ជាតិ
អាជ្ញាធរ រកឃើញសារធាតុគីមីលើខ្ញី ដែលដាក់លក់នៅភ្នំពេញ
15, Nov 2023 , 5:39 pm        
រូបភាព
មន្រ្តីជំនាញបង្រ្កាបការក្លែងបន្លំ រកឃើញសារធាតុគីមី ឈ្មោះថា Sodium Hydrosulfite លើខ្ញី នៅតាមទីតាំងកែច្នៃ និងចែកចាយមួយកន្លែង នៅភ្នំពេញ។ រូបភាព៖ ក.ប.ប
មន្រ្តីជំនាញបង្រ្កាបការក្លែងបន្លំ រកឃើញសារធាតុគីមី ឈ្មោះថា Sodium Hydrosulfite លើខ្ញី នៅតាមទីតាំងកែច្នៃ និងចែកចាយមួយកន្លែង នៅភ្នំពេញ។ រូបភាព៖ ក.ប.ប
ភ្នំពេញ៖ មន្រ្តីជំនាញបង្រ្កាបការក្លែងបន្លំ បានរកឃើញសារធាតុគីមីឈ្មោះថា Sodium Hydrosulfite លើខ្ញី នៅតាមទីតាំងកែច្នៃ និងចែកចាយមួយក្នុងចំណោម៣កន្លែង ស្ថិតក្នុងភូមិសាស្រ្ត បឹងសាឡាង ផ្សារនាគមាស និងសង្កាត់ផ្សារដើមគរ។ គីមីប្រភេទនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងឈានដល់ការបាត់បង់ជីវិត។



អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែវិច្ឆិកា បានរកឃើញទីតាំងមួយកន្លែងប្រើប្រាស់សារធាតុគីមីគ្មានស្លាកសញ្ញា ជាម្សៅស ចំនួន៨៥គីឡូក្រាម និងសាជូរ២៨បាវ ស្មើនឹង ៨៣០គីឡូក្រាម។ សារធាតុនេះ ត្រូវបានគេយកទៅប្រើប្រាស់ដោយលាយជាមួយទឹក ហើយដាក់ខ្ញីដែលហាន់រួចត្រាំជាមួយ មុននឹងចែកចាយលក់។ 
 
ការវិភាគបឋមទៅលើគំរូម្សៅសនេះ បង្ហាញថា វាគឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមី មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារនោះទេ។ ការទទួលទានម្ហូបអាហារដែលចេញពីសារធាតុគីមីនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ ចំពោះ អ្នក Allergic និងអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចឈានដល់ការបាត់បង់ជីវិត។
  


សារធាតុគីមី Sodium Hydrosulfite ត្រូវបានម្ចាស់កែច្នៃ និងចែកចាយខ្ជី បញ្ជាទិញពីផ្សារច្បារអំពៅ។ នេះបើតាមការបញ្ជាក់របស់ ក.ប.ប.។ 
 
ជាវិធានការ មន្ត្រីជំនាញបង្រ្កាបការក្លែងបន្លំ បានដកហូតនូវសារធាតុគីមី Sodium Hydrosulfite ចំនួន៨៥គីឡូក្រាម យកមករក្សាទុកបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានីភ្នំពេញ។ ឃាត់បានខ្ញី ដែលកំពុង ត្រាំក្នុងធុងជ័រចំនួន៣ធុង ស្មើនឹង២៥០គីឡូក្រាម ព្រមទាំងឃាត់បានសារធាតុសាច់ជូរ៨៣០គីឡូក្រាម ដើម្បីតាមដានអំពីគោលដៅប្រើប្រាស់។ 
 
ដោយឡែក គំរូសំណាក ត្រូវបានទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្ត។ ក្នុងករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់។
 
ជាមួយគ្នានេះ ក.ប.ប. បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ កុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ករណីធ្ងន់ធ្ងរ វាអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ បង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយរយៈពេលជាយូរអង្វែង៕ 




Tag:
 ក្រសួងពាណិជ្ជកម្ម
  Sodium Hydrosulfite
© រក្សាសិទ្ធិដោយ thmeythmey.com