កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កីឡាករថៃ នឹងបានរង្វាន់ខ្ទង់៥០ម៉ឺនដុល្លារម្នាក់ បើឆ្លងផុតវគ្គជម្រុះជុំទី២
18, Nov 2023 , 5:59 pm        
រូបភាព
សេដ្ឋីនី Nualphan Lamsam ឬ Madam Pang បានសន្យាផ្តល់ប្រាក់រង្វាន់ដល់កីឡាករក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងម្នាក់ៗ ៣លានបាត (៨៤,៤៥៩ ដុល្លារ) បើឈ្នះក្នុងមួយប្រកួត នៅវគ្គជម្រុះ FIFA World Cup ជុំទីពីរ តំបន់អាស៊ី។ អ្នកចាត់ការរួបនេះ នឹងបន្ថែមជិត៣០ម៉ឺនដុល្លារក្នុងម្នាក់ទៀត បើក្រុមដំរីសង្គ្រាម ឆ្លងទៅវគ្គជម្រុះ ជុំទី៣។



នៅមុនការប្រកួតបើកឆាកពូល C នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ដែលក្រុមថៃ ចាញ់ចិន ២-១ មួយថ្ងៃ អ្នកស្រី Pang បានទៅមជ្ឈមណ្ឌលហ្វឹកហាត់ ដើម្បីគាំទ្រក្រុមដោយសន្យាថា នឹងផ្តល់ប្រាក់រង្វាន់ដល់កីឡាករម្នាក់ៗ ៨៤,៤៥៩ ដុល្លារ សម្រាប់ជ័យជម្នះមួយលើក។ 
 
មិនតែប៉ុណ្ណោះ សេដ្ឋីនីដែលជ្រោមជ្រែងវិស័យកីបាល់ទាត់ថៃ ទាំងក្រុមបុរស និងនារីរូបនេះ នឹងផ្តល់រង្វាន់បន្ថែមទៀត ក្នុងម្នាក់១០លានបាត ឬ ជិត៣០ម៉ឺនដុល្លារ ប្រសិន​បើ​ក្រុមថៃ​ឈាន​ទៅ​ ​ ជុំទី​៣ វគ្គ​ជម្រុះកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ Madam Pang បានបង្ហោះបែបនេះលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៦ ខែវិច្ឆិកា។
 
ការសន្យារបស់មហាសេដ្ឋីថៃរូបនេះ ទំនងជាការផ្តល់កម្លាំងចិត្តដល់ក្រុមថៃក្នុងជំនួបដំបូង ប៉ុន្តែត្រូវខកចិត្តទៅហើយ ក្រោយចាញ់ចិន ២-១ នៅកីឡដ្ឋាន Rajamangla។
  


«ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចផ្តល់រង្វាន់ ៦ លានបាតសម្រាប់កីឡាករម្នាក់ៗ នៅពីរប្រកួតដំបូង ព្រោះខ្ញុំចង់បាន៦ពិន្ទុ»។ នេះជាការលើកឡើងរបស់ Madam Pang ដោយអ្នកស្រីចាត់ទុកការប្រកួត២លើកដំបូងជាជំនួបសំខាន់បំផុតក្នុងវគ្គជម្រុះសម្រាប់ក្រុមថៃ។
 
ដោយសារក្នុងពូល C មាន សិង្ហបុរី ចិន និងកូរ៉េខាងត្បូង ពិតជាធ្វើឱ្យក្រុមរហស្សនាមដំរីសង្គ្រាម មានភាគរយតិចក្នុងការប្រជែងទៅជុំទី៣។ ក្នុងចំណោមគូប្រជែងទាំងអស់ក្នុងពូល មានតែសិង្ហបុរី ប៉ុណ្ណោះដែលថៃមានភាគរយខ្ពស់ក្នុងការដណ្តើមបាន៣ពិន្ទុ ខណៈកូរ៉ខាងត្បូងជាក្រុមខ្លាំងដាច់គេ បន្ទាប់ពីចិន។ 

 
ជំនួបបន្ទាប់ ក្រុមថៃ ត្រូវទៅសួរសុខទុកសិង្ហបុរី នៅថ្ងៃទី២១ ខែវិច្ឆិកា ស្របពេល ចិន ស្វាគមន៍កូរ៉េខាងត្បូង នៅម៉ោង៧យប់ ដំណាលគ្នា [ម៉ោងនៅកម្ពុជា]។ កូរ៉េខាងត្បូង ឈរកំពូលតារាងពូល C បណ្តោះអាសន្ន តាមពីក្រោយដោយចិន ថៃ និងសិង្ហបុរី។
 
ប្រសិនឈ្នះក្នុងជំនួបបន្ទាប់ទល់សិង្ហបុរី នោះថៃ​ដែលកោះហៅ​កីឡាករ​២៦​នាក់​​ នឹងបានប្រាក់រង្វាន់ពី Madam Pang ៧៨លានបាត ឬស្មើនឹង ២,២ លានដុល្លារ៕

Tag:
 World Cup
  Madam Pang
  ជម្រើសជាតិថៃ
© រក្សាសិទ្ធិដោយ thmeythmey.com