សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រេងឆៅធ្លាក់ថ្លៃ៦ភាគរយ ដោយសារតម្រូវការខ្សោយនៅចិន
17, Nov 2023 , 9:59 pm        
រូបភាព
រថយន្ត​ដឹកប្រេងបើក​កាត់​កន្លែង​ស្តុក​ប្រេង​មួយ​នៅ​ជាប់​នឹង​រោងចក្រ​ចម្រាញ់​ប្រេងនៅ Houston រដ្ឋ Texas ។ រូបភាព ៖ AFP
រថយន្ត​ដឹកប្រេងបើក​កាត់​កន្លែង​ស្តុក​ប្រេង​មួយ​នៅ​ជាប់​នឹង​រោងចក្រ​ចម្រាញ់​ប្រេងនៅ Houston រដ្ឋ Texas ។ រូបភាព ៖ AFP
តម្លៃប្រេងឆៅបច្ចុប្បន្នបានធ្លាក់ចុះ៦ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកក្កដា ដោយសារតែការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើស និងតម្រូវការខ្សោយនៅចិន។

 
ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី១៦ ខែវិច្ឆិកា តម្លៃប្រេងឆៅប្រភេទ Brent និង WTI អាម៉េរិកបានធ្លាក់ចុះប្រមាណ៦ភាគរយមកនៅត្រឹម៧៦,៦ដុល្លារ និង៧២,១៦ដុល្លាររៀងគ្នា។ នេះជាកម្រិតតម្លៃទាបបំផុតក្នុងរយៈពេល៤ខែ។ 
 
តម្លៃ​ប្រេង​កំពុង​ធ្លាក់​ចុះ​ដោយ​សារ​​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​លើស​ និង​តម្រូវការ​ខ្សោយរបស់​ចិន។ ទន្ទឹមនេះការស្តុកប្រេងនៅអាម៉េរិកបានកើនឡើងចំនួន ៣,៦លានបារ៉ែលកាលពីសប្តាហ៍មុន។ 
 
លោក Robert Yawger នាយករងទទួលបន្ទុកថាមពលនៅក្រុមហ៊ុនមូលបត្រ Mizuho បានប្រាប់ទូរទស្សន៍ CNN ថា រោងចក្រចម្រាញ់ប្រេងនៅចិនកំពុងកាត់បន្ថយការផលិត ដែលបង្ហាញពីតម្រូវការទាប។ 
 
ចំណែកជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស មិនបានបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់នៅក្នុងតំបន់ដូចការភ័យខ្លាចដំបូងឡើយ។ លោក Patrick De Haan នាយកផ្នែកវិភាគប្រេងនៅ GasBuddy បានប្រាប់ CNN ថា ហានិភ័យពីមជ្ឈិមបូព៌ាមិនទាន់ក្លាយជាការពិតនៅឡើយទេ។
 
ការធ្លាក់ចុះតម្លៃប្រេងបែបនេះចាត់ទុកថា ការវិវដ្តវិជ្ជមានមួយសម្រាប់អតិផរណានៅក្នុងបរិបទដែលតម្រូវការប្រេងឥន្ធនៈត្រូវព្យាករថានឹងកើនឡើងនៅចុងឆ្នាំ។ 
 
ការនេះហាក់ផ្ទុយការព្យាករកាលពី ២ខែមុន នៅពេលដែលតម្លៃប្រេងត្រូវបានគេរំពឹងថានឹងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) រឹតបន្តឹងការផ្គត់ផ្គង់។ បើ​ធៀប​នឹង​ចុង​ខែ​កញ្ញា ប្រេង​ឆៅ​អាម៉េរិក​បច្ចុប្បន្ន​ធ្លាក់​ចុះ ២៣ភាគរយ៕

Tag:
 ប្រេង
  អាម៉េរិក
 ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com