អន្តរជាតិ
ប្រទេស G7 ប្តេជ្ញាបន្តជួយអ៊ុយក្រែន បើទោះមានជម្លោះនៅតំបន់មជ្ឈិមបូព៌ា
07, Nov 2023 , 6:08 pm        
រូបភាព
លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបភាព Reuters
លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបភាព Reuters
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នឹងបន្តគាំទ្រដោយមិនរាថយចំពោះអ៊ុយក្រែន ដែលត្រូវបានរុស្ស៊ីឈ្លានពាន បើទោះជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងតែខ្លាំងក្លា។ លោកស្រី យូកូ កាមិកាវ៉ា ប្រមុខការទូតជប៉ុន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៧ ខែវិច្ឆិកា។

 
។ បើទោះពេលនេះ ពិភពលោក កំពុងផ្តោតលើជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ជប៉ុនបានប្តេជ្ញាថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ នឹងមិនទៅណាចោលអ៊ុយក្រែនឡើយ។ 
 
«ការប្តេជ្ញារបស់យើង នឹងបន្តដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងរុស្ស៊ី និងគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំ ដោយមិនរាថយអ្វីឡើយ បើទោះស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាមានភាពខ្លាំងក្លាឡើង»។ លោកស្រីយូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៧ ខែវិច្ឆិកា។ 
 
ទន្ទឹមនេះ ប្រមុខការទូតជប៉ុន បានបន្តថា ក្រុមប្រទេសG7 កំពុងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីជួបជាមួយសមភាគីអ៊ុយក្រែន លោក Dmytro Kuleba នៅក្នុងទីក្រុងតូក្យូផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កន្លងមក ក្រុមប្រទេសរីកចម្រើនទាំង៧ បានដាក់ទណ្ឌកម្មជាច្រើនសន្ធឹកលើរុស្ស៊ី ដើម្បីឆ្លើយតបនឹងការឈ្លានពាននៅក្នុងឆ្នាំ២០២២។ 
 
ខណៈសង្រ្គាមអ៊ុយក្រែននៅតែបន្ត ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី៧ ខែតុលា។ មកទល់ពេលនេះ មនុស្សលើសពី ១ម៉ឺននាក់ត្រូវបានសម្លាប់។ ចាប់តាំងពីជម្លោះកើតឡើង ក្រុមប្រទេស G7 បានសេចក្តីសេចក្តីថ្លែងការណ៍រួមត្រឹមតែ ១លើកប៉ុណ្ណោះ។
 
ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកានេះ សមាជិកក្រុមប្រទេស G7 អាចមានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស។ កន្លងមក អាម៉េរិក បានគាំទ្រការផ្អាកការបាញ់គ្នារយៈពេលខ្លី ខណៈបារាំងចង់ឱ្យមានបទឈប់បាញ់ទូទៅនៅក្នុងតំបន់កាហ្សា៕
 

Tag:
 ជប៉ុន
  អ៊ុយក្រែន
  អុីស្រាអែល
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com