ព្រះអង្គ។ 
 
ប្រាសាទព្រះខ័ន មិនត្រឹមតែជាប្រាសាទសម្រាប់ឧទ្ទិសជូនព្រះបិតានោះទេ។  ប្រាសាទព្រះខ័ន ជាអតីតរាជធានីសំខាន់មួយរបស់ព្រះបាទជ័យវរ្ម័នទី៧ នាពេលព្រះអង្គទៅជួសជុលក្រុងអង្គរធំឡើងវិញ ដែលធ្លាប់ត្រូវបានដុតបំផ្លាញដោយកងទ័ពចាម។​ ព្រះបាទជ័យវរ្ម័នទី៧ បានកសាងកំពែងក្រុងអង្គរធំ មុននឹងព្រះអង្គ កសាងប្រាសាទបាយ័ន។ 
 
ក្រោយពេលព្រះបាទជ័យវរ្ម័នទី៧ បានយាងទៅតាំងរាជធានីនៅក្រុងអង្គរធំវិញ ប្រាសាទព្រះខ័ន ត្រូវបានប្រើប្រាស់ក្នុងវិស័យបណ្ដុះបណ្ដាល និងសាសនា។
 
preah khan temple

«ប្រាសាទនេះ ត្រូវបានប្ដូរទៅជាសាកលវិទ្យាល័យធំមួយ សម្រាប់បណ្ដុះបណ្ដាលពុទ្ធសាសនិក។ ព្រះជាយារបស់ព្រះបាទជ័យវរ្ម័នទី៧ ជាទស្សនៈវិទូ។» នេះជាការបញ្ជាក់របស់លោក ជា សារិទ្ធ។
 
ព្រះបាទជ័យវរ្ម័នទី៧ បានប្ដូរពីព្រហ្មសាសនា មកព្រះពុទ្ធសាសនាមហាយាន។ បើតាម លោក ជា សារិទ្ធ ដើម្បីបង្រួបបង្រួមសាសនា ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់រូប «គ្រុឌ» នៅតាមកំពែងប្រាសាទ ដែលជាជំនិះរបស់ព្រះវិស្ណុ តំណាងឱ្យព្រហ្មសាសនា។ ព្រះអង្គ គោរពពុទ្ធសាសនាក៏ពិតមែន ប៉ុន្តែ​ព្រះអង្គ បន្តផ្សារភ្ជាប់ព្រហ្មញសាសនា ដោយមិនលុបបំបាត់ទាំងស្រុងនោះទេ។ 
 
«រូបគ្រុឌ ដែលព្រះអង្គបង្ហាញ នៅកំពែងប្រាសាទព្រះខ័ន ក៏តំណាងឱ្យភាពខ្លាំង និងរឹងមាំ ក្រោយវាយឈ្នះទ័ពចាម។ » លោក ជា សារិទ្ធ ថ្លែងដូច្នេះ ដោយបន្តថា រូបគ្រុឌមាននាគនៅខាងក្រោម និងរូបព្រះពុទ្ធ នៅខាងលើ ជាការផ្សះផ្សារសាសនានាពេលនោះ។ 
 
នៅតាមផ្លូវចូលប្រាសាទព្រះខ័ន ផ្នែកខាងកើត រូបគោលព្រះពុទ្ធប្រមាណ១០០ដើម ត្រូវបានធ្វើសងខាងផ្លូវចូល មុននឹងដល់គោបុរៈ។ រូបគោលព្រះពុទ្ធនេះ មានឆ្លាក់រូបព្រះពុទ្ធ ជុំវិញ ដែលបង្ហាញថា សម័យរបស់ព្រះបាទជ័យវរ្ម័នទី៧ យកសាសនាព្រះពុទ្ធនិកាយ មហាយាន ជាសាសនាគោល។
 
បច្ចុប្បន្ន រូបសសរគោលព្រះពុទ្ធទាំងនេះ ត្រូវបានគេបំផ្លាញចោល ប៉ុន្តែនៅមានរូបមួយ មានសភាពស្អាតនៅឡើយ។ បុរាណវិទូ ជា សារិទ្ធ បានអះអាងថា មូលហេតុសំខាន់ នៃការបំផ្លាញនេះ ដោយសារការប្ដូរសាសនា ក្នុងរាជ្យស្ដេចក្រោយមក។ 
 
«ក្នុងរាជ្យបន្ទាប់​ពីព្រះបាទជ័យវរ្ម័នទី៧ គេប្ដូរទៅជា ព្រហ្មញសាសនាវិញ។ អ៊ីចឹង ប្រាសាទនេះ ត្រូវបានគេកែ។ ដូច្នេះអ្វីទាក់ទងព្រះពុទ្ធសាសនា ត្រូវបានគេបំផ្លាញចោល។ រូបចម្លាក់ខ្លះ​ ត្រូវបានគេកែ ទៅជាទេព ក្នុងព្រហ្មញសាសនា»។ លោក ជា សារិទ្ធ ពន្យល់ដូច្នេះ។ 
 
ការប្ដូររូបចម្លាក់ទាក់ទងសាសនាព្រះពុទ្ធនេះ ប្រហែលជានៅសតវត្សរ៍ទី១៣ ឬ១៤។ ប្រាសាទទាំងអស់ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេកែទៅជា ប្រាសាទព្រហ្មញសាសនា៕ 

Tag:
 (ប្រាសាទព្រះខ័ន
  រមណីយដ្ឋានអង្គរ)
© រក្សាសិទ្ធិដោយ thmeythmey.com