សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារ Goldman Sachs ៖ សេដ្ឋកិច្ចពិភពលោកនឹងប្រសើរជាងការរំពឹងទុកនៅឆ្នាំ ២០២៤
18, Nov 2023 , 8:29 am        
រូបភាព
មនុស្សដើរ និងជិះកង់លើស្ពាន Brooklyn នៅ New York ។ រូបភាព ៖ AFP
មនុស្សដើរ និងជិះកង់លើស្ពាន Brooklyn នៅ New York ។ រូបភាព ៖ AFP
ធនាគារ Goldman Sachs ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពប្រសើរឡើងជាងការរំពឹងទុកនៅឆ្នាំ២០២៤ ដោយសារកំណើនប្រាក់ចំណូលដ៏រឹងមាំ និងការបន្ថយអត្រាការប្រាក់នៅតាមបណ្តាប្រទេសជឿនលឿន។

 
បើតាមធនាគារ Goldman Sachs ដែលស្រាវជ្រាវលើផ្នែកសេដ្ឋកិច្ចផងនោះ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង២,៦ភាគរយនៅឆ្នាំក្រោយ ដែលខ្ពស់ជាងការប៉ាន់ប្រមាណ២,១ភាគរយដោយក្រុមអ្នកសេដ្ឋកិច្ចរបស់ Bloomberg ។ ​អាម៉េរិក​ក៏​​រំពឹង​ថា​នឹង​មាន​កំណើន​លឿន​ជាង​ប្រទេស​អភិវឌ្ឍដទៃ​ទៀត​ក្នុង​អត្រា ២,១ភាគរយ។
 
យ៉ាងណាមិញ ពិភពលោកនៅតែរងផលប៉ះពាល់ជាច្រើនពីការរឹតបន្តឹងសារពើពន្ធ និងរូបិយវត្ថុធ្លាក់ចុះ។ កន្លងមក ដើម្បីទប់ស្កាត់អតិផរណាធនាគារកណ្តាលអាម៉េរិក (Fed) បានដំឡើងអត្រាការប្រាក់ ១១ដងចាប់តាំងពីខែមីនា ឆ្នាំ២០២២។ កាលពីសប្តាហ៍មុន ប្រធាន Fed លោក Jerome Powell ​បាន​បង្ហាញជំហរ​ចង់​ដំឡើង​អត្រា​ការ​ប្រាក់បន្តទៀត ​ប្រសិន​បើ​ចាំបាច់។
 
ការព្យាករកំណើន GDP ពិតប្រាកដ ( គិតជាភាគរយ បើធៀបគ្រាដូចគ្នាឆ្នាំមុន ) ។ ក្រាហ្វ ៖ Goldman Sachs 

ធនាគារ Goldman Sachs បញ្ជាក់ក្នុងរបាយការណ៍ខ្លួនថា ប្រទេសអភិវឌ្ឍន៍ទំនងជាមិនកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆមាសទី១នៃឆ្នាំក្រោយនោះទេ លុះត្រាតែកំណើនសេដ្ឋកិច្ចខ្សោយជាងការរំពឹងទុក។ អតិផរណានឹងបន្តចុះត្រជាក់បន្តិចសម្រាប់ប្រទេសសេដ្ឋកិច្ចអភិវឌ្ឍ និងកំពុងអភិវឌ្ឍប្រមាណ ២ភាគរយ ទៅ២,៥ភាគរយ។ 
 
ចំណែក​ប្រតិបត្តិការ​នៅ​តាមបណ្តារោងចក្រ​សាកល​នឹង​ងើប​ឡើង​វិញ​ ក្រោយជួប​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​នេះ។ បច្ចុប្បន្ន ផលិតកម្មសកលកំពុងស្ថិតក្រោមសម្ពាធ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនទន់ខ្សោយជាងការរំពឹងទុក គួបផ្សំជាមួយវិបត្តិថាមពលនៅអឺរ៉ុប។
 
លើសពីនេះ ការកើនឡើងប្រាក់ចំណូលពិតប្រាកដក៏ជួយឱ្យ Goldman Sachs កាន់តែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ។ កំណើនប្រាក់ចំណូលពិតប្រាកដនៅអាម៉េរិកអាចនឹងតិចជាង៤ភាគរយនៅឆ្នាំ២០២៣ ប៉ុន្តែនឹងគាំទ្រការប្រើប្រាស់ ព្រមទាំងជួយឱ្យ GDP របស់អាម៉េរិកកើនឡើងយ៉ាងហោចណាស់២ភាគរយ។
 
យ៉ាងណាក៏ដោយ ប្រទេសជាច្រើននៅតែរក្សាបាននូវគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដ៏តឹងរ៉ឹង។ ប៉ុន្តែ Goldman Sachs នៅតែមានទំនុកចិត្តថាស្ថានភាពអាក្រក់ទាំងអស់នេះនឹងត្រូវបានបញ្ចប់។ ប្រទេសជាច្រើននឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច៕

Tag:
 សេដ្ឋកិច្ចពិភពលោក
  Goldman Sachs
© រក្សាសិទ្ធិដោយ thmeythmey.com