អន្តរជាតិ
មនុស្ស​៦​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​​នៅហ្វីលីពីន​
18, Nov 2023 , 2:39 pm        
រូបភាព
មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់នាថ្ងៃទី១៨ ខែវិច្ឆិកា បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយ សារការរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រនៅភាគខាងត្បូងហ្វីលីពីនបានកើនឡើងដល់ ៦ នាក់ហើយ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួនពីរនាក់។

 
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ បានឱ្យដឹងថា គ្រោះរញ្ជួយដីនៅ ឈូងសមុទ្រ បានវាយប្រហារកោះ Mindanao កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងជម្រៅ ៦០ គីឡូម៉ែត្រ។ បើតាមប្រធានការិយាល័យគ្រោះមហន្តរាយនៃទីក្រុង General Santos ក្នុងខេត្ត South Cotabato លោក Agripino Dacera មនុស្សបីនាក់ បានស្លាប់នៅទីនោះ។ 
 
លោក Dacera សម្គាល់ថា បុរសម្នាក់ និងប្រពន្ធបានស្លាប់ នៅពេលដែលជញ្ជាំងបេតុង បានដួលរលំទៅលើពួកគេ ខណៈដែលស្ត្រីម្នាក់ទៀតបានស្លាប់នៅក្នុងផ្សារទំនើបមួយ។
 
នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីក្នុងខេត្ត Sarangani មនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សពីរនាក់ផ្សេងទៀត ដែលបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដី។ មន្ត្រីឆ្លើយតបគ្រោះមហន្តរាយនៅទីក្រុងឆ្នេរសមុទ្រ Glan លោកស្រី Angel Dugaduga បានរាយការណ៍ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
 
ទន្ទឹមនេះ បើតាមមន្ត្រីការពារស៊ីវិលក្នុងតំបន់ Davao លោក Franz Irag នៅក្នុងខេត្ត Davao Occidental បុរសអាយុ ៧៨ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានកម្ទេចដោយថ្ម។
 
ចំពោះការផ្គត់ផ្គង់ថាមពលត្រូវបានស្ដារឡើងវិញ ហើយផ្លូវភាគច្រើនអាចឆ្លងកាត់បាន។ របាយការណ៍ភាគច្រើនគឺបង្ហាញពីការខូចខាតតិចតួចដល់ផ្ទះ និងអគារ។ 
 
គួរបញ្ជាក់ថា ហ្វីលីពីនស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលហៅថា រង្វង់នៃភ្លើង (Ring of Fire) ដែលជាកន្លែងកម្មភាពភ្នំភ្លើង និង ការរញ្ជួយដីកើតឡើងជាធម្មតា៕
 
 
 

Tag:
 រញ្ជួយដី
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com