កីឡាជាតិ
ជាតិ
អត្តពលិកបាល់ទាត់លើតុកកម្ពុជា ៣រូប នឹងចូលរួមប្រកួតជើងឯកពិភពលោក នៅថៃ
19, Nov 2023 , 9:59 am        
រូបភាព
ការប្រកួតកីឡាបាល់ទាត់លើតុ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រូបពីសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា
ការប្រកួតកីឡាបាល់ទាត់លើតុ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រូបពីសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា នឹងបញ្ជូនអត្ដពលិក ៣រូប ទៅប្រកួតជ្រើសជើងឯកពិភពលោក លើកទី៦ (6th World Teqball Championship 2023) ទីក្រុងបាងកក ប្រទេសថៃ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ នេះ ជាលើកទី១ ហើយដែលកីឡាបាល់ទាត់លើតុ កម្ពុជា បានចូលរួមក្នុងការប្រកួតកម្រិតពិភពលោក។



នេះ គឺជាលើកទី១ ហើយដែលប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាបាល់ទាត់លើតុ កម្រិតពិភពលោក ហើយក៏ជាលើកដំបូង សម្រាប់កម្ពុជា បន្ទាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ កម្ពុជា នឹងប្រកួតលើ ២វិញ្ញាសា គឺទាត់គូចម្រុះ និងទាត់ឯកត្តជនបុរស។ តាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់លើតុ កម្ពុជា បានត្រៀមប្រកួត ៥វិញ្ញាសា ប៉ុន្ដែវិញ្ញាសា ៣ផ្សេងទៀត គឺមិនត្រូវបានជាប់ទេ។
 
អត្ដពលិកកម្ពុជា ៣រូបនោះ មាន កីឡាករ រៀម សុខភីរម្យ ប្រកួតលើ វិញ្ញាសាឯកត្តជនបុរស, កីឡាករ ប៊ុន ធួនវិរៈ និងកីឡាការិនី ម៉ី ស្រីមាស ប្រកួតលើវិញ្ញាសាទាត់គូចម្រុះ។
 
នេះ គឺជាលើកទី១ សម្រាប់ព្រឹត្តិការណ៍ World Teqball Championship ធ្វើនៅប្រទេសក្នុងតំបន់អាស៊ី ដែលកន្លងមក ប្រទេសក្នុងតំបន់អឺរ៉ុប ធ្វើជាម្ចាស់ផ្ទះ។ ក្នុងការជ្រើសរើសប្រទេសថៃជាម្ចាស់ផ្ទះ ការប្រកួតនេះ លោក Viktor Huszár ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិ (International Federation of Teqball ឬ FITEQ) បាននិយាយថា ប្រទេសថៃ មានលក្ខណៈគ្រប់គ្រាន់ និងហេដ្ឋារចនាសម្ព័ន្ធកីឡា ដើម្បីរៀបកីឡានេះ។ នេះ បើយោងតាមរយៈការផ្សាយរបស់ FITEQ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ មានប្រទេសចូលរួមសរុបទាំងអស់ចំនួន៦០ ដោយមានអត្ដពលិក ប្រមាណជាង២២០នាក់។ ការប្រកួតនេះ ចែកចេញជាវិញ្ញាសាឯកត្តជនបុរស, ឯកត្តជននារី, វិញ្ញាសាទាត់គូបុរស, វិញ្ញាសាទាត់គូនារី និងវិញ្ញាសាទាត់គូចម្រុះ៕
 
 

Tag:
 បាលទាត់លើតុ
© រក្សាសិទ្ធិដោយ thmeythmey.com