ជាតិ
ស្ថាន​ទូត​បារាំង​ តាំង​ពិព័រណ៍​ និង​បញ្ចាំង​ភាពយន្ត​ អប​អរ​ខួប​៧០​នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា
08, Nov 2023 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ក្នុង​ឱកាស​ខួប​លើក​ទី​៧០​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ស្ថាន​ទូត​បារាំង​ និង​វិទ្យា​ស្ថាន​បារាំង​​នៅ​កម្ពុជា​ ​សហការ​ជា​មួយ​សារមន្ទីរ​​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ ព្រះ​ស្រីឦសាន​វរ្ម័ន (SOSORO) និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សម្រាប់អភិវឌ្ឍន៍ (IRD) នឹង​រៀប​ចំ​ព្រឹត្តិការណ៍​នានា ដើម្បី​អបអរ​ចំណង​ពិសេស​ ដែល​ផ្សារ​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ តាម​រយៈ​ការ​តាំង​ពិព័រណ៍​ សន្និសីទ និង​ការ​បញ្ចាំង​​ភាព​យន្ត​។



​ការ​តាំង​ពិព័រណ៍​ នឹង​​​បង្ហាញ​ពី​ សម័យ​កាល​ក្រោយឆ្នាំ ១៩៥៣ ដោយ​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា-បារាំង រហូត​ដល់​អំឡុង​ដើម​ឆ្នាំ​១៩៧០​។
 
ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ពិព័រណ៍ «១៩៥៣៖ បារាំង​-កម្ពុជា ការ​ចាប់​ផ្ដើម​ថ្មី» នឹង​ធ្វើ​ឡើង​​នៅ​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន ដើម្បី​បង្ហាញ​ពី​ប្រវត្តិ​សាស្ត្រ​ នៃ​ឯករាជ​របស់​កម្ពុជា ក្រោយ​សម័យ​អាណាព្យាបាល​បារាំង​ និង​ការ​អភិវឌ្ឍ​ ប្រទេស​កម្ពុជា​ ក្នុង​រយៈ​ពេល​ពីរ​ទសវត្សក្រោយ​មក​។
 
ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​ ថា​​ឯករាជ្យ​នៅ​កម្ពុជា​ ដែល​សម្ដេច​ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ ទាម​ទារ​បាន​ គឺ​​​មិន​បាន​បង្ហូរ​ឈាម​ សូម្បី​មួយ​តំណក់​។ ស្ថាន​ទូត​បន្ថែមថា ការ​ទទួល​បាន​ឯករាជ្យ​នេះ មិន​មែន​ជា​ការ​កាត់​ផ្ដាច់​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឡើយ​។ 
 
នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា មាន​ការ​សម្ពោធពិព័រណ៍​មួយ​ទៀត​ នៅ​លើរបងស្ថាន​ទូត​បារាំង​ ដែល​មាន​ចំណង​ជើង​ថា «កម្ពុជា មើល​ពី​លំហអាកាស-៧០​ឆ្នាំ​ នៃ​កិច្ច​សហប្រតិបត្តិការ​»។ តាម​រយៈ​រូប​ភាព​ថត​ពី​លើ​អាកាស​ និង​រូប​ភាព​ផ្កាយ​រណប​ ធ្វើ​​ឡើង​ក្នុង​អំឡុង​ពេល​ ៧០​ឆ្នាំ​ចុង​ក្រោយ​នេះ ពិព័រណ៍​ខាង​លើ​នឹង​បង្ហាញ​ពី​ការ ប្រែ​ប្រួល​នៃ​សណ្ឋាន​ដី​ និង​ការ​វិវឌ្ឍរបស់​ប្រទេស​កម្ពុជា​។ វា​ក៏​បង្ហាញ​ផង​ដែរ​ថា តើ​បច្ចេក​ទេស​សង្កេត​មើល​ផែន​ដី​ អាច​ឱ្យ​គេ​ឆ្លើយ​តប​ កាន់​តែ​ប្រសើរ​ទៅ​នឹង​បញ្ហា​ប្រឈម​ នៃ​ការ​អភិវឌ្ឍ​ ប្រកប​ដោយ​ចីរភាព​ ដោយ​របៀប​ណា​។ 
 
ពិព័រណ៍​នេះ រៀប​ចំឡើង​ដោយ វិទ្យាស្ថាន​ស្រាវ​ជ្រាវ សម្រាប់​អភិវឌ្ឍន៍​ (IRD) ដោយ​ផ្អែក​លើ​ការ​ងារ​ធ្វើ​ឡើង​ ក្នុង​ភាព​ជា​ដៃ​គូជា​មួយ​ស្ថាប័ន​ សាកលវិទ្យាល័យ​សំខាន់​ៗ របស់​កម្ពុជា​។ 
 
ចំពោះ​ភាព​យន្ត​វិញ​ ពី​ថ្ងៃ​ទី​៨-១១ ខែ​វិច្ឆិកា វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ នឹង​ចាក់​បញ្ចាំង​ភាព​យន្ត​ និយាយ​ភាសា​បារាំង​ចំនួន​៤ ពាក់​ព័ន្ធ​នឹង​ឯករាជ្យ​ របស់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​ នៃ​អតីតឥណ្ឌូចិន​បារាំង​។ ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ទាំង​នេះ នឹង​ប្រព្រឹត្ត​ទៅ ដោយ​មាន​វត្ត​មានរបស់​សមិទ្ធករ​ Philippe Fr´eling ដែល​កំពុង​ស្នាក់​នៅ​ ក្នុង​រាជ​ធានី​ភ្នំពេញ​។​
 
សន្និសីទ​នានា​ នឹង​ត្រូវ​រៀប​ចំ​ឡើង​ នៅ​វិទ្យាស្ថាន​បារាំង ដោយ​មាន​ការ​ចូល​រួម​ ពី​សំណាក់​ប្រវត្តិ​វិទូ Marie Aberdam ជា​គ្រូ​បង្រៀន​ និង​អ្នក​ស្រាវ​ជ្រាវ​ នៅ​វិទ្យាស្ថាន​ជាតិ​ភាសា និង​អរិយធម៌​បូព៌ាប្រទេស​ (Inalco)។ 
 
នៅ​ថ្ងៃ​ទី​៥​ ខែ​ធ្នូ សន្និសីទ​ទី​១ និង​ផ្ដោត​លើ​បរិបទ តួអង្គ និង​ដំណាក់​កាល​នានា ដែល​នាំ​ឱ្យ​កម្ពុជា​ ទទួល​បាន​មក​វិញ​នូវ​ស្វ័យ​ភាព ចាប់​តាំង​ពី​ការ​លេច​ឡើង នូវ​ចលនា​ជាតិ​និយម​​ខ្មែរ ក្នុង​ឆ្នាំ​១៩៣០ រហូត​ដល់​ការ​ទទួល​បាន​ អធិបតេយ្យ​ភាព​ពេញ​លេញ​ ក្រោយ​សន្និសីទក្រុង​ហ្សឺណែវ (ឆ្នាំ​១៩៥៤) ដែល​បាន​បញ្ឈប់​សង្គ្រាម​ឥណ្ឌូ​ចិន​​ទី​១​។ 
 
ចំណែក​សន្និសីទ​ទី​២ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នឹង​ផ្ដោត​លើ «​ការ​ចង​ចាំ​របស់​កម្ពុជា អំពី​ការ​ធ្វើ​អាណានិគម​»។ ពិព័រណ៍​នេះ នឹង​​បង្ហាញ​ពី​ការ​ដាក់​អាណានិគមនៅ​កម្ពុជា និង​ទំនាក់​ទំនង​រវាង​ប្រវត្តិសាស្ត្រ​ និង​ការ​ចង​ចាំ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​។ សន្និសីទ​ទាំង​ពីរ​នេះ នឹង​ធ្វើ​ឡើង​ជា​ភាសា​បារាំង ដោយ​មាន​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ​៕
 
សម្រាប់​ព័ត៌​មាន​បន្ថែម អំពី​ព្រឹត្តិការណ៍​ខាង​លើ និង​កម្ម​វិធី​លម្អិត សូម​ចូល​ទៅ​កាន់​អាស័យ​ដ្ឋាន​​ខាង​ក្រោម​​៖ https://institutfrancais-cambodge.com

Tag:
 ពិព័រណ៍​
  ភាព​យន្ត​
  សិល្បៈ​ ចំណង​មិត្ត​ភាព​
  បុណ្យ​ឯករាជ​ជាតិ​
 
© រក្សាសិទ្ធិដោយ thmeythmey.com