ជាតិ
ពន្យល់ពាក្យ
ជក់, ជក់ចិត្ត, ជក់អារម្មណ៍, ជក់ភ្នែក, ជក់មាត់
08, Nov 2023 , 7:29 am        
រូបភាព
តាម​វចនានុក្រម​ខ្មែរ២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា «ជក់» មាននិយមន័យ​ដល់ទៅ​៦​ផ្សេងៗគ្នា។

 
-ជក់ [ន.] ប្រដាប់ធ្វើដោយរោមសត្វឬសរសៃសំបកឈើ សម្រាប់គូរ, សម្រាប់សរសេរ, សម្រាប់លាបថ្នាំទឹក។  
 
-ជក់ [កិ.] បឺតស្រូបផ្សែង :  ជក់បារី។  
 
-ជក់ [កិ.] បឺតខ្យល់ :  ក្ដោងជក់ខ្យល់, រនាំងជក់ខ្យល់ឡើងប៉ោង។  
 
-ជក់ [កិ.] ស្រូប បឺតវត្ថុរាវខ្លះ :  ក្រណាត់ជក់ទឹក, សំឡីជក់អាល់កុល។  
 
-ជក់ [ន.] សរសៃតូចៗនៃសំបកផ្លែដូងឬស្រទបគល់ធាងត្នោត ដែលគេទាញចេញបន្ទាប់ពីដំឱ្យទក់ សម្រាប់កែច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ :  អម្បោសជក់ដូង, អម្បោសជក់ត្នោត, ពួរជក់ដូង, ខ្សែជក់ត្នោត។  
 
-ជក់ [កិ.] ជាប់ចិត្តយ៉ាងខ្លាំង, វក់ឬងប់នឹងអ្វីមួយ :  ជក់មើលរឿងភាគ, គាត់ជក់នឹងល្បែង។  
 
«ជក់​ចិត្ត» មានន័យថា ស្លុងចិត្ត ដក់ចិត្ត ជាប់ចិត្ត :  គាត់ជក់ចិត្តនឹងទេសភាព, ទេសភាពដ៏សែនជក់ចិត្ត។  «ជក់ភ្នែក» គឺខំសម្លឹងមើលអ្វីមួយជាប់សឹងមិនដាក់ភ្នែក :  កុមារនេះជក់ភ្នែកនឹងភាពយន្តគំនូរជីវចល។
 
«ជក់អារម្មណ៍» គឺ  ស្លុងអារម្មណ៍ ជាប់អារម្មណ៍ :  ជក់អារម្មណ៍នឹងទេសភាពធម្មជាតិ។  រីឯ «ជក់មាត់» មានន័យ​ថា ដែលត្រូវមាត់ ជាប់មាត់នឹងរសជាតិអ្វីមួយ :  រសជាតិថ្មីប្លែកឆ្ញាញ់ជក់មាត់តែម្ដង។  «ជក់មាត់» ក៏ជាសំនួន​វោហារផងដែរ គឺសំដៅលើ​ជ្រុលមាត់ឬជាប់មាត់និយាយស្ដីបន្តអ្វីមួយ :  ជក់មាត់និយាយ, និយាយជក់មាត់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com