ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ទទូចឱ្យគ្រប់ភាគីចូលរួមលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរ
12, Nov 2023 , 11:19 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នា ដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ របស់រាជរដ្ឋាភិបាលកម្ពុជា។  កម្ពុជា ប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ នៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីក្រើនរម្លឹកពលរដ្ឋ និងភាគីពាក់ព័ន្ធ ឱ្យយល់ដឹងពីសារៈសំខាន់នៃអនាម័យនៅជនបទ និងការចូលរួមធ្វើឱ្យស្ថានភាពកាន់តែប្រសើរឡើង។


តាមលិខិតដដែល សម្ដេចនាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យបានសកម្មដើម្បីពន្លឿនអត្រាគ្របដណ្ដប់អនាម័យជនបទ។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមលើកកម្ពស់អនាម័យជនបទ និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យបានច្បាស់លាស់ និងទុកចិត្ត។
 
សម្រាប់សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ក្រុមងាយរងគ្រោះដូចជា ជនក្រីក្រ ជនជាតិដើមភាគតិច ស្រ្តីមេម៉ាយ និងជនពិការ រួមទាំងអ្នករស់នៅតំបន់ដាច់ស្រយាល  ក៏រឹតតែត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។ បើតាមសារលិខិតដដែល ដោយសម្ដេច ហ៊ុន ម៉ាណែត ក៏មិនភ្លេចរម្លឹកដល់ភាគីពាក់ព័ន្ធបន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅក្នុងសហគមន៍ តាមសាលារៀន និងស្ថាប័នសាធារណៈ។ លើសពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្តិអនាម័យនៅពេលស្រ្តី និងកុមារីពេញវ័យមានរដូវ។ 
 
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ន អត្រាគ្របដណ្ដប់អនាម័យជនបទនៅកម្ពុជា បានកើនដល់ប្រមាណ ៨៥ភាគរយ ខណៈដែលខេត្តចំនួន៦ រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកែប បានក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ កម្ពុជា មានគោលដៅជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្ដប់ ៩០ភាគរយ នៅឆ្នាំ២០២៣ និង១០០ភាគរយ នៅឆ្នាំ២០៣០៕
 

Tag:
 អនាម័យ
  ជនបទ
  ទឹកស្អាត
  បន្ទោបង់
© រក្សាសិទ្ធិដោយ thmeythmey.com