ជាតិ
អណ្ដើកភ្នំជិតផុតពូជមួយក្បាល ត្រូវបានប្រទះឃើញនៅដែនជម្រកសត្វព្រៃសៀមប៉ាង
18, Nov 2023 , 9:09 pm        
រូបភាព
រូបភាពពី មរតកបៃតង
រូបភាពពី មរតកបៃតង
ដោយ៖ សែម ប្រាដាវ

ភ្នំពេញ៖ អណ្ដើកភ្នំ ឬអណ្ដើកព្រិច ដែលជាសត្វជិតផុតពូជមួយក្បាលត្រូវបានប្រទះឃើញក្នុងខែកញ្ញា នៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។
នេះបើតាមហ្វេសប៊ុករបស់USID មរតកបៃតង នៅថ្ងៃទី ១៧ ខែវិច្ឆិកានេះ។
 
បើតាម USAID មរតកបៃតង ការបង្ហញខ្លួនអណ្ដើកភ្នំនេះ គឺជាដំណឹងដ៏ ភ្ញាក់ផ្អើល និងរំភើបដោយសារតែសត្វនេះ ជាប្រភេទសត្វជិតផុតពូជបំផុត។  អណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើកដែលរស់នៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។  សត្វនេះ ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុត​ ដោយសារការថយចុះចំនួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូលអណ្ដើកនេះ  ធ្វើជាឱសថបុរាណ ពាណិជ្ជកម្មសត្វចិញ្ចឹមនិងជាអាហារជាដើម។  
 
បើតាមរបាយការណ៍របស់មរតកបៃតង អណ្តើកព្រិច ជាប្រភេទសត្វស៊ីសាច់ និងរុក្ខជាតិ ជាអាហារ។ ដោយឡែក អាហារចម្បងរបស់សត្វអណ្តើកនេះ រួមមានដូចជាស្លឹកឈើ ផ្លែឈើ  ផ្សិត  និងសត្វឥតឆ្អឹងខ្នងជាដើម។ អណ្ដើកភ្នំ ឬអណ្តើកព្រិច ភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ និងកម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់។  
 
ជាមួយគ្នានេះ អណ្តើកនេះ ភាគច្រើនធ្វើសកម្មភាពនៅពេលព្រឹកព្រលឹមឬពេលព្រលប់ ហើយក្នុងរដូវវស្សា សត្វប្រភេទនេះតែងតែសកម្មជាងធម្មតា៕

Tag:
 អណ្តើកភ្នំ
  សៀមប៉ាង
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com