ជាតិ
សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៣ បំភ្លឺអនាគតថាមពលស្អាតរបស់កម្ពុជា
08, Nov 2023 , 3:59 pm        
រូបភាព
​ សិស្សានុសិស្សចូលរួមសិក្ខាសាលាជាសេរ៊ី-ភាពចម្រុះនៃ​ថាមពលស្អាតសម្រាប់កម្ពុជា​ នៅក្នុងព្រឹត្តិការណ៍សប្តាហ៍៍ថាមពលស្អាតឆ្នាំ២០២២ ​
​ សិស្សានុសិស្សចូលរួមសិក្ខាសាលាជាសេរ៊ី-ភាពចម្រុះនៃ​ថាមពលស្អាតសម្រាប់កម្ពុជា​ នៅក្នុងព្រឹត្តិការណ៍សប្តាហ៍៍ថាមពលស្អាតឆ្នាំ២០២២ ​
ភ្នំពេញ៖ កម្ពុជា នឹងរៀបចំសប្តាហ៍ថាមពលស្អាតប្រចាំឆ្នាំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំ​ខាន់​​មួយធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងអបអរសាទរឱកាសចម្រុះដែ លថាមពលស្អាត​នាំមកដល់កម្ពុជា។

 
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី​១៦ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដោយក្នុងនោះរួមមានកម្មវិធីដូចជា​ កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជន។
 
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយអង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូនិងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិក ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) និងទទួលបានមូលនិធិពីកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA) ។
 
ប្រទេសកម្ពុជា កំពុងជំរុញកាលានុវត្តភាពនៃថាមពលស្អាតរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់នូវសន្តិសុខប្រព័ន្ធថាមពល ភាពជឿជាក់ និងប្រសិទ្ធភាពនៃការចំណាយ។ ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតលើកទី៦ គឺធ្វើឡើងស្របតាមកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីជំរុញវឌ្ឍនភាពដោយផ្តោតលើសន្តិសុខថាមពល​ ព្រមទាំងអត្ថប្រយោជន៍នៃថាមពលស្អាតផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងសង្គម។
 
កិច្ចពិភាក្សាអំពីបំលាស់ប្តូរទៅការប្រើប្រាស់ថាមពលសូឡា នៅក្នុងទីផ្សារកសិកម្ម និងវារីវប្បកម្ម នាព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត

សក្តានុពលធនធានថាមពលស្អាតកម្ពុជា (ជាពិសេសថាមពលសូឡា និងខ្យល់) នឹងផ្ដល់ជាផ្លូវទៅកាន់ (១)ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង (២)ជៀសវៀងព្រឹត្តិការណ៍ពិភពលោកថ្មីៗដែលរារាំងដល់ទីផ្សារថាមពល។ តាមរយៈអន្តរកាលថាមពលស្អាត កម្ពុជាអាចបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យមានភាពប្រសើរឡើងនៃវិស័យសុខុមាលភាព និងវិស័យអប់រំ ក៏ដូចជាលើកកម្ពស់សមធម៌សង្គម។
 
​សប្តាហ៍ថាមពលស្អាតឆ្នាំ ២០២៣ ផ្តោតលើចំណុចសំខាន់ៗដូចជា៖ 
១. សិក្ខាសាលាកម្រិតខ្ពស់៖ ព្រឹត្តិការណ៍នេះរួមមានសិក្ខាសាលាតាមប្រព័ន្ធឌីជីថល សិក្ខាសាលាផ្ទាល់ និងកិច្ចពិភាក្សាលើប្រធានបទជុំវិញថាមពលស្អាតដូចជា ការកាត់បន្ថយកាបូនក្នុងវិស័យឧស្សាហកម្ម ការអភិវឌ្ឍជំនាញថាមពលស្អាត និងភាពចម្រុះនៃថាមពល។ អ្នកជំនាញនឹងចែករំលែកការយល់ដឹង អំពីការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយបំផុត និងគំនិតផ្តួចផ្តើម​គោលនយោបាយ។
 
២. ពិព័រណ៍ថាមពលស្អាត៖ ការតាំងពិព័រណ៍ដែលនឹងបង្ហាញពីបច្ចេកវិទ្យា ផលិតផល និងសេវាកម្មថ្មីក្នុងវិស័យថាមពលស្អាត។ អ្នកចូលរួមនឹងមានឱកាសស្វែងយល់ពីដំណោះស្រាយថាមពលកកើតឡើងវិញដ៏ទំនើប។
 
៣. ការចូលរួមរបស់និស្សិត និងសហគមន៍៖ ព្រឹត្តិការណ៍នេះ នឹងមិនត្រឹមតែជាវេទិកាសម្រាប់អ្នកជំនាញក្នុងវិស័យថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែនឹងរួមបញ្ចូលសកម្មភាពដើម្បីចូលរួម និងបង្កើនការយល់ដឹងអំពីថាមពលស្អាតក្នុងចំណោមនិស្សិត និងសហគមន៍ផងដែរ។
 
៤. ដំណើរទស្សនកិច្ច និងកម្មវិធីរត់ដើម្បីថាមពលស្អាត៖ អ្នកចូលរួមដែលបានចុះឈ្មោះនឹងមានជម្រើសក្នុងការចូលរួមក្នុងដំណើរទស្សនកិច្ចទៅទស្សនាគម្រោងថាមពលស្អាត ទទួលបានការយល់ដឹងបន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើវិស័យថាមពលស្អាត រួមជាមួយនឹងកម្មវិធីរត់ដើម្បីថាមពលស្អាតដំបូងបង្អស់របស់កម្ពុជា។
 


​លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រ​សាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ នៅថ្ងៃទី៨ ខែវិច្ឆិកានេះថា៖ «​ខ្ញុំរីករាយដែលអូស្ត្រាលី គឺជាអ្នកឧបត្ថម្ភដ៏ធំមួយនៃសប្តាហ៍ថាមពលស្អាត នៅឆ្នាំនេះ​។ អូស្ត្រាលី ជួយគាំទ្រគោលដៅអន្តរកាលថាមពលរបស់កម្ពុជា។ ថាមពលស្អាត បានផ្តល់នូវឱកាសអភិវឌ្ឍ សេដ្ឋកិច្ច និងអាចគាំទ្រដល់សន្តិសុខថាមពល និងដំណើរឆ្ពោះទៅរកអព្យាក្រឹតភាពកាបូនរបស់កម្ពុជាផងដែរ។ »។
 
លោកឯកអគ្គរដ្ឋទូត វ៉ាយអេត បានបន្ថែមថា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រា​ប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីនឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញការគាំទ្រមន្ត្រីមានជំនាញ លើការអភិវឌ្ឍថាមពល ក្នុងការផ្សារភ្ជាប់ជាមួយប្រជាជននៅតំបន់ឆ្ងាយ ពីថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs)​។
 


លោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ប្រទេសនូវែលសេឡង់មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ។ ព្រឹត្តិការណ៍នេះជាឱកាសមួយដើម្បីចែករំលែកចំណេះដឹង នវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័នរបស់កម្ពុជានាពេលអនាគត។»។
 
លោក ចូណាថាន់ បន្ថែមថា៖ «កិច្ចសហប្រតិបត្តិការលើសេចក្តីប្រាថ្នារួមរបស់យើង ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពសំខាន់សម្រាប់ការគាំទ្ររបស់ប្រទេសនូវែលសេឡង់ ចំពោះកម្ពុជា។ យើងមានមោទកភាព ដែលអាចគាំទ្រប្រទេសកម្ពុជា លើគោលដៅនេះ មិនត្រឹមតែតាមរយៈព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការគាំទ្ររបស់យើង ចំពោះកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។»។
 


លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជាមានប្រសាសន៍ថា៖ «កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) ប្តេជ្ញាជំរុញការផ្លាស់ប្តូរប្រព័ន្ធថាមពលតាមរយៈរបៀបវារៈរួម ដែលផ្តោតលើការផ្លាស់ប្តូរគោលនយោបាយ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដែលបង្កើតឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ស្របតាមអាទិភាព និងមហិច្ឆតារបស់ប្រទេសកម្ពុជា។ របៀបវារៈថាមពលរួមបញ្ចូលគ្នានេះ ក៏រួមចំណែក​ដល់ការប្តេជ្ញាចិត្តថ្នាក់ជាតិរបស់កម្ពុជា (NDCs) សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័ន​ក្នុងស្រុក និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាគំនិតផ្តួចផ្តើមជំរុញដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ  (Climate Promise) របស់ UNDP ដែលជាការផ្តល់ការគាំទ្រដ៏ធំបំផុត របស់ពិភពលោកដល់ប្រទេសនានា ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិពួកគេ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ 
ព្រឹត្តិការណ៍នេះ រំពឹងថានឹងទាក់ទាញទស្សនិកជនចម្រុះ រួមទាំងអ្នកបង្កើតគោលនយោបាយ អ្នកជំនាញក្នុងឧស្សាហកម្ម វិនិយោគិន និងអ្នកសិក្សា ដែលមានគោលដៅរួមគ្នាក្នុងការពន្លឿនអន្តរកាលថាមពលស្អាតរបស់កម្ពុជា។
 
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមចូលទៅកាន់គេហទំព័រ៖
 
សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖
ស្ថានទូតអូស្រ្តាលី៖  [email protected]
EnergyLab Cambodia: កញ្ញា ញាណ វិភាវី​, ប្រធានផ្នែកទំនាក់ទំនង
- [email protected]​  | 010 936 357
CAPRED: Sornnimul KHUT, ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងជាន់ខ្ពស់
[email protected] | 092 563 474 
UNDP: អាត់ ឈុនមួយ អ្នកជំនាញផ្នែកទំនាក់ទំនង នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា, [email protected] | 077 872 533 ៕
 
សាធារណជនចូលរួមពិព័រណ៍៍ព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២២​

Tag:
 ថាមពលស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com