ជាតិ
ព្រះមហាក្សត្រ អំពាវនាវឱ្យពលរដ្ឋ សាមគ្គីគ្នាជាធ្លុង ដើម្បីការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ
09, Nov 2023 , 2:59 pm        
រូបភាព
«រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការកែប្រែមុខមាត់ថ្មីគួរឱ្យកត់សម្គាល់»។ នេះជាព្រះរាជឱង្ការរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងពិធីរម្លឹកខួប៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា។



តាមរយៈព្រះរាជសារក្នុងទិវាបុណ្យឯករាជ្យជាតិ ព្រះមហាក្សត្រ បានរម្លឹកដល់គុណូបការៈដល់សម្ដេចនរោត្ត សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានធ្វើព្រះរាជបូនីយកិច្ច ក្នុងការទាមទារឯករាជ្យពេញលេញពីបារាំងមកវិញ។ 
 
«អង្គមីទ្ទីញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តសមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិកាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាវីរក្សត្រ ព្រះវររាជវបិតាឯករាជ្យជាតិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ នេះជាព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបានបន្ថែមព្រះរាជឱង្ការរម្លឹកគុណសម្បត្តិរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ក្នុងការអភិវឌ្ឍគ្រប់វិស័យ ដែលនាំឱ្យកម្ពុជា មានភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ។
 
ទន្ទឹមនេះ ព្រះអង្គក៏មានព្រះរាជឱង្ការអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ «តាមរយៈមីទ្ទីញនេះ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជាទទួលបានអនាគតភ្លឺស្វាង ក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ តែធានាបានឯកភាពជាតិដ៏រឹងមាំ»។ ព្រះអង្គមានព្រះរាជឱង្ការបន្ថែមដូច្នេះ។
 

ថ្លែងក្នុងពិធីរម្លឹកខួប៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគោរពដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះរាជកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ តស៊ូប្ដូរផ្តាច់ដណ្តើមឯករាជ្យជូនជាតិមាតុភូមិ និងបានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ ក្នុងឋានៈជាប្រជាជាតិឯករាជ្យ ដែលឈរស្មើមុខ, ស្មើសិទ្ធិ ជាមួយជាតិសាសន៍ដទៃ។
 
«ឯករាជ្យ និង សន្តិភាព ពុំមែនកើតឡើងដោយឯកឯងនោះទេ ។ ទាំងការទទួលបានឯករាជ្យ និង សន្តិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និង ការផ្តួចផ្តើមដោយខ្មែរខ្លួនឯង ប្រកប ដោយឆន្ទៈមោះមុត និង ការលះបង់ខ្ពស់» ។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានប្ដេជ្ញាដង្ហែតាមស្នាព្រះហស្ថប្រវត្តិសាស្ត្រ និងគំរូវីរភាពរបស់ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងរួមគ្នាជាធ្លុងមួយ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងការថែរក្សា និងការពារឱ្យបានស្ថិតស្ថេរនូវឯករាជ្យ ភាព, អធិបតេយ្យ, សន្តិភាព និងការអភិវឌ្ឍ។
 

Tag:
 ព្រះមហាក្សត្រ
  ឯករាជ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com