ជាតិ
បាក់ឌុប
អ្នកនាំពាក្យ៖ ដំណើរការប្រឡងល្អ ខណៈបេក្ខជនអវត្តមានជាង២ពាន់នាក់
07, Nov 2023 , 7:55 pm        
រូបភាព
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចប់យ៉ាងល្អប្រសើរ ដោយបេក្ខជនអវត្តមានចំនួន២៣២៨នាក់ ស្មើនឹង១,៦៩ភាគរយនៃបេក្ខជនសរុបជិត១៤ម៉ឺននាក់។ នេះបើតាមអ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។


 
អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរសព្ទថា ២ថ្ងៃនៃការប្រឡងបេក្ខជនអវត្តមានជាង២ពាន់នាក់ ដែលក្នុងនោះ១៨១៤នាក់ជាបេក្ខជនស្វ័យរិន្ទ ហើយប្រមាណ៥០០នាក់ទៀតជាបេក្ខជនមិនមែនស្វ័យរិន្ទ។
 
អ្នកស្រី ឃួន វិច្ឆិកា អះអាងទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣នេះ បានដំណើរការទៅយ៉ាងរលូន ដោយភាគីជំនាញពាក់ព័ន្ធគ្រប់ផ្នែកបានសហការគ្នាយ៉ាងល្អ។ យ៉ាងណាក៏មានបេក្ខជនមានបញ្ហាសុខភាពចំនួន៨៥ករណីផងដែរ ដោយ៨០ករណីទទួលបានជួយសង្គ្រោះបន្ទាន់ពីគ្រូពេទ្យប្រចាំការហើយអាចបន្តការប្រឡងធម្មតា ខណៈ៥ករណីមិនអាចបន្តការប្រឡងឡើយ។
 
«ជារួមយើងឃើញថា គ្រប់គណៈកម្មាការទាំងអស់ដែលបានចូលរួមក្នុងដំណើរការប្រឡងគឺបានសហការគ្នាយ៉ាងស្អិតរមួត អ៊ីចឹងលទ្ធផលសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកានេះ គឺយើងចាត់ទុកថាជាលទ្ធផលមួយដែលអាចទទួលយកបាន ដែលយើងឆ្ពោះទៅដំណើរការនៃកំណែវិញ្ញាសារចាប់ពីថ្ងៃ៩ ខែវិច្ឆិកាទៅ»។ នេះជាការលើកឡើងរបស់អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
 
នៅក្នុងដំណើរការប្រឡងនេះដែរ មានស្ថាប័នចំនួន៦ ចូលរួម ដែលមានក្រសួងមហាផ្ទៃ ក្រសួងសុខាមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ការចូលរួមពីស្ថាប័នទាំងនេះ គឺក្នុងគោលបំណងរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមណ្ឌលប្រឡង និងធានាសុខភាពសម្រាប់គណៈមេប្រយោគ អ្នកពាក់ព័ន្ធនានា និងបេក្ខជនប្រឡង។ 
 
សូមជម្រាបថា មណ្ឌលប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ មានចំនួន ២២៧ មណ្ឌល ត្រូវជា ៥៥៤៣បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៥មណ្ឌល ។ 
 
ចំពោះការប្រកាសលទ្ធផលប្រឡង គ្រោងធ្វើឡើង នៅថ្ងៃទី២៨ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩វិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងទៀត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com