កីឡាជាតិ
ជាតិ
តេក្វាន់ដូ ITF ពានរង្វាន់ ហ៊ុន ម៉ានី ធ្វើឡើងដើម្បីសម្រួចអត្តពលិកថ្នាល និងអាជ្ញាកណ្តាល-ចៅក្រម
13, Nov 2023 , 2:54 pm        
រូបភាព
ជាក់ស្តែងនិយម កុំទ្រឹស្តីនិយម! សម្តេច ហ៊ុន ម៉ាណែត ឱ្យរួមគ្នាក្នុងកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»!
ជាក់ស្តែងនិយម កុំទ្រឹស្តីនិយម! សម្តេច ហ៊ុន ម៉ាណែត ឱ្យរួមគ្នាក្នុងកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»!
ការប្រកួតកីឡាតេក្វាន់ដូអាយធីអេហ្វ ពានរង្វាន់ ហ៊ុន ម៉ានី ឆ្នាំ២០២៣ នឹងផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី រួមទាំងថ្នាល បញ្ចេញសមត្ថភាព ក៏ដូចជាឱកាសសម្រាប់សហព័ន្ធ រើសអត្តពលិកមានសក្ដានុពលជំនាន់ក្រោយ ចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ សម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍នានា។ នេះជាការបញ្ជាក់របស់លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វកម្ពុជា ដោយពានរង្វាន់ ហ៊ុន ម៉ានី នេះ ជាផ្នែកមួយ នៃការពង្រឹងសមត្ថភាព របស់ចៅក្រម អាជ្ញាកណ្ដាល និងគណៈកម្មការរៀបចំការប្រកួត ផងដែរ។

 
សហព័ន្ធកីឡាតេក្វាន់ដូ ITF នឹងរៀបចំការប្រកួតពានរង្វាន់ ហ៊ុន ម៉ានី ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាលើកទី១ ដែលសហព័ន្ធរៀបចំ ពានរង្វាន់ ហ៊ុន ម៉ានី ជាពានបន្ទាប់ពីការប្រកួតថ្នាក់ជាតិ កាលពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៣។
 
លោក បួនហ៊ីង សុធីយ៉ា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា សហព័ន្ធ ចង់ឲ្យមានការប្រកួតញឹកញាប់ ដើម្បីឲ្យកីឡាករ-កីឡាការិនី មានឱកាសបញ្ចេញនូវអ្វី ដែលបានហ្វឹកហាត់។ ម្យ៉ាងវិញទៀត អ្នកទាំងនោះ ក៏នឹងទទួលបានបទពិសោធន៍ជាក់ស្ដែងពីការប្រកួតផងដែរ។ 
 
ក្រៅអំពីសិទ្ធផលកីឡាករ-កីឡាការិនី អគ្គលេខាធិការរូបនេះ បន្ថែមថា រៀបចំការប្រកួតញឹកញាប់ ធ្វើឲ្យមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងគណៈកម្មការរៀបចំការប្រកួត ក៏អាចពង្រឹងសមត្ថភាព គុណភាព ដែលអាចឲ្យអ្នកទាំងនោះ មានសមត្ថភាពរៀបចំព្រឹត្តិការណ៍ធំ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
 
«យើង រៀបចំការប្រកួតច្រើន កីឡាករ-កីឡាការិនី នៃក្លិប និងសមាគម របស់យើង ពួកគាត់មានឱកាសច្រើន ក្នុងប្រកួតប្រជែង ដោយបញ្ចេញសមត្ថភាព។ ទាំងក្លិប ទាំងសមាគម ពួកគាត់កាន់តែមានគោលដៅក្នុងការពង្រឹងធនធានកីឡាករ-កីឡាការិនី ដើម្បីប្រជែងពាន ផងដែរ។ ចំណែក អាជ្ញាកណ្ដាល ចៅក្រម និងគណៈកម្មការរៀបចំ ក៏បានបទពិសោធន៍ និងការពង្រឹងសមត្ថភាព ក្នុងការរៀបចំការប្រកួតផងដែរ។»។ អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូ ITF រូបនេះ បាននិយាយដូច្នេះ។
 
លោក សុធីយ៉ា បន្ថែមថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិមុនៗ មានខ្លះ ក៏ធ្លាក់សិទ្ធផល ព្រោះតែមានវ័យច្រើន ដូច្នេះត្រូវការកីឡាករ-កីឡាការិនីវ័យក្មេង ដើម្បីបន្ដវេន។ មន្ដ្រីជាន់ខ្ពស់សហព័ន្ធរូបនេះ បញ្ជាក់ថា ការប្រកួតពានរង្វាន់នេះ គឺជាឱកាសសម្រាប់សហព័ន្ធ រើសយកកីឡាករ-កីឡាការិនីថ្នាល់ ដែលមានសមត្ថភាព និងភាពពិនប្រសព្វ ចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ដូចជាជើងអាស៊ី លើកទី១០ នៅឆ្នាំ២០២៤ ជាដើម។
 
ការប្រកួតនេះ ចែកចេញជា ២វ័យ ដែលសរុបមាន ២៩វិញ្ញាសា។ 
 
ផ្នែកយុវជន អាយុចាប់ពី ១៣ឆ្នាំ ដល់ ១៨ឆ្នាំ

វិញ្ញាសាមេគុនឯកត្តជន ខ្សែក្រវ៉ាត់ក្រោមខ្មៅ បុរស
វិញ្ញាសាមេគុនឯកត្តជន ខ្សែក្រវ៉ាត់ក្រោមខ្មៅ នារី
វិញ្ញាសាប្រយុទ្ធ បុរស (៥០គីឡូក្រាម, ៥៥គីឡូក្រាម និង ៦០គីឡូក្រាម)
វិញ្ញាសាប្រយុទ្ធ នារី (៤៥គីឡូក្រាម, ៥០ គីឡូក្រាម និង ៥៥គីឡូក្រាម)
 
ផ្នែកពេញវ័យ អាយុចាប់ពី ១៨ឆ្នាំឡើង
វិញ្ញាសាសម្រាប់ក្លិប
វិញ្ញាសាមេគុនខ្សែក្រវ៉ាត់ក្រោមខ្មៅ ឯកត្តជន បុរស
វិញ្ញាសាមេគុនខ្សែក្រវ៉ាត់ក្រោមខ្មៅ ឯកត្តជន នារី
វិញ្ញាសាមេគុនខ្សែក្រវ៉ាត់ខ្មៅ ១ជាន់ ឯកត្តជនបុរស
វិញ្ញាសាមេគុនខ្សែក្រវ៉ាត់ខ្មៅ ១ជាន់ ឯកត្តជន នារី
 
វិញ្ញាសាសម្រាប់ជម្រើសជាតិ
វិញ្ញាសាមេគុន ខ្សែក្រវ៉ាត់ខ្មៅ ១ជាន់ ឯកត្តជន បុរស
វិញ្ញាសាមេគុន ខ្សែក្រវ៉ាត់ខ្មៅ ១ជាន់ ឯកត្តជន នារី
វិញ្ញាសាមេគុន ខ្សែក្រវ៉ាត់ខ្មៅ ២ជាន់ ឯកត្តជន បុរស
វិញ្ញាសាមេគុន ខ្សែក្រវ៉ាត់ខ្មៅ ២ជាន់ ឯកត្តជន នារី
 
វិញ្ញាសាប្រយុទ្ធសម្រាប់ក្លិប 
បុរស (៥០, ៥៥, ៦០, ៦៥គីឡូក្រាម)
នារី (៤៥, ៥០, ៥៥, ៦០ គីឡូក្រាម)
វិញ្ញាសាប្រយុទ្ធសម្រាប់ជម្រើសជាតិ
បុរស (៥២ ដល់ ៥៨ គីឡូក្រាម, ៥៨ ដល់ ៦៤គីឡូក្រាម, ៦៤ ដល់ ៧០គីឡូក្រាម)
នារី (៤៨ ដល់ ៥៥គីឡូក្រាម, ៥៥ ដល់ ៦៥គីឡូក្រាម)៕
 

Tag:
 តេក្វាន់ដូ ITF
  បួនហ៊ីង សុធីយ៉ា
  ពានរង្វាន់ ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com