ជាតិ
សង្គមជាតិ
លោក គួច ចំរើន ឱ្យទូកដឹកទំនិញ ទូកនេសាទ ផ្អាកធ្វើដំណើរតាមសមុទ្របណ្ដោះអាសន្ន
18, Nov 2023 , 6:29 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យទូកដឹកទំនិញផ្សេងៗ និងទូកនេសាទ ត្រូវបន្តផ្អាកធ្វើដំណើរតាមផ្លូវសមុទ្របណ្ដោះអាសន្ន ដោយសារបញ្ហាអាកាសធាតុ។



ក្នុងវីដេអូឃ្លីជាង១នាទី បង្ហោះក្នុងផេកហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឱ្យទូកនេសាទ និងទូកដឹកទំនិញនានា ដែលត្រូវធ្វើដំណើរតាមផ្លូវសមុទ្រ ត្រូវបន្តផ្អាកសកម្មភាពបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា រហូតដល់ស្ថានភាពអាកាសធាតុប្រសើរឡើងវិញ។ 
 
ដោយឡែកទូក ឬកាណូតម៉ាស៊ីនធំៗ ដែលដឹកទេសចរទៅដីកោះ និងពីកោះត្រឡប់មកដីគោកវិញ អាចចរាចរណ៍តាមផ្លូវសមុទ្រធម្មតា ប៉ុន្តែត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយដាច់ខាតត្រូវតែពាក់អាវពងការពារគ្រប់គ្នាទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក គួច ចំរើន។
 
«សូមពិចារណាក្នុងការពិនិត្យមើលសម្រាប់ទូក កាណូតដែលមានម៉ាស៊ីនធំៗគឺ អាចឱ្យបងប្អូនចេញក្នុងការដឹកជញ្ជូនអ្នកដំណើរទៅទីដីកោះ ឬពីដីកោះមកកាន់ដីគោកបាន។ ដោយឡែកបញ្ហាប្រជានេសាទ ជាមួយទូកដឹកទំនិញផ្សេងៗ សូមឱ្យផ្អាកជាបណ្ដោះអាសន្នបន្តិចទៀតសិន រង់ចាំមើលស្ថានភាពអាកាសធាតុមានការប្រែប្រួលបន្តទៀត»។
 
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ កម្ពុជានឹងរងសម្ពាធពីខ្យល់មូសុងឦសានចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកា​ ឆ្នាំ២០២៣។ ឥទ្ធិពលនៃសម្ពាធខ្យល់មូសុងនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រអាចមានរលកខ្ពស់ៗ និងខ្យល់បោកបក់ខ្លាំង៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com