ជាតិ
គ្រប់ប្រទេសសមាជិក មានសិទ្ធរៀបប្រកួតគុនខ្មែរជើងឯកពិភពលោក ដោយចាប់ផ្ដើមពីកម្ពុជាមុន
19, Nov 2023 , 8:59 am        
រូបភាព
លោក វ៉ាត ចំរើន ពាក់អាវស ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក វ៉ាត ចំរើន ពាក់អាវស ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
កម្ពុជា នឹងរៀបចំការប្រកួតជ្រើសជើងឯកគុនខ្មែរពិភពលោក លើកទី៤ នៅខេត្តសៀមរាប នាថ្ងៃទី២៦-២៧-២៨​ ខែវិច្ឆិកា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ការរៀបចំប្រកួតគុខខ្មែរពិភពលោក មិនមែនមានតែកម្ពុជាទេ មានសិទ្ធធ្វើជាម្ចាស់ផ្ទះ បណ្តាប្រទេសសមាជិកផ្សេងទៀត ក៏មានសិទ្ធស្នើរៀចំបានដែរ ដោយធ្វើបន្ទាប់ពី កម្ពុជាដែលជាម្ចាស់ក្បាច់គុន។



កម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកគុនខ្មែរពិភពលោក ចំនួន ៣លើករួចមកហើយ។ លើកទី១ មានប្រទេសចំនួន៣ប៉ុណ្ណោះ ចូលរួម។ លើកទី២ ប្រទេស ដែលចូលរួម កើនទៅដល់ ១០ប្រទេស និងលើកទី៣ មាន ១១ប្រទេសចូលរួម។ ចំណែកលើកទី៤ នាឆ្នាំ២០២៣នេះ មាន ១៥ប្រទេសចូលរួម។ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក គឺត្រូវធ្វើជារៀងរាល់ឆ្នាំ ហើយចំនួនប្រទេសដែលចូលរួម បានកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ។
 
ប្រទេស ជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ មានចំនួនជាង ៦០ ប៉ុន្ដែចូលរួម បានត្រឹមតែ ១៥ប្រទេសប៉ុណ្ណោះ។ លោក វ៉ាត់ ចំរើន បានប្រាប់ពីមូលហេតុមកសារព័ត៌មានថ្មីៗ ជាវីឌីអូសម្ភាសថា ក្នុងចំណោមសមាជិក ៦០នោះ ប្រទេសខ្លះ មានក្លិប មានរចនាសម្ព័ន្ធក្លិប ប៉ុន្ដែ ពុំទាន់មានការឧបត្ថម្ភគាំទ្រ ពីរដ្ឋ ឬពីស្ថាប័នក្រុមហ៊ុនណាមួយ ដែលនេះ ជាហេតុ សមាជិកខ្លះ មិនទាន់បានចូលរួម។
 
អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា នេះ គឺឧបសគ្គ ក្នុងការផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ប្រទេសផ្សេងទៀត។ ដើម្បីឲ្យការផ្សព្វផ្សាយ ក្នុងប្រទេសជាសមាជិក និងបរទេសផ្សេងទៀតបានរីកចម្រើន លោក វ៉ាត់ ចំរើន និយាយថា កម្ពុជា ជាម្ចាស់ដើមក្បាច់គុន ត្រូវបង្កើតទំនក់ចិត្ត និងការជឿជាក់
 
«នេះ គឺជាឧបសគ្គ។ យើង ធ្វើនេះ គឺដើម្បីផ្សព្វផ្សាយទៅសមាជិក យើងទាំងអស់ហើយឲ្យសមាជិកទាំងអស់ គាត់ផ្សព្វផ្សាយទៅប្រទេសគាត់ ទៅរដ្ឋាភិបាលគាត់ និងកន្លែងគាត់ស្នាក់នៅ ប្រជាជនរបស់គាត់ថា យើង ឃើញរៀបចំបានល្អ ឃើញយើងរៀបចំមានសណ្ដាប់ធ្នាប់។ យើង មានការគ្រប់គ្រង តាមបែបអន្ដរជាតិត្រឹមត្រូវ។ អ៊ីចឹងឆ្នាំក្រោយ គេ ត្រូវខិតខំ ដើម្បីចូលរួម ហើយបានន័យថា ១ ឆ្នាំទៅ ១ឆ្នាំ វាចេះតែកើនឡើងហើយ តែយើងត្រូវថែរក្សានិរន្ដរភាព នៃការរៀបចំឲ្យបាន ដើម្បីជំរុញទឹកចិត្ត ឲ្យប្រទេសផ្សេងៗទៀត ដែលជាសមាជិក គាត់ ត្រៀមលក្ខណៈបានល្អ ហើយគាត់នឹងត្រៀមរៀបចំ ក្នុងការចូលរួមរបស់គាត់។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ ការប្រកួតជ្រើសរើសជើងឯកពិភពលោកនេះ គឺជាការរៀបចំមួយ ដើម្បីវាស់ស្ទង់សមត្ថភាព របស់ប្រទេសជាសមាជិកសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ ដែលស្រឡាញ់ និងលេងគុនខ្មែរ។ ការរៀបចំការប្រកួតគុនខ្មែរអន្ដរជាតិនេះ គឺក្រោមកិច្ចសហការរវាងសហព័ន្ធគុនខ្មែរអន្ដរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។
 
«សហព័ន្ធគុនខ្មែរជាតិរបស់យើង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរួមគ្នារៀបចំគុនខ្មែរជ្រើសជើងឯកពិភពលោក ឲ្យបានជារៀងរាល់ឆ្នាំ និងឲ្យមានប្រក្រតីភាព ព្រោះគោលបំណងសំខាន់ នៃក្នុងវិស័យកីឡា គឺការប្រកួតដោយទៀងទាត់ ជាប្រចាំ ទើបអាចថែរក្សា ការអភិរក័្ស និងអភិវឌ្ឍរបស់យើងបាន។ គុនខ្មែររបស់យើង គឺជាប្រភេទកីឡាដែរ រាជរដ្ឋាភិបាល ក៏ដូចជាមហាជន ប្រជាពលរដ្ឋទាំងអស់ ទូទាំងប្រទេស គាំទ្រ ថាជាកីឡាអត្ដសញ្ញាណជាតិ។ អ៊ីចឹង យើង ត្រូវរក្សាការរៀបចំការប្រកួតនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ឲ្យមានភាព ទៀងទាត់ ហើយរៀងរាល់ឆ្នាំ។ បើមិន ដូច្នេះទេ យើង នឹងបាត់បង់ជំនឿទុកចិត្ត របស់សមាជិក នៃគ្រប់ប្រទេសទាំងអស់ ដែលជិតជាង ៦០ប្រទេសទៅហើយ ជាសមាជិកគុនខ្មែរអន្ដរជាតិរបស់យើង នៅគ្រប់ទ្វីបទាំងអស់។ »។ លោក វ៉ាត់ ចំរើន បានប្រាប់ដូច្នេះ។
 
អគ្គលេខាធិការ NOCC បន្ថែមទៀតថា បច្ចុប្បន្ន ប្រទេសជាសមាជិកមួយចំនួន ចាប់អារម្មណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនេះ។ លោក វ៉ាត់ ចំរើន និយាយថា ជាយន្នការណ៍ប្រទេសជាសមាជិកទាំងអស់ មានសិទ្ធក្នុងការស្នើធ្វើជាម្ចាស់ផ្ទះ។ «ឥឡូវមានសមាជិកប្រទេសមួយចំនួន គេចង់រៀបចំ នៅប្រទេសគេដែរ។ ជាយន្នការណ៍ យើងជាម្ចាស់ នៃក្បាច់គុន យើងជាអ្នកគ្រប់គ្រង នៅលើពិភពលោកនេះ ចំពោះក្បាច់គុនរបស់យើង។ ចំពោះជើងឯកពិភពលោក ប្រទេសណា ក៏អាចសុំធ្វើជាម្ចាស់ផ្ទះ បានដែរ។ យើង មិនមែនធ្វើនៅតែប្រទេស យើងទេ គ្រាន់តែយើងចាប់ផ្ដើម ពីកម្ពុជាទៅ។»។ មន្ដ្រីជាន់ខ្ពស់ NOCC រូបនេះ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា នៅសៀមរាប។ កម្ពុជា ទទួលបានការចុះឈ្មោះពី ១៥ប្រទេសក្នុងការប្រកួតនេះ ដោយក្នុងនោះ មានមកពីតំបន់អឺរ៉ុប អាស៊ី និងតំបន់អាស៊ាន ដោយសរុប កីឡាករ-កីឡាការិនីអន្ដរជាតិ ៦៥រូប និងកីឡាករ-កីឡាការិនីជាតិ ៥០នាក់។ ការប្រកួតរយៈពេល ៣ថ្ងៃនោះ គឺមាន ចន្លោះ២០ ទៅ ៣០គូ ក្នុង ១ថ្ងៃ៕

Tag:
 វ៉ាត់ ចំរើន
  ប្រដាល់
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com