អន្តរជាតិ
អ្នកបោះឆ្នោត​នៅ​រដ្ឋ​ Ohio ​គាំទ្រ​សិទ្ធិ​ការពារ​ការរំលូត​កូន​ ខណៈ​បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​នៅ​សភា​នៅ​រដ្ឋ​ Virginia
09, Nov 2023 , 6:59 pm        
រូបភាព
ដោយ: VOA
ដោយ​សល់​រយៈពេល​មួយ​ឆ្នាំ​ទៀត​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់ គណបក្ស​ប្រជាធិបតេយ្យ​និង​អ្នក​តស៊ូ​មតិ​សិទ្ធិ​រំលូត​កូន​បាន​ទទួល​ជ័យជម្នះ​ជា​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​តាម​រដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ។



អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Ohio បាន​យល់ព្រម​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ធានា​លទ្ធភាព​ឱ្យ​មាន​ការ​រំលូត​កូន​និង​ទម្រង់​ផ្សេង​ទៀត​នៃ​សេវា​សុខភាព​បន្ត​ពូជ។
វិធានការ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ការ​ប្រែ​ក្រឡាស់​សេចក្ដី​សម្រេច​លើ​សំណុំ​រឿង Roe v. Wade ឆ្នាំ ១៩៧២ ដែល​សេចក្ដី​សម្រេច​នេះ​ការពារ​សិទ្ធិ​រំលូត​កូន។
 
រដ្ឋ Ohio ស្ថិត​ក្នុង​ចំណោម​រដ្ឋ​មួយ​ចំនួន​ដែល​ការ​ហាមឃាត់​ការ​រំលូត​កូន​បាន​ចូល​ជា​ធរមាន​ក្រោយពី​មាន​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ។
មុន​រដ្ឋ Ohio អ្នក​បោះឆ្នោត​នៅ​តាម​រដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត​ដូចជា California, Kansas, Kentucky, Michigan, Montana និង Vermont បាន​អនុម័ត​នូវ​គំនិត​ផ្ដួចផ្ដើម​ការពារ​សិទ្ធិ​រំលូត​កូន​បន្ទាប់ពី​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ​កាល​ពី​ឆ្នាំ​មុន។
 
នៅ​ក្នុង​រដ្ឋ Kentucky អភិបាល​រដ្ឋ​លោក Andy Beshear ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះ​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​បន្ទាប់​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​លោក​បាន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដោយ​តស៊ូ​មតិ​ឱ្យ​មាន​ការ​លើកលែង​ចំពោះ​ការ​ហាមឃាត់​ស្ទើរតែ​ទាំងស្រុង​លើ​ការ​រំលូត​កូន​នៅ​ក្នុង​រដ្ឋ Kentucky។
 
អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Virginia បាន​បោះឆ្នោត​ប្រឆាំង​នឹង​ក្ដី​សង្ឃឹម​របស់​អភិបាល​រដ្ឋ​លោក Glen Youngkin ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ចង់​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ត្រួតត្រា​លើ​អង្គ​សភា​របស់​រដ្ឋ Virginia។ គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះដោយសំឡេង​តិចតួច​បន្តគ្រប់​គ្រងព្រឹទ្ធសភា​រដ្ឋ Virginia និង​ដណ្ដើម​បាន​មក​វិញ​នូវ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​រដ្ឋ Virginia។
 
គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ Mississippi ដែល​នៅ​ទី​នោះ​អភិបាល​រដ្ឋ​លោក Tate Reeves បាន​យក​ឈ្នះ​លើ​លោក Brandon Presley ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​បាន​កាន់​តំណែង​នៅ​អាណត្តិ​ទី​ពីរ​ជា​បន្ត​ទៀត៕
 

Tag:
 អ្នកគាំទ្រអបអរសាទរនៅពេលពួកគេមើលលទ្ធផលបោះឆ្នោតនៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2023 នៅទីក្រុង Columbus រដ្ឋ Ohio។
© រក្សាសិទ្ធិដោយ thmeythmey.com