អន្តរជាតិ
សភាអាម៉េរិក អនុម័តសេចក្តីស្នើកញ្ចប់ថវិការយៈពេលខ្លី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល
15, Nov 2023 , 9:59 pm        
រូបភាព
លោក Mike Johnson ប្រធានសភាតំណាងអាម៉េរិក។ រូបភាព AFP
លោក Mike Johnson ប្រធានសភាតំណាងអាម៉េរិក។ រូបភាព AFP
សភាតំណាងអាម៉េរិក នៅថ្ងៃទី១៤ ខែវិច្ឆិកា បានអនុម័តសេចក្តីស្នើកញ្ចប់ថវិការយៈពេលខ្លីជាថ្មីដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។ កញ្ចប់ថវិកាថ្មីនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតីចូ បៃឌិន បន្តដំណើរការរហូតដល់ពាក់កណ្តាលខែមករាខាងមុខ។

 
ក្នុងសំឡេងគាំទ្រ៣៣៦ ទល់នឹងសំឡេងប្រឆាំង៩៥ សភាតំណាងអាម៉េរិក បានអនុម័តសេចក្តីស្នើកញ្ចប់ថវិការយៈពេលខ្លីសម្រាប់រដ្ឋាភិបាល។ ជានីតិវិធី សេចក្តីស្នើថវិកានេះ នឹងបន្តទៅព្រឹទ្ធសភាឱ្យអនុម័ត មុនទៅដល់តុរបស់លោកប្រធានាធិបតី ចូ បៃឌិន។ ប្រសិនបើកញ្ចប់ថវិកានេះ មិនអាចត្រូវបានប្រធានាធិបតីចុះហត្ថលេខាទេ រដ្ឋាភិបាលនឹងត្រូវបិទនៅថ្ងៃទី១៧ ខែវិច្ឆិកា ហើយបុគ្គលិកសហព័ន្ធជាច្រើន នឹងគ្មានប្រាក់បើក។ 
 
«ការធានារដ្ឋាភិបាលបន្តប្រតិបត្តិការ ជាបញ្ហាដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា»។ លោក Mike Johnson ប្រធានសភាតំណាងអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយបន្តថា សមាជិកសភាតំណាងអាម៉េរិក គឺជំពាក់ប្រជាជន។ 
 
កញ្ចប់ថវិកានេះ មានលទ្ធភាពខ្ពស់ដែលអាចត្រូវបានអនុម័តដោយព្រឹទ្ធសភា និងទៅដល់តុរបស់លោកបៃឌិន ដើម្បីចុះហត្ថលេខា។ តាមការបញ្ជាក់របស់លោក  Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា និងជាសមាជិកបក្សប្រជាធិបតេយ្យ លោកមានភាពរីករាយក្នុងការអនុម័តសេចក្តីស្នើហិរញ្ញវត្ថុពីសមាជិកសភាមកពីបក្សទាំងពីរ។ មេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភារូបនេះ បានបន្តថា លោកនឹងធ្វើការជាមួយ លោក Mitch McConnell មេដឹកនាំតំណាងឱ្យបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា ដើម្បីអនុម័តកញ្ចប់ថវិកានោះ។ 
 
សូមបញ្ជាក់ថា សេចក្តីស្នើខាងលើ នឹងផ្តល់ពេលឱ្យសមាជិកសភាកាន់តែមានពេលវេលាច្រើនជាងមុន ក្នុងការធ្វើសេចក្តីព្រាងថវិការចំណាយរបស់រដ្ឋាភិបាលលើយោធា អប់រំ ការស្រាវជ្រាវវិទ្យាសាស្រ្ត និងវិស័យជាច្រើនទៀត៕ 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com