អន្តរជាតិ
លោក ស៊ី ទទូចអាម៉េរិកឈប់លក់អាវុធឱ្យតៃវ៉ាន់ និងគាំទ្រការបង្រួបបង្រួមទឹកដីវិញ
16, Nov 2023 , 10:18 am        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ចាប់ដៃជាមួយសមភាគីចិន លោក ស៊ី​ ជិនភីង នៅក្រៅក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា ក្នុងថ្ងៃទី១៥ ខែវិច្ឆិកា។ រូបភាព X_President Biden
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ចាប់ដៃជាមួយសមភាគីចិន លោក ស៊ី​ ជិនភីង នៅក្រៅក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា ក្នុងថ្ងៃទី១៥ ខែវិច្ឆិកា។ រូបភាព X_President Biden
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១៥ ខែវិច្ឆិកា បានប្រាប់សមភាគីអាម៉េរិក លោក ចូ បៃឌិនឱ្យបញ្ឈប់ការលក់អាវុធទៅកោះតៃវ៉ាន់ ដើម្បីគាំទ្រការបង្រួមបង្រួមដែនដីទាំងពីរប្រកបដោយសន្តិភាព។ លោកបៃឌិន បានធានានៅចំពោះមុខលោកស៊ីពីការប្តេជ្ញាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

 
ក្នុងកិច្ចប្រជុំកំពូលអាម៉េរិក-ចិន នៅតំបន់ Woodside ដែលស្ថិតនៅចម្ងាយ៤៨គីឡូម៉ែត្រពីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានជំរុញសមភាគីអាម៉េរិកឱ្យបញ្ឈប់ការលក់អាវុធទៅកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាផ្នែកមួយនៃដែនដី។
 
«ភាគីអាម៉េរិក គួរតែ...បញ្ឈប់ការបំពាក់អាវុធតៃវ៉ាន់ ហើយគាំទ្រការបង្រួបបង្រួមប្រកបដោយសន្តិភាព»។ លោក ស៊ី បានថ្លែងបែបនេះ ដោយបន្តថា ចិនប្រាកដជាអាចបង្រួបបង្រួមគ្នាបាន ហើយដំណើរការនេះ គឺមិនអាចបញ្ឈប់បានឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនចេញនៅថ្ងៃទី១៥ ខែវិច្ឆិកា។ 
 
ដូចដឹងស្រាប់ អាម៉េរិក ជាខ្នងបង្អែករបស់តៃវ៉ាន់ និងបានផ្គត់ផ្គង់អាវុធតម្លៃរាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្ម និងពង្រឹងកម្លាំងយោធា។ តាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាម៉េរិកមួយរូបទៅកាន់អ្នកសារព័ត៌មាន មេដឹកនាំចិន បានចាត់ទុក កោះតៃវ៉ាន់ជាបញ្ហាដ៏ធំ និងគ្រោះថ្នាក់ខ្លាំងបំផុតនៅក្នុងទំនាក់ទំនងអាម៉េរិក។ 
 
លោក ស៊ី បានបន្ថែមថា តៃវ៉ាន់តែងនិយាយពីការបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែពួកគេក៏បានបង្ហាញពីលក្ខខណ្ឌដែលចិនអាចប្រើប្រាស់កម្លាំងទ័ពផងដែរ។ ត្រង់ចំណុចនេះ មេដឹកនាំចិន ចង់សំដៅដល់កាយវិការរបស់រដ្ឋាភិបាលក្រុងតៃប៉ិ ក្នុងគោលបំណងចង់ប្រកាសឯករាជ្យ។ 
 
ពីជំនួបនៅក្រៅក្រុង San Francisco មេដឹកនាំអាម៉េរិក បានតបទៅវិញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ មិនតែប៉ុណ្ណោះ លោក បៃឌិន បានទទូចឱ្យរដ្ឋាភិបាលក្រុងប៉េកាំង កុំជ្រៀតជ្រែក និងគោរពដំណើរការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យនៅតៃវ៉ានផងដែរ។ ប្រសិនបើគ្មានការប្រែប្រួលទេ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅក្នុងឆ្នាំ២០២៤ ខាងមុខ។ 
 
ក្នុងជំនួបផ្ទាល់លើកទីពីរចាប់តាំងពីឆ្នាំ២០២១ លោកបៃឌិន ប្រាប់លោកស៊ីឱ្យធានាពីការគ្រប់គ្រងការប្រកួតប្រជែងឱ្យបានត្រឹមត្រូវ និងបង្ការពីការធ្លាក់ចូលទៅក្នុងជម្លោះ។ ជាការឆ្លើយតប លោកស៊ី អះអាងថា ភពផែនដី គឺធំគ្រប់គ្រាន់ហើយសម្រាប់មហាអំណាចសេដ្ឋកិច្ចទាំងពីរដើម្បីសម្រេចគោលបំណងរបស់ខ្លួន។
 
ក្នុងជំនួបរយៈពេលប្រមាណ៤ម៉ោងនេះ លោកបៃឌិន និងលោកស៊ី ក៏បានពិភាក្សាពីសង្រ្គាមនៅអ៊ុយក្រែន ជម្លោះនៅតំបន់មជ្ឈិមបូព៌ា បញ្ញាសិប្បនិម្មិត និងបញ្ហាសិទ្ធិមនុស្សផងដែរ។ នេះជាជំនួបដ៏សំខាន់មួយរវាងមេដឹកនាំអាម៉េរិក-ចិន ក្នុងការស្វះស្វែងរកការបន្ធូរបន្ថយភាពតានតឹង ស្របពេលប្រទេសទាំងពីរមានបញ្ហាចម្រូងចម្រាសជាច្រើន។ 
 
បន្ថែមពីនេះ មេដឹកនាំទាំងពីរបានឯកភាព ក្នុងការបង្កើតទំនាក់ទំនងយោធា និងយោធាឡើងវិញ។ មេដឹកនាំអាម៉េរិក បានស្នើទៅប្រធានាធិបតីចិនឱ្យរៀបចំជំនួបរវាងលោក ឡយ អូស្ទីន ប្រមុខការពារជាតិអាម៉េរិក និងប្រមុខការពារជាតិចិន នៅពេលមន្រ្តីចិនត្រូវបានតែងតាំង។ 
 
តាមរយៈសំណេរលើបណ្តាញសង្គម X លោកបៃឌិន បានចាត់ទុកកិច្ចពិភាក្សាជាមួយលោកស៊ីទទួលបានផ្លែផ្កា និងប្រកបដោយការស្ថាបនាលើវិស័យមួយចំនួន។ លោកបៃឌិន បានលើកឡើងថា មេដឹកនាំទាំងពីរ បានធ្វើឱ្យមានដំណើរការយ៉ាងពិតប្រាកដ៕ 

Tag:
 ចិន​​
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com