នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី១២ ខែវិច្ឆិកា បានបញ្ជាក់យ៉ាងច្បាស់ថា អុីស្រាអែល មិនចង់ឱ្យអាជ្ញាធរប៉ាឡេស្ទីន(PA) ត្រលប់មកគ្រប់គ្រងតំបន់កាហ្សាវិញឡើយ ហើយអុីស្រាអែល នឹងគ្រប់គ្រងសន្តិសុខនៅតំបន់នោះ។
ក្នុងរយៈពេលជាង១ខែមកនេះ ប្រតិបត្តិការយោធាអុីស្រាអែល បានចូលកាន់តែជ្រៅទៅក្នុងតំបន់កាហ្សាភាគខាងជើង ដើម្បីបោសសម្អាតក្រុមហាម៉ាស ដែលជាសត្រូវដ៏ធំរបស់ខ្លួន។ ដោយមើលឃើញពីវាសនារបស់ក្រុមហាម៉ាសអាចត្រូវបានកម្ចាត់ចោល លោក Mahmoud Abbas ប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន (PA) បានអះអាងថា អាជ្ញាធរប៉ាឡេស្ទីន អាចនឹងដើរតួនាទីដ៏សំខាន់លើតំបន់កាហ្សា នៅពេលអនាគត។
អាជ្ញាធរប៉ាឡេស្ទីន ដែលកំពុងគ្រប់គ្រងនៅតំបន់ត្រើយខាងលិច (West Bank) ធ្លាប់គ្រប់គ្រងតំបន់កាហ្សាមុនឆ្នាំ២០០៧ មុនត្រូវបានបណ្ដេញចេញដោយក្រុមហាម៉ាសក្នុងការប្រយុទ្ធរវាងក្រុមដ៌មានឥទ្ធិពលទាំង២។
យ៉ាងណាមិញ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល នៅថ្ងៃទី១២ ខែវិច្ឆិកា បានច្រានចោលវត្តមានអាជ្ញាធរប៉ាឡេស្ទីននៅតំបន់កាហ្សា។
ថ្លែងប្រាប់អ្នកសារព័ត៌មានប្រមុខរដ្ឋាភិបាលអុីស្រាអែល បានសង្កត់ធ្ងន់ថា លោក មិនចង់ឱ្យអាជ្ញាធរប៉ាឡេស្ទីន វិលមកគ្រប់គ្រងតំបន់កាហ្សាឡើយ ដោយសារការបណ្តុះសម្អប់លើអុីស្រាអែល និងគោលនយោបាយផ្តល់ប្រាក់បៀវត្សចំពោះគ្រួសារដែលមានសមាជិកជាប់ពន្ធនាគារនៅអុីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
«យើងត្រូវការអាជ្ញាធរខុសប្លែកពីគេមួយ។ យើងត្រូវការរដ្ឋបាលដែលខុសពីគេ»។ នាយករដ្ឋមន្រ្តីអុីស្រាអែល បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយបន្តថា លោកមិនទាន់អាចបញ្ជាក់ពីរដ្ឋបាលថ្មី ដែលត្រូវគ្រប់គ្រងនៅតំបន់កាហ្សាបានឡើយ ដោយសារវាលឿនពេកក្នុងការនិយាយពីរចនាសម្ព័ន្ធដឹកនាំនៅតំបន់កាហ្សា។
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីនៃអាជ្ញាធរប៉ាឡេស្ទីន បានចោទអុីស្រាអែលមានចេតនាចង់បំបែកតំបន់កាហ្សាពីប៉ាឡេស្ទីន។ ត្រង់ចំណុចនេះ មន្រ្តីប៉ាឡេស្ទីន បានព្រមានថា ការប៉ុនប៉ងរបស់រដ្ឋាភិបាលអុីស្រាអែល នឹងមិនទទួលបានជោគជ័យឡើយ ហើយប៉ាឡេស្ទីន មិនអនុញ្ញាតឱ្យកើតឡើងដែរ មិនថាត្រូវរងសម្ពាធអ្វីឡើយ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១១ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលអុីស្រាអែល បានបញ្ជាក់យ៉ាងច្បាស់ថា អុីស្រាអែលមិនបានស្វះស្វែងរកការគ្រប់គ្រង ឬធ្វើអភិបាលតំបន់ាកាហ្សាឡើយ ប៉ុន្តែអុីស្រាអែល នឹងគ្រប់គ្រងផ្នែកសន្តិសុខលើតំបន់កាហ្សា ដើម្បីបញ្ចៀសករណីវាយប្រហារជាថ្មីមកលើខ្លួន ដូចថ្ងៃទី៧ ខែតុលា ដែលហាម៉ាសលួចវាយឆ្មក់ និងបានបង្កឱ្យប្រជាជននៅប្រទេសខ្លួនយ៉ាងហោចណាស់ ១៤០០នាក់ ត្រូវបានសម្លាប់។
ទន្ទឹមនេះ លោកណេតាន់យ៉ាហ៊ូ បានបង្ហើបពីលទ្ធភាពក្នុងការលុបចោលយោធានៅក្នុងតំបន់កាហ្សាផងដែរ ដើម្បីអាចធានាសន្តិសុខខ្លួន។ មិនតែប៉ុណ្ណោះ មេដឹកនាំអុីស្រាអែលរូបនេះ បានថ្លែងថា កម្លាំងក្រុមហាម៉ាសបានបាត់បង់ឥទ្ធិពលនៅតំបន់កាហ្សាជិតអស់ហើយ ក្រោមប្រតិបត្តិការយោធារបស់ខ្លួនន។
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន NBC News នាយករដ្ឋមន្រ្តីអុីស្រាអែល បានបង្ហើបពីលទ្ធភាពដែលរដ្ឋាភិបាលរបស់ខ្លួន អាចនឹងមានកិច្ចព្រមព្រៀងរំដោះចំណាប់ខ្មាំងមួយជាមួយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត នៅក្នុងតំបន់កាហ្សាផងដែរ។
កន្លងមក បណ្តាប្រទេសជាច្រើន និងសហគមន៍អន្តរជាតិ បានអំពាវនាវឱ្យអុីស្រាអែលមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបង្ការវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់កាហ្សា ដែលមានប្រជាជនភៀសខ្លួនជាច្រើនម៉ឺននាក់។ ចំណែកមេដឹកនាំបណ្តាប្រទេសអារ៉ាប់ និងមូស្លីម បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើអ៊ីស្រាអែល។ មនុស្សនៅតំបន់កាហ្សាលើសពី ១១០០០នាក់ ត្រូវបានសម្លាប់៕