ភ្នំពេញ៖ ដោយមើលឃើញថា មួយរយៈកាលចុងក្រោយនេះ មានព្រះសង្ឃមួយចំនួនតូច បានយកប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើជាទីលានវាយប្រហារគ្នា ទៅវិញទៅមក គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំ ឱ្យព្រះសង្ឃទាំងនោះ បញ្ឃប់ទង្វើអសីលធម៌ទាំងនោះ ឱ្យខាងតែបាន និងរួសរាន់បំផុត។
ក្នុងសេចក្តីណែនាំចុះកាលពីថ្ងៃទី១ វិច្ឆិកា សម្តេចព្រះសង្ឃនាយករងទី១ អំ លីមហេង សង្កេតឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន កំពុងតែយកបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក តិកតុក យូធូប និងគេហទំព័រជាដើម ដើម្បីផ្សព្វផ្សាយ និងចែកចាយរូបភាព សារជាសំឡេង ជាអក្សរ និងវីដេអូប្រាសចាកក្រមសីលធម៌ អភិសមាចារ វិន័យសង្ឃ និងច្បាប់រដ្ឋ ព្រមទាំងបានវាយប្រហារ ដៀមដាមពីបុគ្គលម្ខាង ទៅបុគ្គលម្ខាងទៀត ដែលកំពុងប្រណិប័តន៍ អនុវត្តជំនឿនិងរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីបុរាណរៀងមក។
គណៈសង្ឃនាយកមើលឃើញថា ការណ៍នេះជាហេតុបច្ច័យ បង្កឱ្យមានផលប៉ះពាល់ ដល់តម្លៃព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិខ្មែរ ពុំអាចទទួលយកបានឡើយ។
ដើម្បីចៀសវាងផលប៉ះពាល់ និងឥទ្ធិពលអាក្រក់ ក៏ដូចជាការរក្សាបាននូវសេចក្ដីថ្លៃថ្នូរ គុណតម្លៃព្រះសង្ឃខ្មែរទូទៅ តម្លៃព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណ សីលធម៌សង្គម និងកិត្យានុភាពជាតិ សម្តេចសង្ឃនាយករងទី១ បានណែនាំដល់ព្រះសង្ឃ ដែលកំពុងស្ថិតក្នុងស្ថានភាពប្រាស់ចាក វិន័យសីលធម៌ ហើយប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមាន និងអកុសល ដែលរួមមានសារជាអក្សរ សារជាសំឡេង និងវីដេអូ ព្រមទាំងសារមានចរិតលក្ខណៈញុះញង់ អុជអាល បំបែកបំបាក់សាមគ្គីភាព ឱ្យខាងតែបាន និងរួសរាន់បំផុត។
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ សម្ដេចសង្ឃ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានថេរដីការថា ដោយសារមួយរយៈចុងក្រោយនេះ បព្វជិតមួយចំនួនបានរិះគន់គ្នាតាមបណ្ដាញសង្គមច្រើន ទើបបានជាគណៈសង្ឃ ចង់ទាញអារម្មណ៍បព្វជិតកម្ពុជា ឱ្យបានយល់និងងាកមកផ្លូវវិជ្ជមានវិញ។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា កាន់កោដ្ឋ (រូប_ពីលេខាធិការដ្ឋានគណៈសង្ឃនាយក)
ព្រះអង្គបន្ថែមថា គណៈសង្ឃមានបំណងល្អមួយ ដែលចង់ឱ្យបព្វជិត ដើរតួនាទីសំខាន់ ទាំងការប្រតិបត្តិខ្លួនឯងផ្ទាល់ ទាំងការយកពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសសម្ពុទ្ធ ទៅផ្សព្វផ្សាយបន្តដល់ពុទ្ធបរិស័ទ ឱ្យប្រព្រឹត្តសេចក្ដីល្អក្នុងសង្គមដែរ។ ន័យនេះព្រះអង្គចង់សំដៅថា ព្រះសង្ឃមានតួនាទី ផ្សាយសេចក្ដីល្អ ពីជ្រុងណាមួយនៃសង្គម ទាំងខាងពុទ្ធិចក្រ និងអាណាចក្រ ឱ្យពុទ្ធបរិស័ទ កើនចំណេះដឹង ខាងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្ត្រ និងអរិយធម៌ជាតិ។ ការណ៍នោះ នឹងធ្វើឱ្យមានការចូលរួមថែរក្សា អត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែរីកចម្រើនឡើង។
ព្រះអង្គពន្យល់បន្ថែម៖«ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធសម្ដែងថា អ្នកបួស បើបានរៀនចេះដឹង ក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធហើយ យកពាក្យប្រៀនប្រដៅនោះ ទៅប្រាប់អ្នកដទៃឱ្យបានដឹង និងបានប្រព្រឹត្តល្អ ដូចជីវិតអ្នកបួសផង»។
រូបពីលេខាធិការថដ្ឋានគណៈសង្ឃនាយក
ទោះជាយ៉ាងណាក៏ដោយ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក សង្កត់ធ្ងន់ថា ក្រោយការទូន្មាន អប់រំ និងផ្សព្វផ្សាយ ប្រសិនបព្វជិត ឬអ្នកកាន់ព្រះពុទ្ធសាសនា នៅតែប្រព្រឹត្តអ្វី ដែលមិនគិតពីផលប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិទៀត នោះក្រសួងធម្មការនិងសាសនាក្ដី គណៈសង្ឃនាយកក្ដី នឹងចាត់វិធានការទៅតាមច្បាប់។
សូមបញ្ជាក់ថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យព្រះមេគណគ្រប់រាជធានី-ខេត្ត ព្រះគ្រូអនុគណ គ្រប់ក្រុង-ស្រុក-ខណ្ឌ និងព្រះចៅអធិការគ្រប់វត្តអារាម ណែនាំព្រះសង្ឃបព្វជិត ពុទ្ធសាសនាខ្មែរទាំងអស់ទូទាំងប្រទេស ដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ឱ្យផ្សព្វផ្សាយនិងចែកចាយព័ត៌មាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដូចជាសារជាសំឡេង សារជាអក្សរ និងសារជាវីដេអូ ប្រកបដោយការអប់រំ ឱ្យប្រព្រឹត្តល្អ និងការអប់រំសីលធម៌ សុជីវធម៌ ក្នុងផ្លូវវិជ្ជមាន ព្រមទាំងកុសលតែម្យ៉ាង សំដៅនាំមកនូវឧត្តមប្រយោជន៍ ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ៕