ជាតិ
ព្រះបរមរតនកោដ្ឋប្រើសារព័ត៌មានជាអាវុធនៅក្នុងព្រះរាជបូនីយកិច្ច​
08, Nov 2023 , 11:59 am        
រូបភាព
សម្តេចឪ នរោត្តម សីហនុ នាពេល​ប្រារព្ធខួបលើកទី១៥នៃឯករាជ្យជាតិ កាលពីខែវិច្ឆិកា ឆ្នាំ១៩៦៨។ រូបថត AP
សម្តេចឪ នរោត្តម សីហនុ នាពេល​ប្រារព្ធខួបលើកទី១៥នៃឯករាជ្យជាតិ កាលពីខែវិច្ឆិកា ឆ្នាំ១៩៦៨។ រូបថត AP
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​រៀបចំពិធីបុណ្យឯករាជ្យជាតិលើកទី​៧០​ក្នុងទ្រង់ទ្រាយធំនៅក្នុងឆ្នាំ​២០២៣នេះ។ តាមរយៈពិធីបុណ្យជាតិប្រចាំឆ្នាំនេះ កូនខ្មែរជំនាន់ក្រោយអាចរលឹកនឹកដល់ស្នាព្រះហស្ថ និងព្រះគុណូបការៈ​របស់សម្ដេចឪ ព្រះបាទ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានតស៊ូ​ទាមទារ​ឯករាជ្យពីរដ្ឋាភិបាលអាណាព្យាបាលបារាំង សម្រាប់​មាតុប្រទេស និងប្រជារាស្ត្ររបស់ព្រះអង្គ។

 
និយាយអំពីការទាមទារឯករាជ្យនេះ ខ្ញុំ​បានមើលឃើញ២ចំណុច​ដែល​កម្ពុជាយើងមិនធ្លាប់លើកយក​មក​និយាយជាទូទៅឡើយ។ ខ្ញុំ​សូមលើកបង្ហាញចំណុចទាំង២នេះដូចតទៅនេះ៖
 
ទី១ ទាក់ទងនឹងតាក់ទិកដ៏មានឥទ្ធិពលមួយ​ដែល​សម្តេចឪ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ​បាន​ប្រើប្រាស់ក្នុងព្រះរាជបេសកកម្មទាមទារឯករាជ្យ គឺសារព័ត៌មាន។ ព្រះរាជបូនីយកិច្ចរបស់​សម្តេច​ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​ ត្រូវបាន​កោតសរសើរ​ថា ជាការទាមទារឯករាជ្យមួយ​ដែលមិន​បាន​បង្ហូរឈាម មិនបានបង្កសង្គ្រាម ដែលធ្វើឱ្យបាត់បង់ជីវិត​ប្រជាជន​ខ្មែរនោះឡើយ។ ព្រះមហាក្សត្រ​មិនបាន​ប្រើប្រាស់គ្រឿងរំសេវមែន តែព្រះអង្គបានប្រើប្រាស់​សារព័ត៌មានជាអាវុធ ដែលបានធ្វើឱ្យផ្អើល​ប្រទេស​មហាអំណាច ហើយរុញការទាមទារឯករាជ្យរបស់ព្រះអង្គ​ឱ្យកាន់តែមានល្បឿនទៅមុខ។
 
ខ្ញុំ​គួររំឭកថា ក្រោយពីជប៉ុនត្រូវរងគ្រោះដោយគ្រាប់បែកនុយគ្លេអ៊ែររបស់អាមរិក ហើយយល់ព្រមចាញ់​សង្គ្រាម និងបានចាកចេញពីកម្ពុជាវិញ ក្នុងអំឡុងចុងឆ្នាំ​១៩៤៥នោះ បារាំងក៏ត្រឡប់មកឥណ្ឌូចិនវិញ ដោយរួមមានទាំងកម្ពុជា។ តែថា វាក៏មិនមែនជារដ្ឋាភិបាល​បារាំង​ដែលមានចរិត​ជាអាណាព្យាបាល​ដូចមុន​ទៀតដែរ។ ហេតុដូច្នេះហើយបានជា​ព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ អាចបើកការចរចា​ និងទាមទារ​បានសន្ធិសញ្ញា​ឯករាជ្យមួយពីបារាំង​ដែលត្រូវបាន​ចុះហត្ថលេខា​នៅក្នុង​ខែកញ្ញា​ឆ្នាំ​១៩៤៩។ នោះគឺជា​សន្ធិសញ្ញា​​ទទួលស្គាល់ឯករាជ្យរបស់កម្ពុជា​ពីរដ្ឋាភិបាលបារាំង គ្រាន់​តែថា វាជាឯករាជ្យ​តែ​ពាក់កណ្ដាល។
 
 ពីព្រោះបារាំងនៅរក្សាការគ្រប់គ្រង​វិស័យសំខាន់ៗមួយចំនួន​រួមមាន វិស័យ​តុលាការ យោធា ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។



នៅថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះអង្គបានប្រកាសសន្យាយ៉ាងអធិកអធម​នៅចំពោះមុខប្រជារាស្ត្រ​ខ្មែរថា ព្រះអង្គស្នើសុំប្រើរយៈពេល៣ឆ្នាំ ដើម្បីទាមទារឯករាជ្យភាពពេញលេញ​ពីរដ្ឋាភិបាលបារាំង។ ព្រះរាជបូនីយកិច្ច​របស់​ព្រះអង្គ​ចាប់ផ្តើម​ពីខែ​កុម្ភៈ​ឆ្នាំ​១៩៥៣ ដោយព្រះអង្គបានយាងទៅកាន់ប្រទេស​បារាំង ហើយតាំងទីបញ្ជាការដ្ឋាននៅឃុំណាពូលនៃខេត្ត Alpes Maritimes ក្នុងភាគ​អាគ្នេយ៍​នៃប្រទេស​បារាំង។ 
 
ការតស៊ូមតិ​ដ៏ស្វិតស្វាញ​តាម​រយៈ​ការពន្យល់តាមលិខិតផង និង​តាម​រយៈការជួបគ្នា​ដោយផ្ទាល់​ជាមួយ​ប្រធានា​​ធិបតីបារាំងនាពេលនោះផង មិនទទួលបានលទ្ធផលវិជ្ជមានឡើយ។ ព្រះមហាក្សត្រត្រូវ​ចាក​ចេញ​បារាំង និងយាងទៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរក​ការគាំទ្រ​ពី​ប្រទេស​​មហាអំណាចនានាថែមទៀត។ 
 
ទាំងនៅកាណាដា និងទាំងនៅសហរដ្ឋអាមេរិក ព្រះមហាក្សត្រខ្មែរតែងផ្ដល់សម្ភាស (ប្រើប្រាស់​សារព័ត៌មាន) ដល់អង្គភាពសារព័ត៌មានធំៗដែលមានឥទ្ធិពល ដូចជាទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP វិទ្យុកាណាដា និង​កាសែត The New York Times  ជាដើម។ គឺចំណងជើងធំនៅ​លើទំព័រមុខនៃ​ទិនានុប្បវត្តិ​របស់អាមេរិកចុងក្រោយនេះហើយ ដែលបានធ្វើឱ្យស្ថានភាពដ៏តានតឹងនៃព្រះរាជបេសកកម្ម​ទាមទារ​ឯករាជ្យរបស់​មហាក្សត្រខ្មែរ ប្រែមកជាធូរស្រាល នឹងធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងមក​លើ​ឯករាជ្យភាព​របស់​កម្ពុជា។
 
ចំណងជើងអត្ថបទព័ត៌មាន«ព្រះករុណាព្រមានថា កម្ពុជាអាចងើបឡើងបះបោរ, ឥណ្ឌូចិននឹងចូលរួម​ជាមួយ​កុម្មុយនីស្ត បើសិនបារាំងបដិសេធ​ការ​ទាមទារឯករាជ្យ» ចុះថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៥៣ ដែលត្រូវ​បានសរសេរដោយអ្នកកាសែត Michael James ប្រៀបបីដូចជា​គ្រាប់បែកមួយ​គ្រាប់ដ៏មាន​ឥទ្ធិពល​ ធ្វើឱ្យរង្គើពិភពលោក។ ដំណឹង​បែបនេះ​បានដាស់ស្មារតី​ប្រទេសលោកសេរីផង និងធ្វើឱ្យ​ប្រជាជន​នៅ​ឥណ្ឌូចិន​ពេញចិត្តផង។
 
៨ថ្ងៃ ក្រោយការចេញផ្សាយរបស់​កាសែត The New York Times ពោលគឺនៅថ្ងៃទី​២៣​ខែមេសា​ឆ្នាំ១៩៥៣ រដ្ឋាភិបាលបារាំង​បានផ្ដល់ដំណឹងមកព្រះរាជតំណាងរបស់ព្រះមហាក្សត្រខ្មែរ គឺឯកឧត្តម ប៉ែន នុត និង​ឯកឧត្តម សម សារី ដែលកំពុងប្រចាំការនៅក្នុងប្រទេស​បារាំង ដើម្បី​បើកការចរចា​ឡើងវិញ លើការ​ទាមទារ​​របស់​កម្ពុជា។



ខ្ញុំ​ពុំចាំបាច់រំឭកអំពី​ការចរចាដ៏ស្មុគស្មាញ​ និងតានតឹង​ក្នុងរយៈពេល​៦​ខែ ទម្រាំកម្ពុជាទទួលបានឯករាជ្យ​ពេញលេញ១០០ភាគរយនៅថ្ងៃទី​៩​ខែវិច្ឆិកាឆ្នាំ​១៩៥៣នោះទេ។ អ្វីដែលខ្ញុំចង់កត់សម្គាល់​នៅក្នុងអត្ថបទ​នេះ គឺការយល់ពីតម្លៃសារព័ត៌មាន ពីសំណាក់​អ្នកនយោបាយ និងអ្នក​ដឹកនាំកំពូល​ដែលចេះ​ប្រើ​សារព័ត៌មាន​ជាឧបករណ៍​ដ៏មានប្រយោជន៍។ ធ្វើកិច្ចការជាមួយសារព័ត៌មានក៏ពុំងាយស្រួលដែរ។ វា ទាមទារឱ្យមានការគោរព។ ផ្តល់សារសំខាន់​ដល់​សារព័ត៌មាន ពុំ​មែន​មានន័យថា គ្រប់គ្រង បញ្ជា ឬដាក់សម្ពាធ លើអ្នកកាសែត ឱ្យពួកគេសរសេរតាម​ការចង់​បាន​របស់យើងឡើយ។ តែជាការគោរពវិជ្ជាជីវៈ និងជំនាញរបស់​ពួកគេ។ អ្វីដែលអ្នកនយោបាយ​ត្រូវធ្វើ ឬត្រូវមាននោះ គឺសមត្ថភាពក្នុងការឆ្លើយតប ឬផ្ដល់ការពន្យល់បំភ្លឺ​ទៅលើសំណួររបស់​អ្នកកាសែត។
 
ត្រង់ចំណុចនេះ ខ្ញុំ​ក៏ចង់រំឭកផងដែរដល់ដំណើរការនៃការ​ចរចាសន្តិភាពរហូតដល់​មានកិច្ចព្រមព្រៀង​ទីក្រុង​​​ប៉ារីស។ សម្តេចព្រះនរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន ត្រូវធ្វើសន្និសីទកាសែត និងផ្តល់បទ​សម្ភាស​ដាច់ដោយឡែកពីគ្នាដល់អ្នកសារព័ត៌មានគ្រប់និន្នាការ រាប់សិបដង ជាពិសេសការឆ្លើយ​តប​សំណួរ​នៃ​​អង្គភាពសារព័ត៌មាន​ធំៗទៀត​ផង។ អ្នកនយោបាយកំពូលទាំងពីរ ពុំមានពេលរើសអើង ឬប្រកាន់និន្នាការរបស់អ្នកកាសែតណាមួយឡើយ។ គិតតែពីឆ្លើយតបនឹងសំណួរ​ទៅតាម​អ្វីដែលត្រូវឆ្លើយ​នៅក្នុង​សាច់រឿងប៉ុណ្ណោះ។ នៅក្នុងប្រតិបត្តិការនយោបាយឈ្នះ-ឈ្នះ ក៏ដូចគ្នា។ គេនៅចងចាំរូបភាព​នៃ​អ្នកកាសែតក្នុងស្រុក អ្នកឆ្លងឆ្លើយព័ត៌មាននៃទីភ្នាក់ងារសារព័ត៌បរទេសជាច្រើន ដែលតាមចោមរោម​សម្ភាសនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតំបន់ខ្មែរក្រហមនានា។​ វាលុះតែមានការផ្ដល់តម្លៃដល់សារព័ត៌មាន ទើបអ្នកកាសែតទាំងនោះអាចធ្វើដំណើរ​ទៅជួប​ប្រមុខរដ្ឋាភិបាលនាពេលនោះបាន។​ សម្តេច ហ៊ុន សែន ធ្លាប់បានថ្លែងថា លោកគឺជា​មេដឹកនាំកំពូលមួយរូបដែលជួបអ្នកកាសែត និងផ្ដល់សម្ភាសដល់អ្នកកាសែត​ច្រើនជាងគេ។
 
សារព័ត៌មានពិតជាមានប្រយោជន៍ និងមានតួនាទីចាំបាច់​នៅក្នុងការនាំមកនូវសុខសន្តិភាព ស្ថិរភាព ដល់ប្រទេសមួយ។ ប៉ុន្តែ​វាត្រូវមាន​សារព័ត៌មានដែលមហាជនអាចជឿជាក់ និងទុកចិត្តបាន (Trusted Media) ឱ្យបានច្រើន រួមទាំងអ្នកកាសែត​អាជីពឱ្យបានច្រើនដែល​ប្រកបអាជីពរបស់ពួកដោយសេរី ដោយ​មិន​​រង​​ការ​គំរាមកំហែង និងការបំពានណាមួយឡើយ។
 


ទី២ គឺជាឯករាជ្យ​មិនច្បាស់លាស់របស់កម្ពុជាក្រោម​ការ​ត្រួតត្រា​របស់ជប៉ុន។  ប្រជាជនកម្ពុជាយើង​ពុំសូវបាននិយាយអំពី​«ឯករាជ្យ» របស់កម្ពុជា​ក្នង​ឆ្នាំ​១៩៤៥ នោះទេ  បើទោះវាជា​ឯករាជ្យរយៈពេលខ្លី ឬក៏អាចនិយាយបានថា ជាឯករាជ្យដែល​មិនប្រាកដ​ប្រជា​ក៏ដោយ។ ខ្ញុំ​រំឭក​អំពីទិដ្ឋភាព​ឯករាជ្យនេះ ពីព្រោះ ម្យ៉ាង​​វាជាដំណើរនៃប្រវត្តិសាស្ត្ររបស់​កម្ពុជា។ តែម្យ៉ាង​ទៀត គឺខ្ញុំ​មានបំណង​ចែករំលែក​ឱ្យជន​រួម​ជាតិ​បាន​ដឹង​ដែរថា សម្ដេច​ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​ បាន​ចាប់​ផ្តើម​មានព្រះរាជតម្រិះ​ទាមទារ​ឯករាជ្យភាព​​ដើម្បី​មាតុភូមិរបស់​ព្រះអង្គ​តាំងពីពេលនោះមក។ គឺមិនមែន​គឺចាប់ពីឆ្នាំ​១៩៤៩ ដល់ឆ្នាំ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ នោះទេ។
 
ក្រោយពី​ការយាងសោយព្រះពិរាល័យនៃព្រះមហាក្សត្រ​ស៊ីសុវត្ថិ មុនីវង្ស ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ (តាម​ការ​ពិចារណាយ៉ាងល្អិតល្អន់ និងចង់បានរបស់រដ្ឋាភិបាលអាណាព្យាបាលបារាំង) បានជ្រើសតាំង​ព្រះអង្គ​ម្ចាស់ នរោត្តម សីហនុ ក្នុងព្រះជន្មាយុ​១៩​ព្រះវស្សា ជាព្រះមហាក្សត្រនៃប្រទេស​កម្ពុជា​នៅថ្ងៃទី​២៥​ខែ​មេសា​ឆ្នាំ​១៩៤១។ ប៉ុន្តែ​ ប៉ុន្មានខែក្រោយមក កងទ័ពជប៉ុន​ដែលជាសម្ព័ន្ធមិត្តរបស់​អាល្លឺម៉ង់ បានចូលមក​ដល់ឥណ្ឌូចិន ដែលក្នុងនោះមានកម្ពុជាដែរ។ 
 
៤ឆ្នាំក្រោយមក ពោលគឺនៅដើមឆ្នាំ​១៩៤៥ បារាំងដែលបានចាញ់សង្គ្រាមអាល្លឺម៉ង់នោះ កាន់តែចុះខ្សោយ​ឥទ្ធិពលនៅឥណ្ឌូចិន។ ស្ថានភាពនេះបានលើកទឹកចិត្តឱ្យជប៉ុន​ប្រើកម្លាំង (៩មិនា១៩៤៥) បង្ក្រាបបារាំង និងបណ្ដេញ​បារាំង​​ចេញពីឥណ្ឌូចិនតែម្ដង។ ហើយជប៉ុនខ្លួនឯង គឺជាអ្នកគ្រប់គ្រងឥណ្ឌូចិន។ ជប៉ុនចង់​គ្រប់គ្រង​​ឥណ្ឌូចិន ប៉ុន្តែជប៉ុន​មិនអនុវត្ត​ច្បាប់អាណានិគមឡើយ។ មេបញ្ជាការកងទ័ពរបស់ជប៉ុន​បាន​ប្រកាស​ប្រាប់ព្រះរាជាកម្ពុជានៅថ្ងៃទី១០​ខែមិនាឆ្នាំ​១៩៤៥ថា ចាប់ពីពេលនេះទៅ ប្រទេសកម្ពុជាគឺជា​ប្រទេស​​ឯករាជ្យ និងត្រូវបានរំដោះចេញពី​អាណាព្យាបាលបារាំង។
 
បើគិតតាម​តក្កវិជ្ជា វាគួរតែយ៉ាងដូច្នេះឯង។ សន្ធិសញ្ញាអាណាព្យបាល​ដែលកម្ពុជា និងបារាំងបាន​ចុះ​ហត្ថលេខា​​នៅថ្ងៃទី១១ ខែសីហា​ឆ្នាំ​១៨៦៣នោះ ត្រូវតែ​អស់តម្លៃ ឬត្រូវបានបញ្ចប់ ដោយសារតែ​បារាំងត្រូវបានផ្ដួលដោយជប៉ុន។ បានន័យថា បារាំងអស់ភាពជាអាណាព្យាបាលមកលើកម្ពុជាហើយ។ បន្ទាប់មក វាគឺជារឿង​របស់​ជប៉ុន និងកម្ពុជា​តែប៉ុណ្ណោះ។
 
ទោះយ៉ាងនេះ​ក្ដី ព្រះមហាក្សត្រ​ នរោត្តម សីហនុ (ពេលនោះមានព្រះជន្ម ២៤ព្រះវស្សា) ដែលម៉ត់ចត់ ​នឹង​បញ្ហាឯករាជ្យភាពរបស់​កម្ពុជា បាន​សរសេរលិខិត​ថ្វាយ​ព្រះចៅអធិរាជ​ជប៉ុន​ដើម្បី​ទាមទារ​ឱ្យជប៉ុន​ទទួល​​ស្គាល់ឯករាជ្យភាពដ៏ប្រាកដប្រជាច្បាស់លាស់​ និងផ្លូវការ​របស់​កម្ពុជា។ ជាអកុសល រដ្ឋាភិបាល​ក្រុង​តូក្យូ​មិនបានឆ្លើយតបចុតហ្មាយ​របស់ព្រះមហាក្សត្រ​កម្ពុជារហូតដល់​កងទ័ពបារាំងបាន​ត្រឡប់មកដល់​កម្ពុជា​នៅអំឡុងខែកញ្ញាឆ្នាំ​១៩៤៥។
 
ដូច្នេះ ឯករាជ្យមិនច្បាស់លាស់មានរយៈពេល​ពីខែមិនាដល់ខែ​កញ្ញា​ក្នុងឆ្នាំ​១៩៤៥៕
 

Tag:
 ទស្សនៈ
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com