កីឡាជាតិ
ជាតិ
តវ៉ាមានប្រសិទ្ធភាព៖ FFC បន្ថយពិន័យ Gabriel Silva ពី៦ខែ មកត្រឹម១ប្រកួត
03, Nov 2023 , 12:52 pm        
រូបភាព
Grabriel Silva បង្ហាញពាក្យ«100% Jesus» នៅលើអាវកាក់។ រូបភាពពី ហ្វេសប៊ុកក្លិបព្រះខ័នរាជស្វាយរៀង
Grabriel Silva បង្ហាញពាក្យ«100% Jesus» នៅលើអាវកាក់។ រូបភាពពី ហ្វេសប៊ុកក្លិបព្រះខ័នរាជស្វាយរៀង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បន្ថយការពិន័យកីឡាករ Gabriel Silva Costa ខ្សែប្រយុទ្ធឆ្នើមព្រះខ័នរាជស្វាយរៀង ពី៦ខែ មកត្រឹមមួយប្រកួតវិញ ជុំវិញបទចោទ បង្ហាញការរើសអើងអំឡុងពេលប្រកួត។ នេះបើតាម​លិខិត​ដែល​បែក​ធ្លាយ​ដល់ដៃអ្នកសារព័ត៌មាន ទាក់ទងនឹងសេចក្តីសម្រេច​របស់ប្រធាន​គណៈកម្មការឧទ្ធរណ៍នាថ្ងៃទី៣ ខែ​វិច្ឆិកា។

 
Grabriel Silva រងពិន័យពីគណៈកម្មការវិន័យរបស់ FFC មិនឲ្យចូលរួមប្រកួតដែលរៀបចំដោយ FFC និង CPL រយៈពេល៦ខែ ក្រោយកីឡាករប្រេស៊ីលរូបនេះ បានបង្ហាញពាក្យ«100% Jesus» នៅលើអាវកាក់ខ្មៅរបស់ខ្លួននៅពេលអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី ក្នុងជំនួបលីគ CPL រវាងព្រះខ័នរាជស្វាយរៀង ទល់បឹងកេត ចុងសប្តាហ៍មុន។
 
ការដាក់ពិន័យពី FFC នេះ មិនត្រូវបានទទួលយកពីក្លិបព្រះខ័នរាជស្វាយរៀងឡើយ ដោយក្លិបចាត់ទុកថាជាការដាក់ពិន័យធ្ងន់ធ្ងរពេក។​ ក្លិបមានមូលដ្ឋានក្នុងខេត្តស្វាយរៀងនេះ នៅថ្ងៃទី១ ខែវិច្ឆិកា បានស្វះស្វែងរៀបចំឯកសា ដោយបាន​ធ្វើការជាមួយមេធាវី​កីឡា​អន្តរជាតិ​ ដើម្បី​ប្តឹង​ឧទ្ធរណ៍​ទៅ FFC។ 
 
យោងទៅលើប្រការ ២៧-សិទ្ធិមនុស្ស អព្យាក្រឹត្យ និងគ្មានការរើសអើងនានា នៃវិធាន និងបទប្បញ្ញាត្តិ របស់លីគកំពូលកម្ពុជា នាឆ្នាំ២០២២ ស្ថាប័ន FFC និង CPL ហាមដាច់ខាត់ចំពោះការបង្ហាញ ឬផ្សព្វផ្សាយតាមបែបជារូបភាព សារ ស្លាកសញ្ញា ឬសកម្មភាពទាំងឡាយណា បង្ហាញពីការរើសអើង ជាតិសាសន៍ សាសនា ពិការភាព ...។ល។
 
ខ្លឹមសារលិខិតបញ្ជាក់ថាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់កម្ពុជា យល់ព្រមបន្ថយទោសរបស់ Grabriel Silva ពី៦ខែ មកត្រឹម១ប្រកួតវិញ។
 
ការបន្ថយការពិន័យនេះ កើតឡើងក្រោយការប្តឹងឧទ្ធរណ៍​របស់ក្លិប រួមទាំងប្រធានក្លិបស្វាយរៀង លោក ឌី វិជ្ជាផង ទៅកាន់ FFC។ តាមរយៈលិខិតដែលបានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ខ័នរាជស្វាយរៀងនៅយប់ថ្ងៃទី១ ខែវិច្ឆិកា ក្លិបបានបង្ហាញពីការជឿជាក់លើ Gabriel ថាគ្មានបំណងបញ្ចេញពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់រូបគេឡើយ។
លោក ឌី វិជ្ជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖«ខ្ញុំ ក៏ដូចជាក្រុមការងារលេខាធិការដ្ឋានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងស្វះស្វែងរៀបចំឯកសារ ដើម្បីឆ្លើយតប និងតវ៉ាទាក់ទងនឹងបម្រាម ដែលសហព័ន្ធបានដាក់ពិន័យចំពោះកីឡាករ Gabriel Silva Costa មិនឱ្យលេងក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ»។
ព្រះខ័នរាជស្វាយរៀង ស្ថិតនៅកំពូលតារាង CPL បណ្តោះអាសន្ន ដោយរកបាន២៧ពិន្ទុ ពីការប្រកួត៩លើកដោយនាំមុខក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនដែលតាមពីក្រោយចំនួន៦ពិន្ទុ៕
 

Tag:
 Gabriel Silva
  ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com