អន្តរជាតិ
អាម៉េរិក និងហ្វីលីពីនចុះកិច្ចព្រមព្រៀងលើថាមពលនុយក្លេអ៊ែរ
18, Nov 2023 , 7:39 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
អាម៉េរិក និងហ្វីលីពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកាដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន នាំចេញបច្ចេកវិទ្យា និងសម្ភារៈនុយក្លេអ៊ែរទៅកាន់ទីក្រុងម៉ានីល ដែលកំពុងតែព្យាយាមស្វែងរកវិធីប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីបំបែកកាបូន និងជំរុញឱ្យមានឯករាជ្យភាពលើការប្រើប្រាស់ថាមពលរបស់ខ្លួន។

 
នៅក្នុងពីធីចុះហត្ថលេខារវាងរដ្ឋទាំងពីរនៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង សេន​ហ្វ្រេ​ន​ស៊ី​ស្កូ អាម៉េរិក កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅនេះ អាម៉េរិកបញ្ជាក់ថានឹងអាចចែករំលែកឧបករណ៍ ក៏ដូចជាសម្ភារៈនុយក្លេអ៊ែរជាមួយហ្វីលីពីន នៅពេលដែលប្រទេសទាំងពីរបង្កើតរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច និងហេដ្ឋារចនាសម្ព័ន្ធថាមពលនុយក្លេអ៊ែរស៊ីវិលដទៃទៀត។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ។ 
 
«យើងឃើញថាថាមពលនុយក្លេអ៊ែរក្លាយជាផ្នែកមួយនៃល្បាយថាមពលរបស់ហ្វីលីពីននៅឆ្នាំ ២០៣២ ហើយយើងពិតជារីករាយជាមួយនឹងការដើរលើវិថីនេះជាមួយអាម៉េរិក» ។ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនបានថ្លែងបែបនេះ។ 
 
លោកប្រធានាធិបតីក៏បានបន្ថែមថា ថាមពលនុយក្លេអ៊ែរគឺជាប្រភពមួយដែលហ្វីលីពីនអាចបង្ហាញពីភាពជាដៃគូជាមួយ អាម៉េរិកថាពិតជាដំណើរការយ៉ាងពិតប្រាកដមែន។
 
យ៉ាងណាក្ដី កិច្ចព្រមព្រៀងខាងលើត្រូវទទួលការអនុម័តដោយសភាអាម៉េរិកជាមុនសិន ដើម្បីអនុញ្ញាតឱ្យមានការផ្ទេរដោយសន្តិវិធីលើសម្ភារៈ ឧបករណ៍ និងព័ត៌មាននុយក្លេអ៊ែររវាងប្រទេសទាំងពីរអនុវត្តឡើង។ 
 
គិតត្រឹមចុងឆ្នាំ២០២២ អាមេរិកមានកិច្ចព្រមព្រៀងសរុបចំនួន ២៣ ជាមួយនឹងរដ្ឋសរុបចំនួន ៤៧ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងជាមួយកោះតៃវ៉ាន់៕ 
 

Tag:
 នុយក្លេអ៊ែរ
  អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com