ជាតិ
សង្គមជាតិ
ស.ស.យ.ក. នឹងរៀបចំខួបលើកទី៤៥​ នៅថ្ងៃទី១៦ ធ្នូ
18, Nov 2023 , 5:09 pm        
រូបភាព
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំខួបលើកទី៤៥របស់ខ្លួន នៅថ្ងៃទី១៦ ខែធ្នូ នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖


សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានសម្រេចរៀបចំការប្រគុំតន្រ្តីអបអរសាទរខួបលើកទី៤៥របស់ខ្លួន នៅថ្ងៃទី១៦ ខែធ្នូ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ 
 
លោក សំហេង បុរស ប្រធានក្រុមការងាររចនា តុបតែង ផលិតសម្ភារៈផ្សព្វផ្សាយ និងរៀបចំការប្រគុំតន្ត្រី អបអរសាទរកំណើតនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងសម្រាប់ទទួលមនុស្សប្រមាណ២ម៉ឺននាក់ទាំងសមាជិកស.ស.យ.ក. និងសាធារណជនអាចចូលរួមបានដោយសេរីផងដែរ។ ក្រៅពីការប្រគុំតន្រ្តី ក៏មានការតាំងពិព័រណ៍សមិទ្ធផលនានារបស់យុវជនស.ស.យ.ក.ផងដែរ។
  
លោក សំហេង បុរស ប្រធានក្រុមការងាររចនា តុបតែង ផលិតសម្ភារៈផ្សព្វផ្សាយ និងរៀបចំការប្រគុំតន្ត្រី អបអរសាទរកំណើតនៃសហភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងពិធីជួបជុំជាមួយសិល្បៈករសម្រាប់កម្មវិធី នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅសណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ លោក សំហេង បុរស បញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងជាការអបអរដល់យុវជនរាប់ម៉ឺននាក់ ដែលបានលះបង់ពេលវេលាជួយកិច្ចការសង្គម និងការទទួលខុសត្រូវជាមួយជាតិមាតុភូមិផងដែរ។
 
«អ្វីដែលយើងដាក់ចេញនូវប្រធានបទនៅពេលនេះមាន៣ដើម្បីឆ្លុះបញ្ចាំងនៅថ្ងៃនោះគឺ ភាសាបេះដូងជូនដូនតា គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និងក្ដីស្រឡាញ់សម្រាប់កម្ពុជា»។ នេះជាការលើកឡើងរបស់លោក សំហេង បុរស ប្រធានក្រុមការងាររចនា តុបតែង ផលិតសម្ភារៈផ្សព្វផ្សាយ និងរៀបចំការប្រគុំតន្ត្រី អបអរសាទរកំណើតនៃសហភាពសហព័ន្ធយុវជនកម្ពុជា។
  


សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្តូរឈ្មោះពី សមាគមយុវជនកម្ពុជានៅឆ្នាំ​២០១២ ដែលមាន​ឋានៈជា​អង្គការមិនមែនរដ្ឋាភិបាលមួយ។ តាម​ពិត សមាគមយុវជនកម្ពុជា មានឈ្មោះដើម​ជា សមាគម​យុវជនសង្គ្រោះជាតិកម្ពុជាដែលត្រូវបានបង្កើតឡើង​ទន្ទឹមគ្នា​នឹងរណសិរ្ស​សាមគ្គីសង្គ្រោះជាតិ​កម្ពុជា​នៅថ្ងៃ​ទី​២ខែធ្នូ​ឆ្នាំ​១៩៧៨។ សហភាពសហព័ន្ធយុវជនកម្ពុជា ជាកន្លែងប្រមូលផ្ដុំយុវជនគ្រប់មជ្ឈដ្ឋាន​ដោយមិនប្រកាន់ ពូជសាសន៍ សាសនា ឋានៈសង្គម និងជាពិសេស​និន្នាការនយោបាយ ដើម្បីបង្កើតជាកម្លាំងសាមគ្គី​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដែលឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ។ សហភាពសហព័ន្ធយុវជនកម្ពុជា​ក៏មានបេសកកម្ម​បណ្ដុះបណ្ដាល​សមត្ថភាពយុវជនទូទាំងប្រទេស​ និងដឹកនាំ​ជំរុញទឹកចិត្ត​ឱ្យពួកគេ​ធ្វើកិច្ចការ​មនុស្សធម៌ និងកិច្ចការសង្គម​ដោយស្ម័គ្រចិត្តផងដែរ៕




Tag:
 សសយក
 សហភាពសហព័ន្ធយុវជនកម្ពុជា
 ខួបលើទី៤៥
© រក្សាសិទ្ធិដោយ thmeythmey.com