អន្តរជាតិ
រុស្ស៊ី និងមីយ៉ាន់ម៉ា ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា
07, Nov 2023 , 5:29 pm        
រូបភាព
ប្រមុខការទ័ពជើងទឹករុស្ស៊ី  នាយឧត្តមនាវី Nikolai Yevmenov ជាមួយលោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា នៅលើនាវាពិឃាដAdmiral Tributs។ រូបភាព Global New Light of Myanmar
ប្រមុខការទ័ពជើងទឹករុស្ស៊ី នាយឧត្តមនាវី Nikolai Yevmenov ជាមួយលោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា នៅលើនាវាពិឃាដAdmiral Tributs។ រូបភាព Global New Light of Myanmar
សមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងរុស្ស៊ី និងមីយ៉ាន់ម៉ា បានចាប់ផ្តើមហើយ នៅថ្ងៃទី៧ ខែវិច្ឆិកា និងបន្តរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា។ សមយុទ្ធយោធានេះ នឹងផ្តោតលើការបង្ការគ្រោះថ្នាក់នៅក្រោមទឹក លើទឹក អាកាស រួមទាំងការការពារសន្តិសុខតាមដែនសមុទ្រ។



ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ មក រុស្ស៊ី ជាមិត្តដ៏ជិតស្និទ្ធមួយរបស់មីយ៉ាន់ម៉ា ដោយថ្នាក់ដឹកនាំយោធានៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើទស្សនកិច្ចនៅរុស្ស៊ីជាបន្តបន្ទាប់ ដើម្បីស្វះស្វែងរកការពង្រឹកកិច្ចសហប្រតិបត្តិការផ្នែកយោធា។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Global New Light of Myanmar កងទ័ពជើងរុស្ស៊ី និងមីយ៉ាន់ម៉ា ចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា។ សមយុទ្ធនេះ នឹងធ្វើឡើងនៅក្នុងសមុទ្រAndaman។ 
 
កងទ័ពជើងទឹកប្រទេសទាំងពីរ នឹងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងចូលរួមក្នុងសមយុទ្ធ ដើម្បីវឹកហាត់លើការបង្ការគ្រោះថ្នាក់នៅក្នុងទឹក លើដី លើទឹក និងអាកាស រួមទាំងដាក់ចេញវិធានការការពារសន្តិសុខតាមដែនសមុទ្រ។ 
 
មុនសមយុទ្ធយោធាខាងលើ ប្រមុខការទ័ពជើងទឹករុស្ស៊ី  នាយឧត្តមនាវី Nikolai Yevmenov បានជួបជាមួយលោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា លើនាវាពិឃាដ Admiral Tributs និងប្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ាពីសមត្ថភាពរបស់នាវាចម្បាំង។ 
 
នៅក្នុងខែកញ្ញាកន្លងមក មីយ៉ាន់ម៉ា និងរុស្ស៊ី ក៏បានធ្វើជាប្រធានសមយុទ្ធយោធារួមគ្នាក្នុងការប្រឆាំងភេរវកម្មផងដែរ នៅក្នុងតំបន់ភាគខាងកើតរុស្ស៊ី ជាមួយបណ្តាប្រទេសផ្សេងទៀតមកពីតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សូមបញ្ជាក់ថា សមយុទ្ធកងទ័ពជើងទឹកខាងលើ ធ្វើឡើងស្របពេលមីយ៉ាន់ម៉ាកំពុងមានជម្លោះប្រដាប់អាវុធជាមួយកម្លាំងប្រដាប់អាវុធជនជាតិភាគតិច ក្នុងរដ្ឋ Shan ជាប់ព្រំដែនជាមួយចិន៕

Tag:
 រុស្ស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com