ជាតិ
សេដ្ឋកិច្ច
កម្ពុជា សិក្សាលើការបញ្ចូលសារធាតុស៊ុលហ្វីតក្នុងទឹកត្នោតនិងស្ករត្នោត ដើម្បីរក្សាទុក​បានយូរ
03, Nov 2023 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុក ស្ករត្នោតកំពង់ស្ពឺ
រូបពីហ្វេសប៊ុក ស្ករត្នោតកំពង់ស្ពឺ
ភ្នំពេញ៖ កម្ពុជា កំពុងសិក្សាលើការបញ្ចូលសារធាតុស៊ុលហ្វី ក្នុងទឹកត្នោត និងស្ករត្នោត ដើម្បីជំរុញការប្រើប្រាស់ស្របតាមស្តង់ដារកូដិច (Codex) ប្រកបដោយសុវត្ថិភាព។ ស៊ុល​ហ្វីត សារធាតុគីមីម្យ៉ាង ដែលគេពេញនិយមបន្ថែមលើម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ ក្នុង​គោលបំណងធ្វើឱ្យមានភាពស្រស់ និងរក្សាទុកបានយូរ។

 
លោក ផាន ​អូន ប្រតិភូ​រាជរ​ដ្ឋាភិ​បាល​កម្ពុជាទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយ​កដ្ឋាន ក​.​ប​.​ប​ បានលើកឡើងថា ការបញ្ចូលសារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ពិតជា​មានសារៈសំខាន់ ព្រោះថាវាអាចជួយពង្រឹងស្ដង់ដារ ប្រកបដោយសុវត្ថិភាពនូវ​ផលិត​ដែលជាម៉ាក់សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) មួយនេះឱ្យមានភាពប្រសើរឡើង។ 
 
នាពេលបច្ចុប្បន្ន អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោតមួយចំនួន មិនទាន់មានចំណេះជំនាញលើការប្រើប្រាស់សារធាតុគីមីទាំងនេះនៅឡើយ​។ អ្នកខ្លះបានប្រើប្រាស់លើសកម្រិត ឯអ្នកខ្លះប្រើប្រាស់សារធាតុគីមី ដែលហាមប្រាម ទៅលាយជាមួយទឹកត្នោត ឬស្ករត្នោត ដូច្នេះហើយវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពពលរដ្ឋកម្ពុជា។ 
 
ថ្វីដ្បិតថា ស៊ុលហ្វីត ពេញនិយមក្នុងវិស័យម្ហូបអាហារ ប៉ុន្តែ វាក៏បង្កផលប៉ះពាល់មួយចំនួនធំដល់សុខភាពផងដែរ ប្រសិនបើប្រើប្រាស់មិនត្រឹមត្រូវ។ ផលប៉ះពាល់របស់វាដូចជា ធ្វើឱ្យសម្ពាធឈាមចុះទាប វិលមុខ ពិបាកដកដង្ហើម ឈឺពោះ ក្អួតចង្អោរ និងរាករូស។ សម្រាប់អ្នកទាស់ចំណីធ្ងន់ធ្ងរ ឬអ្នកជំងឺមានរោគហឺត វាអាចបណ្ដាលឱ្យរន្ធត់ញាប់ញ័រ ភ្លឹកបាត់ស្មារតី និងអាចឈានដល់ការបាត់បង់អាយុជីវិត។  
 
ករណីនេះ ក​.​ប​.​ប​ កំពុងបណ្ដុះបណ្ដាលមន្ត្រីសាខារាជធានី-ខេត្ត គោលដៅចំនួន៨ ឱ្យក្លាយជាគ្រូបង្គោលដើម្បីណែនាំបន្តដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោតនូវវិធីសាស្រ្តនៃការប្រើប្រាស់សារធាតុស៊ុលហ្វីត តាមកម្រិតកំណត់ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ការបណ្ដុះបណ្ដាលនេះ នឹងត្រូវអនុវត្តសម្រាប់៥ខេត្តដំបូង រួមមាន កំពង់ស្ពឺ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង និងសៀមរាប។
 
លោក ផាន ​អូន ថ្លែងដូច្នេះថា៖«យើងតែងតែឮថា ការធ្វើស្ករត្នោតភាគច្រើនគេយកស្ករស និងខ្លាញ់មកលាយជាមួយទឹក ហើយកូរវា ដើម្បីឱ្យបានទៅជាស្ករត្នោត។ ហើយក៏មានករណីខ្លះទៀត ប្រើសារធាតុគីមី ដើម្បីធ្វើឱ្យស្ករត្នោតស។ ចំពោះមុខ យើងត្រូវបង្រៀនដល់បងប្អូនប្រជាកសិករ ជាពិសេសអ្នកដែលផលិតស្ករត្នោត ដើម្បីកុំឱ្យមានករណីនេះកើតឡើងទៀត ព្រោះថាការប្រើប្រាស់សារធាតុទាំងនេះ អាចធ្វើឱ្យប៉ះពាល់សុខុមាលភាពពលរដ្ឋ»។ 
 
លោក ថ្លែងក្នុងសិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីត ក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច កាលពីថ្ងៃទី៣០ ខែតុលា។ 
 
​យោងតាមសហគមន៍ស្ករត្នោតកំពង់ស្ពឺ ក្នុងមួយឆ្នាំកម្ពុជា​ អាចផលិតស្ករត្នោតបានប្រមាណ១៥០ ទៅ១៦០តោន។ គិតចាប់ពីខែធ្នូ ឆ្នាំ២០២២ ​ដល់ខែឧសភា ឆ្នាំ២០២៣ ស្ករត្នោតកំពង់ស្ពឺប្រភេទម្សៅ ប្រមាណ៧០តោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ និងស្ករប្រភេទសាច់ ប្រមាណ៣០​តោនត្រូវបានផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក៕ 

Tag:
 ក្រសួងពាណិជ្ជកម្ម
  ស៊ុលហ្វីត
  ស្ករត្នោត
  ទឹកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com