ជាតិ
រដ្ឋ គ្រោងចំណាយថវិកា ៥៩លានដុល្លារសម្រាប់ពង្រឹងសេវាសុខភាពបឋមនៅមូលដ្ឋាន
29, Oct 2023 , 3:40 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដល់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី​ នីតិកាលទី៧ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ ក្រសួងសេដ្ឋកិច្ច គ្រោងចំណាយថវិកា ៥៩លានដុល្លារ ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅមូលដ្ឋាន។

 
 
បើតាមសេចក្ដីព្រាងចំនួន ២៤ទំព័រ រដ្ឋាភិបាលនីតិកាលទី៧ គ្រោងចំណាយថវិកាប្រមាណ ៨០០លានដុល្លារ សម្រាប់គាំទ្រដល់គោលនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួន៥។ គោលនយោបាយអាទិភាពទាំង៦ មានដូចជា ការពង្រីកសេវាថែទាំសុខភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម, ការអនុវត្តយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់។ វិធាន​ការគន្លឹះចំនួន៥ សម្រាប់​ដោះស្រាយមានដូចជា រដ្ឋបាល​សា​ធារណៈ, សេវាសុខាភិបាល, អប់រំ, ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងប្រព័ន្ធយុត្តិធម៌។ 
 
«ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ត្រូវបានគ្រោងចំណាយថវិកាចំនួន ២៤១ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥៩លានដុល្លារ»។ នេះបើតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាល គ្រោងចំណាយថវិកា​ ៨៣លានដុល្លារ សម្រាប់ពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកលនៅកម្ពុជា៕ 

Tag:
 (ថវិកាជាតិ២០២៤
  សុខភាព)
© រក្សាសិទ្ធិដោយ thmeythmey.com