អន្តរជាតិ
អុីស្រាអែលសម្លាប់មេបញ្ជាការហាម៉ាសម្នាក់ក្នុងការវាយប្រហារលើជំរំជនភៀសខ្លួនដ៏ធំនៅកាហ្សា
02, Nov 2023 , 10:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្នុងការវាយប្រហារលើជំរំ Jabalia ដែលជាជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់កាហ្សា យោធាអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុមហាម៉ាស និងសមាជិកក្រុមសកម្មប្រយុទ្ធផ្សេងទៀត។ យ៉ាងណាមិញ ប្រជាជនស៊ីវិលជាច្រើននាក់ ក៏បានបាត់បង់ជីវិតក្នុងការវាយប្រហារបន្តបន្ទាប់នេះ។



 
បាំងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស នឹងឈានចូលរយៈពេល ១ខែហើយ ដោយអ៊ីស្រាអែល បន្តវាយប្រហារតាមផ្លូវអាកាស និងគោកលើតំបន់កាហ្សាភាគខាងជើង ក្រោមហេតុផលបោសសម្អាតក្រុមហាម៉ាសឱ្យអស់។ 
 
ក្នុងការវាយប្រហារនៅថ្ងៃទី១ ខែវិច្ឆិកា អ៊ីស្រាអែល បានអះអាងថា កម្លាំងរបស់ខ្លួនបានសម្លាប់ប្រមុខកងកម្លាំងមីស៊ីលប្រឆាំងរថក្រោះ លោក Muhammad A’sar  នៅក្នុងជំរំ Jabalia ដែលជាទីតាំងជនភៀសខ្លួនដ៏ធំបំផុតរបស់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់កាហ្សា។ 
 
«ក្រុមហាម៉ាស បានកសាងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅក្រោម នៅជុំវិញ និងនៅក្នុងអគារប្រជាជនស៊ីវិល ដោយមានបំណងធ្វើឱ្យប្រជាជនស៊ីវិលរងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងតំបន់កាហ្សា»។ យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍បែបនេះ។ 
 
នេះជាករណីសម្លាប់មេបញ្ជាការទីពីររបស់ក្រុមហាម៉ាស ក្នុងការវាយប្រហារលើកទីពីរ ត្រឹមរយៈពេល ពីរថ្ងៃប៉ុណ្ណោះ លើជំរំ Jabalia។ ការវាយប្រហារលើកទីមួយ ធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា។
 
បើទោះអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារលើជំរំដ៏ធំបំផុតនេះ ផ្អែកលើចារកិច្ចច្បាស់លាស់ក៏ដោយ ប៉ុន្តែស្ថាប័នសិទ្ធិមនុស្ស ចាត់ទុកប្រតិបត្តិការយោធានេះ អាចជាឧក្រិដ្ឋកម្មសង្រ្គាម។ 
 
តាមរយៈសំណេរលើបណ្តាញសង្គម X នៅថ្ងៃទី២ ខែវិច្ឆិកា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHCR) បានបញ្ជាក់ថា ដោយសារការបំផ្លាញទ្រង់ទ្រាយធំក្នុងជំរំ Jabalia និងមានករណីស្លាប់ រួមទាំងរបួសលើប្រជាជនស៊ីវិល ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស មានក្តីបារម្ភថា ការវាយប្រហារនេះ អាចចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។ 
 
ក្នុងការវាយប្រហារទាំងពីរលើកលើជំរំ Jabalia ការិយាល័យប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស បានបញ្ចេញទិន្នន័យ នៅថ្ងៃទី២ ខែវិច្ឆិកា​ ថា ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់១៩៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៧៧៧នាក់ផ្សេងទៀត បានរងរបួស។ លើសពីនេះ មនុស្សចំនួន១២០នាក់ កំពុងបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចាប់តាំងពីការប៉ះទង្គិចកើតឡើងនៅថ្ងៃទី៧ ខែតុលា ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨៧៩៦នាក់ ដោយក្នុងនោះមានកុមារចំនួន ៣៦៤៨នាក់ បានបាត់បង់ជីវិត។ ចំណែកប្រជាជនអ៊ីស្រាអែលលើសពី ១ពាន់នាក់ បានស្លាប់ ដោយសារការវាយប្រហារពីក្រុមហាម៉ាស។ 
 
ពេលនេះ ជម្លោះអ៊ីស្រាអែល-ហាម៉ាស មានសភាពផុយស្រួយយ៉ាងខ្លាំង និងអាចរីកសាយទៅក្នុងតំបន់បានគ្រប់ពេល។ សូម្បីនាយករដ្ឋមន្រ្តីស្តីទីលីបង់ លោក  Najib Mikati នៅថ្ងៃទី១ ខែវិច្ឆិកា បានជំរុញឱ្យបណ្តាប្រទេសទាំងអស់ជួយទប់ស្កាត់ និងបញ្ឈប់ជម្លោះនេះពីសភាពលែងអាចគ្រប់គ្រងបាន ដោយលោកបារម្ភថាវាអាចជះឥទ្ធិពលលើលីបង់ និងក្នុងតំបន់កាន់តែធំ។ 
 
ការអះអាងរបស់លោក Najib Mikati ធ្វើឡើងស្របពេលក្រុម Hezbollah ដែលមានមូលដ្ឋានលីបង់ តែងបាញ់មីស៊ីល និងគ្រាប់រ៉ុក្កែតទៅវិញទៅមកជាមួយអ៊ីស្រាអែល ដែលបង្កឱ្យមនុស្សមួយចំនួនស្លាប់បាត់បង់ជីវិត។ ការប៉ះទង្គិចនេះ ភាគច្រើនកើតមាននៅតាមតំបន់ព្រំដែនរវាងលីបង់ និងអ៊ីស្រាអែល៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
  កាហ្សា
  លីបង់
  ហេប៊ូឡា
© រក្សាសិទ្ធិដោយ thmeythmey.com