ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ឱ្យអ្នករកស៊ីបូមលូបង្គន់ ស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្ម
11, Nov 2023 , 9:59 pm        
រូបភាព
រូបថតដោយ​៖​ អ៊ូ​ សុខមាន
រូបថតដោយ​៖​ អ៊ូ​ សុខមាន
ភ្នំពេញ៖ ដើម្បីគ្រប់គ្រងកាកសំណល់ភក់បង្គន់ ឱ្យសមស្របតាមបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំដល់ប្រតិបត្តិករដែលផ្ដល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូនកាកសំណល់ភក់បង្គន់ទាំងអស់ ឱ្យស្នើសុំអាជ្ញាបណ្ណ។ នេះបើតាមសេចក្ដីណែនាំ ចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។


 
ការអភិវឌ្ឍដ៏រីកចម្រើន និងកំណើនប្រជាជន នៅក្នុងរាជធានីភ្នំពេញ បានធ្វើឱ្យមានតម្រូវការជាច្រើន ជាពិសេសបញ្ហាកាកសំណល់ភក់បង្គន់។ នាពេលបច្ចុប្បន្ននេះ រថយន្តបូមសំណល់នៅភ្នំពេញ ហាក់មានការកើនឡើង ក៏ប៉ុន្តែនៅមិនទាន់រក្សាអនាម័យ និងធ្វើតាមលក្ខណៈបច្ចេកទេសនៅឡើយ។ 
 
តាមរយៈសកម្មភាពទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងគ្រប់គ្រងលើសេវាកម្មបូម ប្រមូល ដឹកជញ្ជូនកាកសំណល់ភក់បង្គន់ឱ្យបានល្អប្រសើរ ដើម្បីរក្សានូវសោភ័ណភាព សណ្ដាប់ធ្នាប់ បរិស្ថានស្អាត និងមិនប៉ះពាល់ដល់ពលរដ្ឋ។ បើតាមសេចក្ដីណែនាំខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ឱ្យប្រតិបត្តិករសេវាកម្មបូម ប្រមូល ដឹកជញ្ជូនកាកសំណល់ភក់បង្គន់ទាំងអស់ ស្នើសុំអាជ្ញាបណ្ណ ចាប់ពីថ្ងៃទី១-៣១ ខែធ្នូ។ 
 
អាជ្ញាបណ្ណនេះ ផ្ដល់ជូនរយៈពេល១ឆ្នាំ ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករទាំងអស់មានសិទ្ធផ្ដល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលកាកសំណល់នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 
 
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាប្រតិបត្តិករបូមសំណល់ភក់បង្គន់ទាំងអស់ នឹងសហការចូលរួមអនុវត្តសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ។ ជាមួយគ្នានេះ ក្នុងករណីប្រតិបត្តិករណាមួយ មិនអនុវត្តតាមខ្លឹមសារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

Tag:
 បូមលូបង្គន់
  បរិស្ថាន
  អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com