អន្តរជាតិ
លោក Marcos ជួបជាមួយលោកស៊ីដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយភាពតានតឹងនៅ សមុទ្រចិនខាងត្បូង
19, Nov 2023 , 8:29 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង នាថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីស្វែងរកមធ្យោបាយ កាត់បន្ថយភាពតានតឹងនៅសមុទ្រ ចិនខាងត្បូង និងស្តារលទ្ធភាពរបស់អ្នកនេសាទហ្វីលីពីនទៅកាន់កន្លែងនេសាទ។

 
លោក Marcos បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក  APEC នៅសាន់ហ្វ្រាន់ស៊ីស្កូថា ហ្វីលីពីន និងចិនចាំបាច់ត្រូវបន្តទំនាក់ទំនង ដោយកិច្ចប្រជុំជាផ្នែកសំខាន់នៃដំណើរការដើម្បីរក្សាសន្តិភាព រក្សាផ្លូវសមុទ្របើកចំហ និងផ្លូវ អាកាសលើសមុទ្រចិនខាងត្បូង។
 
«យើងបានព្យាយាមបង្កើតយន្តការដើម្បីបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង»។ លោក Marcos លើកឡើងបែបនេះដោយមិនបានបរិយាលម្អិតឡើយ រួចបន្តថាលោកបានបង្ហាញ អំពីការព្រួយបារម្ភចំពោះឧប្បត្តិហេតុរវាងនាវាចិន និងហ្វីលីពីន រួមទាំងការប៉ះទង្គិចគ្នា និងព្រមទាំងទុក្ខលំបាករបស់អ្នកនេសាទហ្វីលីពីន។
 
ប្រធានាធិបតីហ្វីលីពីនរូបនេះបាន ស្នើសុំឱ្យប្រទេសទាំងពីរត្រលប់ទៅស្ថានភាពដែល អ្នកនេសាទចិន និងហ្វីលីពីនអាចនេសាទជាមួយគ្នានៅក្នុងដែនទឹកទាំងនេះ។ អ្នកនេសាទ ហ្វីលីពីនបានត្អូញត្អែរថាឆ្មាំឆ្នេរសមុទ្រចិននិងនាវាកងជីវពលដែនសមុទ្រកំពុងរារាំងពួកគេពីការនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខហ្វីលីពីនចម្ងាយ ២០០ ម៉ាយ។
 
ទន្ទឹមនេះ លោក Marcos សម្គាល់ថា លោក និងលោក ស៊ី បានព្រមព្រៀងគ្នាថា បញ្ហាភូមិសាស្ត្រនយោបាយមិនគួរជាកត្តាកំណត់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរនោះទេ។
 
គួររំលឹកថា ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០២២ លោក Marcos បានបន្តទំនាក់ ទំនងដ៏កក់ក្តៅជាមួយអាម៉េរិកដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាផ្ទុយពីជំហរគាំទ្រទីក្រុងប៉េកាំង របស់អ្នកកាន់តំណែងមុនរបស់លោក។ លោក Marcos បានផ្តល់សិទ្ធិឱ្យអាម៉េរិកចូលទៅ កាន់មូលដ្ឋានយោធារបស់ខ្លួនកាន់តែច្រើនរួមទាំងខេត្តដែលប្រឈមមុខនឹងសមុទ្រចិនខាង ត្បូង និងតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលទាក់ទាញការខឹងសម្បារពី ទីក្រុងប៉េកាំង៕

© រក្សាសិទ្ធិដោយ thmeythmey.com