ជាតិ
អភិបាលខេត្តកោះកុង ប្រកាសផ្ដល់រង្វាន់ ដល់អ្នកបង្ហាញអត្តសញ្ញាណ ជនសម្លាប់សត្វឈ្លូស
31, Oct 2023 , 10:19 am        
រូបភាព
ភ្នំពេញ៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត៤លានរៀល ដល់អ្នកបង្ហាញពីអត្តសញ្ញាណរបស់ជន ដែលប្រព្រឹត្តបទល្មើសសម្លាប់សត្វឈ្លូសយ៉ាងព្រៃផ្សៃ កាលពីពេលថ្មីៗនេះ។




លោកស្រី មិថុនា ភូថង បានសរសេរតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ភ្ជាប់ជាមួយវីដេអូ ដែលបង្ហាញពីការសម្លាប់យ៉ាងឃោឃៅ នៅព្រឹកថ្ងៃទី៣១ ខែតុលានេះថា ទង្វើររបស់បុរសម្នាក់ ដែលវាយសម្លាប់កូនសត្វឈ្លូស ដោយប្រើដំបងជ្រុង ខណៈសត្វឈ្លូសនោះ កំពុងហែលទឹកទៅរកដីគោក គឺជាអំពើមិនគប្បី ដោយខ្វះសីលធម៌ និងអគតិ ដែលវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម។  
 
ពាក់ព័ន្ធករណីនេះ លោកស្រី មិនបាននៅស្ងៀមឡើយ ដោយប្រកាសផ្ដល់រង្វាន់ទឹកចិត្ត៤លានរៀល ដល់អ្នកដែលបានផ្តល់ព័ត៌មានពីអត្តសញ្ញាញនៃជនប្រព្រឹត្តបទល្មើស។ អភិបាលខេត្តរូបនេះ ក៏ធានារក្សាទុកជាការសម្ងាត់ ដល់បុគ្គលដែលផ្ដល់ព័ត៌មាននោះផងដែរ។ 
 
ជាមួយគ្នានេះ លោកស្រី បានទទូចឱ្យសាធារណជន ជាពិសេសអ្នកដែលស្ថិតក្នុងហេតុការណ៍ ឱ្យចូលរួមសហការជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។ 
 
សត្វឈ្លូស ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យលើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះ មាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេស​ចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍ រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ បើទោះមិនមានទិន្នន័យច្បាស់លាស់ តែអ្នកជំនាញថា ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ ដោយឡែក ប្រទេសកម្ពុជា សត្វឈ្លូសសម្បូរស្ទើរគ្រប់ទីកន្លែង តែមិនអាចប៉ាន់ស្មានដឹងចំនួនពិតប្រាកដឡើយ៕  
 

Tag:
 មិថុនា ភូថង
  ឈ្លូស
  រដ្ឋបាលខេត្តកោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com