ជាតិ
បាក់ឌុប
ហឹបវិញ្ញាសាបាក់ឌុបទាំងអស់ ត្រូវបានដឹកចេញទៅតាមបណ្តាខេត្ត
03, Nov 2023 , 2:06 pm        
រូបភាព
ហឹបវិញ្ញាសាដែលត្រូវបានរៀបចំដាក់លើរថយន្ត ដើម្បីដឹកជញ្ជូនទៅតាមបណ្តាខេត្ត។ រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ហឹបវិញ្ញាសាដែលត្រូវបានរៀបចំដាក់លើរថយន្ត ដើម្បីដឹកជញ្ជូនទៅតាមបណ្តាខេត្ត។ រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ​ហឹបវិញ្ញាសា​ទាំងអស់ ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះ​ទៅកាន់បណ្ដា​ខេត្តនានា​ទូ​ទាំងប្រទេសហើយ នៅព្រឹកថ្ងៃទី៣ វិច្ឆិកានេះ។ ក្រសួងអប់រំ យុវជន និងកីឡា បាន​បញ្ជាក់​ដូច្នេះ ដោយភ្ជាប់សារជូនពរ​ប្រធានគណៈមេប្រយោគទូទាំងប្រទេស និងមន្ត្រីអប់រំ​ទាំង​អស់ ឱ្យនិងមានសុវត្ថិភាពតាមផ្លូវក្នុងបេសកកម្មដឹកជញ្ជូនវិញ្ញាសានេះ។

បើតាមក្រសួងអប់រំ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិ​និត្យ​យ៉ាងហ្មត់ចត់ ​ពី​គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈ​កម្មការអប្បមាទទូទាំងប្រទេស ​អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរពាក់ព័ន្ធ។
 
នៅក្នុងដំណើរការប្រឡងនេះដែរ មានស្ថាប័នចំនួន៦ ចូលរួម ដែលមានក្រសួងមហាផ្ទៃ ក្រសួងសុខាមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ការចូលរួមពីស្ថាប័នទាំងនេះ គឺ​​ក្នុងគោលបំណងរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមណ្ឌលប្រឡង និងធានាសុខភាពសម្រាប់គណៈមេប្រយោគ អ្នកពាក់ព័ន្ធនានា និងបេក្ខជនប្រឡង។ 
 
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនជាង ១៣ម៉ឺននាក់ចូលរួម ក្នុងនោះ​បេក្ខនារីមានជាង ៧ម៉ឺននាក់។ ក្នុងចំណោមបេក្ខជនទាំងអស់មាន ថ្នាក់វិទ្យាសាស្ត្រ ប្រមាណ៣០.១ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៦៩.៩ភាគរយ។ 
 
​ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៨ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩វិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងទៀត៕

Tag:
 បាក់ឌុប២០២៣
  វិញ្ញាសា
© រក្សាសិទ្ធិដោយ thmeythmey.com