អន្តរជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាម៉េរិក និង​ចិន ​សន្យា​ថា​នឹង​មាន​កិច្ចពិភាក្សារវាងប្រទេសទាំងពីរនៅ​ឆ្នាំ​២០២៤
18, Nov 2023 , 8:39 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
ក្រសួងពាណិជ្ជកម្មអាម៉េរិកបានប្រកាសកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា ខ្លួន និងចិនគ្រោងនឹងពិភាក្សាគ្នាបន្ថែមទៀតលើបញ្ហាពាណិជ្ជកម្មនៅឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តដើម្បីបន្តការចូលរួមកម្រិតខ្ពស់រវាងប្រទេសមហាអំណាចទាំងពីរ ទោះបីជាស្ថានភាពពេលនេះមានភាពតានតឹងក៏ដោយក្ដី។

 
សេចក្ដីប្រកាសខាងលើបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងពីរ លោក ចូ បៃឌិន និងលោក ស៊ី ជីនភីងបានជួបគ្នានៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុង សេន​ហ្វ្រេ​ន​ស៊ី​ស្កូ អាម៉េរិកកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ។ 
 
បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរបានបញ្ចប់ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo ក៏បានជួបជាមួយសមភាគីចិនលោក Wang Wentao កាលពីថ្ងៃទី១៦ ខែវិច្ឆិកា អំពីទំនាក់ទំនងពាណិជ្ជកម្មរបស់រវាងប្រទេសទាំងពីរ។
 
«ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អ្នកទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពដែលធ្វើឡើងក្រោមក្រុមការងារបញ្ហាពាណិជ្ជកម្ម ហើយបានមានគម្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅដើមឆ្នាំ ២០២៤»។ នាយកដ្ឋានពាណិជ្ជកម្មបានប្រកាសបែបនេះក្នុងសេចក្ដីថ្លែងការណ៍អំពីជំនួបរវាង រដ្ឋមន្ត្រីពាណិជ្ជកម្មទាំងពីរ។ 
 
ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏បានសម្ដែងការព្រួយបារម្ភ និងនិយាយអំពី ការទប់ស្កាត់នៃការនាំចេញរបស់ខ្លួន ដែលមានបំណងចង់កាត់បន្ថយការអនុញ្ញាតិឱ្យចិនចូលប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់ដែលជាវិធានការសន្តិសុខជាតិមួយរបស់ខ្លួន។ 
 
យ៉ាងណាក្ដី ទីក្រុងប៉េកាំងបានច្រានចោលការព្រួយបារម្ភទាំងនោះ ហើយលោក ស៊ីក៏បានប្រាប់លោក បៃឌិនថាសកម្មភាពនៃការទប់ស្កាត់បែបនេះ នឹងប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ចិន។
 
គួរបញ្ជាក់ថា នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិកក៏គ្រោងនឹងធ្វើការជាមួយអាជ្ញាធរចិនផងដែរ ដើម្បីលើកកម្ពស់ការទំនាក់ទំនងរវាងប្រទសទាំងពីរ តាមរយៈកិច្ចប្រជុំកំពូលអ្នកដឹកនាំទេសចរណ៍ដែលគ្រោងនឹងធ្វើឡើងនៅខែ ឧសភាក្នុងទីក្រុងស៊ីអាន ចិននាឆ្នាំក្រោយ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com