ជាតិ
ទីម័រ សម្រចទិញអង្ករពីកម្ពុជា៤ពាន់តោន ជាលើកដំបូង
16, Nov 2023 , 2:00 pm        
រូបភាព
ភ្នំពេញ៖ ប្រទេសទីម័រខាងកើត បានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន៤ពាន់តោន ជាលើកដំបូង បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី ២០ ខែតុលា កន្លងទៅ។



កិច្ចព្រមព្រៀងនេះ បានត្រូវបានចុះដោយ លោក ចាន់ សុខទី ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងលោក Anibal Carvalho Muniz តំណាងជាន់ខ្ពស់មកពីក្រសួងកិច្ចការសេដ្ឋកិច្ច នៃប្រទេសទីម័រ នៅថ្ងៃទី១៥ វិច្ឆិកា។ 
 
ក្នុងឱកាសនោះ លោក ចាន់ សុខទី បានបញ្ជាក់ថា នេះជាការបើកច្រកទីផ្សារថ្មីមួយបន្ថែម សម្រាប់កម្ពុជាក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗជាច្រើនទៀត។ 
 
សូមជម្រាបថា កាលពីដើមខែវិច្ឆិកា កម្ពុជាទទួលជោគជ័យលើការនាំចេញអង្ករសប្រមាណ៣,៤ពាន់តោន ទៅកាន់ឥណ្ឌូណេស៊ី ខណៈកិច្ចព្រមព្រៀងរវាងភាគីទាំងនេះមានរហូតដល់ ១២៥ ០០០តោន ឯណោះក្នុងមួយឆ្នាំ៕ 
 

Tag:
 ទីម័រ
  អង្ករ
  ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com