ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យពង្រឹងច្បាប់ហាមឃាត់សាច់បង្កក ខូចគុណភាព
13, Nov 2023 , 5:39 pm        
រូបភាព
ភ្នំពេញ៖ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពង្រឹងច្បាប់ហាមឃាត់ការនាំសាច់បង្កក ខូចគុណភាព ចូលមកកម្ពុជា។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពី សម្ដេច ទទួលបានសំណើមួយចំនួនពីវិស័យឯកជន ដែលពួកគេទាមទារឱ្យពិនិត្យឡើងវិញ លើការគ្រប់គ្រងការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី គ្មានច្បាប់អនុញ្ញាត។



សម្ដេច លើកឡើងថា ការបើកទូលាយសម្រាប់ចំណីអាហារគ្មានច្បាប់ទាំងនេះ បានធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុក ពិបាកប្រកួតប្រជែងទាំងផ្នែកទីផ្សារ និងតម្លៃ ព្រោះថាសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ទាំងអស់ ដែលនាំចូលពីបរទេស សុទ្ធសឹងមានតម្លៃថោក និងគុណភាពទាប។ ក្រៅពីប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក វាក៏ផ្ដល់ប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផងដែរ។  
 
ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខុមាលភាពពលរដ្ឋ រដ្ឋាភិបាល បានណែនាំឱ្យក្រសួងស្ថានប័នពាក់ព័ន្ធ ពង្រឹងឱ្យបានម៉ត់ចត់នូវការហាមឃាត់ការនាំចូលម្ហូប ឬចំណីអាហារណាខូចគុណភាព និងគុណភាពទាប ដែលវាធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ មិនមែនតែ សាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ នោះទេ។ 
 
អាជ្ញាធរពាក់ព័ន្ធ ត្រូវកំណត់ច្រកទ្វារព្រំដែនឱ្យបានច្បាស់លាស់ ក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យ ការនាំចូលខុសច្បាប់ក្រោមរូបភាពផ្សេងៗ។ ក្រៅពីនោះ ត្រូវធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៧ អនក្រ.បក ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់បង្កកទាំងនោះ ដើម្បីធានាគុណភាព និងសុខភាព ស្របតាមការកំណត់នៃបទដ្ឋានគតិយុត្ត ជាធរមាន។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។  
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម ត្រូវប្រើប្រាស់ប្រព័ន្ធ«បញ្ជារតែមួយជាតិ» សម្រាប់សម្រួលដល់ការស្នើសុំការលិខិតអនុញ្ញាតលឿនរហ័ស។ 
 
ការនាំចូលសាច់បង្កកពីបរទេស កំពុងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក២០ទៅ៣០ភាគរយ។ មិនតែប៉ុណ្ណោះ វាក៏ធ្វើឱ្យប៉ះពាល់សុខភាពសារធារណៈផងដែរ ដោយសារតែសាច់ប្រភេទនេះថោក ទើបពលរដ្ឋងាកទៅបរិភោគច្រើន។ នេះបើតាម លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៕ 

Tag:
 កសិកម្ម
  សាច់បង្កក
  សម្ដេច ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com