ជាតិ
សង្គមជាតិ
បុរស ដែលបានវាយសម្លាប់សត្វឈ្លូស នៅខេត្តកោះកុង ត្រូវបានឃាត់ខ្លួនហើយ
01, Nov 2023 , 6:41 pm        
រូបភាព
ជនសង្ស័យ ដែលវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីពេលថ្មីៗនេះ។ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យនេះ នៅថ្ងៃទី១ វិច្ឆិកា ២០២៣។ រូបហ្វេសប៊ុកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
ជនសង្ស័យ ដែលវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីពេលថ្មីៗនេះ។ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យនេះ នៅថ្ងៃទី១ វិច្ឆិកា ២០២៣។ រូបហ្វេសប៊ុកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ។ ជនសង្ស័យនេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១ វិច្ឆិកានេះ។

 
ជនសង្ស័យនេះ មានមុខរបរ សន្តិសុខ និងមានស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកា។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«នាងខ្ញុំសូមកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី»។

តាមរយៈវីដេអូឃ្លីបមួយ ដែលបានបង្ហោះកាលពីថ្ងៃទី២៩ តុលា សត្វឈ្លូលមួយក្បាល កំពុងហែលទឹកសមុទ្រនៅក្នុងឆ្នេរកុកហាវ ស្រាប់តែមានបុរសម្នាក់កាន់ដំបងឈើមួយដើម ស្ទុះទៅវាយសំពងក្បាល ៣ដំបង ដែលបណ្ដាលឱ្យងាប់ភ្លាមៗតែម្ដង។ ករណីនេះ មានសាធារណជនជាច្រើន មិនពេញចិត្តនោះទេ ដោយចាត់ទុកថា វាជាអំពើព្រៃផ្សៃបំផុត ដែលមនុស្សធ្វើដាក់សត្វព្រៃស្លូតត្រង់។ 
 
សត្វឈ្លូស ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យលើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះ មាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍ រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ បើទោះមិនមានទិន្នន័យច្បាស់លាស់ តែអ្នកជំនាញថា ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ ដោយឡែក ប្រទេសកម្ពុជា សត្វឈ្លូសសម្បូរស្ទើរគ្រប់ទីកន្លែង តែមិនអាចប៉ាន់ស្មានដឹងចំនួនពិតប្រាកដឡើយ៕  

អត្ថបទទាក់ទង
 
 

Tag:
 សត្វឈ្លូស
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com