អន្តរជាតិ
ធនាគារកណ្តាលអាម៉េរិកអាចបន្ថយអត្រាការប្រាក់ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤
18, Nov 2023 , 10:51 am        
រូបភាព
ធនាគារនៅអាម៉េរិកជាច្រើនជឿថា ធនាគារកណ្តាលនឹងកាត់បន្ថយអត្រាការប្រាក់ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៤ នៅពេលដែលសេដ្ឋកិច្ចបង្ហាញសញ្ញាជាច្រើននៃចុះខ្សោយមកវិញ។
 
សេដ្ឋវិទូនៅធនាគារ Morgan Stanley ទើបចេញរបាយការណ៍មួយដោយបានសរសេរថា ធនាគារកណ្តាលអាម៉េរិក (Fed) នឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ចាប់ពីខែមិថុនា ឆ្នាំ ២០២៤ ដោយម្ដងបន្ថយប្រមាណ០,២៥ភាគរយ។ ការណ៍នេះនឹងនាំមកនូវអត្រាការប្រាក់យោងនៅអាម៉េរិកធ្លាក់មកដល់ ២,៣៧៥ភាគរយនៅចុងឆ្នាំ ២០២៥។

 
ទន្ទឹមនេះធនាគារ Morgan Stanley ក៏ព្យាករថា អាម៉េរិកនឹងមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្តែត្រូវបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀតព្រោះតែសេដ្ឋកិច្ចចាប់ផ្តើមធ្លាក់ចុះ។ ចំណែកអត្រាគ្មានការងារធ្វើនឹងឡើងដល់៤,៣ភាគរយក្នុងឆ្នាំ ២០២៥ ដែលខ្ពស់ជាងការប៉ាន់ប្រមាណរបស់ Fed  ៤,១ភាគរយ។ 
 
ប្រមុខសេដ្ឋវិទូធនាគារ Morgan Stanley លោកស្រី Ellen Zentner បានលើកឡើងថា ៖« អត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលវែងនឹងអូសបន្លាយសកម្មភាពសេដ្ឋកិច្ច។ យើងនៅតែរក្សាទស្សនៈដែលថាអាម៉េរិកនឹងមានការធ្លាក់ចុះតិចតួច ប៉ុន្តែកំណើនទន់ខ្សោយនឹងបង្កើនការភ័យខ្លាច។»
 
កាលពីខែកញ្ញា Fed បានលើកឡើងថានឹងកាត់បន្ថយអត្រាការប្រាក់ម្តងក្នុងមួយឆ្នាំ ដោយនាំមកនូវអត្រាការប្រាក់យោងដល់ ៥,១២៥ភាគរយក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ និង ៣,៩ភាគរយនៅចុងឆ្នាំ ២០២៥។ Fed នឹងធ្វើបច្ចុប្បន្នភាពការព្យាករនេះនៅក្នុងខែធ្នូបន្តទៀត។
 
សម្រាប់ខែវិច្ឆិកានេះ Fed បានរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរជាលើកទីពីរជាប់ៗគ្នានៅ ៥,២៥ភាគរយដែលជាកម្រិតតខ្ពស់បំផុតក្នុងរយៈពេល ២៥ឆ្នាំ។ 
 
អតិផរណានៅអាមេរិកនៅតែខ្ពស់ជាង២ភាគរយដែលជាការចង់បានរបស់ Fed ។ រង្វាស់អតិផរណានៅអាម៉េរិកសម្រាប់ខែកញ្ញាបានបានធ្លាក់មកត្រឹម៣,៧ភាគរយ៕
 

Tag:
 អត្រាការប្រាក់
  អាម៉េរិក
  ធនាគារកណ្តាល
  Fed
© រក្សាសិទ្ធិដោយ thmeythmey.com