អន្តរជាតិ
លោកស៊ី នឹងជួបជាមួយលោកបៃឌិន ដើម្បីជជែកពីពាណិជ្ជកម្ម និងកោះតៃវ៉ាន់ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅកិច្ចប្រជុំក្រុមប្រទេស G20 នៅកោះបាលី ឥណ្ឌូណេស៊ី។ រូបភាព AFP
× ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅទីក្រុង San Francisco ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-ចិន និងកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា។
ស្របពេលចិន និងអាម៉េរិក កំពុងមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន លោក ស៊ី ជិនភីង នឹងបំពេញទស្សនកិច្ចនៅទីក្រុង San Francisco ក្នុងរដ្ឋកាលីហ្វ័រញ៉ា តាមការអញ្ជើញរបស់សមភាគីអាម៉េរិក លោក ចូ បៃឌិន នៅពេលកន្លងមក។ មិនតែប៉ុណ្ណោះ លោក ស៊ី ក៏ចូលរួមកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកផង។
ក្នុងជំនួបដ៏សំខាន់នេះ លោក ស៊ី នឹងលើកយកបញ្ហាកោះតៃវ៉ាន់ ដែលជាប្រធានបទដ៏សំខាន់ទៅជជែកជាមួយលោកបៃឌិន។ កន្លងមក ចិន បានចាត់ទុកកោះតៃវ៉ាន់ ជាបន្ទាត់ក្រហមនៅក្នុងទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។
តាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre មេដឹកនាំប្រទេសទាំងពីរ ពិភាក្សាពីការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការរួមគ្នាលើផលប្រយោជន៍រួម និងបញ្ហាប្រឈមឆ្លងព្រំដែន ដែលជះឥទ្ធិពលដល់សហគមន៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ប្រធានាធិបតីចិន បានជួបជាមួយសមភាគីអាម៉េរិកដោយផ្ទាល់លើកចុងក្រោយ នៅក្នុងកិច្ចប្រជុំ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅកោះបាលី ឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២២។
កន្លងមក ចិន និងអាម៉េរិក តែងមានការប៉ះទង្គិចពាក្យសម្តីជាមួយគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ តុល្យភាពពាណិជ្ជកម្ម ហុងកុង និងបញ្ហាជាច្រើនទៀត៕
Tag:
ចិន
អាម៉េរិក
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com