ជាតិ
បាក់ឌុប
បាក់ឌុបព្រឹកដំបូង៖បញ្ហាសុខភាព ៣០ករណី​ អវត្តមានជិត២ពាន់នាក់
06, Nov 2023 , 12:33 pm        
រូបភាព
ភ្នំពេញ៖ ដំណើរការប្រឡងព្រឹកថ្ងៃទីមួយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនមានបញ្ហាសុខភាពចំនួន៣០ករណី និងអវត្តមានជិត២ពាន់នាក់។

 
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា នៅព្រឹកថ្ងៃដំបូងនៃការប្រឡងនេះ បេក្ខជនមានបញ្ហាសុខភាព ចំនួន៣០ករណី ក្នុងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំនួន២ករណី , ជូបគ្រោះថ្នាក់ចរាចរណ៍ស្រាលចំនួន២នាក់។ ក្រៅពីនោះសុទ្ធតែបញ្ហាសុខភាពស្រាលប៉ុណ្ណោះ ដែលបេក្ខជនអាចប្រឡងបាន និងស្នើសុំប្រឡងដាច់ដោយឡែក។ ជាមួយគ្នានេះ ក្នុងចំណោមបេក្ខជនសរុបចំនួន ១៣៧ ៤១២ នាក់ចូលរួម មានបេក្ខជនអវត្តមានចំនួន ១ ៩៥១ នាក់ ក្នុងនោះមានស្រី ៧៩៥នាក់។ 
 
ទោះជាយ៉ាងណាដំណើរការប្រឡងព្រឹកថ្ងៃដំបូងនេះ ប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើយ។ លោកស្រី ឃួន វិច្ឆិកា អះអាងដូច្នេះ៖ «មកដល់ពេលព្រឹកនេះ យើងសង្កេតឃើញថា ការប្រឡងបាក់ឌុបដំណើរការបានរលូន មិនមានបញ្ហាអ្វីមិនប្រក្រតីគួរឱ្យកត់សម្គាល់ទេ។ យើងឃើញថា បេក្ខជនដែលមកប្រឡងទាំងអស់គ្នា គឺគាត់ បានដឹងពីច្បាប់បញ្ញត្តិ របស់ក្រសួង ដោយព្រឹកនេះ យើងមិនឃើញមានបញ្ហាសំណៅឯកសារណាមួយដែលបេក្ខជនយកមកទេ»។
 
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនចំនួន ១៣៧ ៤១២ នាក់ ក្នុងនោះបេក្ខនារី ចំនួន៧៣ ២៧៨នាក់។ ក្នុងចំណោមទាំងអស់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១ ៣៧៩នាក់ ស្មើនឹងប្រមាណ ៣០,១ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣នាក់ ស្មើនឹងប្រមាណ ៦៩,៩ភាគរយ។
 
មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួន ២២៧ មណ្ឌល ត្រូវជា ៥៥៤៣បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៥មណ្ឌល ។ ការប្រកាសលទ្ធផលប្រឡង គ្រោងធ្វើឡើង នៅថ្ងៃទី២៨ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩វិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងទៀត៕  

© រក្សាសិទ្ធិដោយ thmeythmey.com